Connect with us

ព័ត៌មានអន្ដរជាតិ

បក្សភឿថៃ សង្ឃឹមរកបាននាយករដ្ឋមន្ត្រីថ្មី និងបង្កើត “រដ្ឋាភិបាលប្រជាធិប​តេយ្យ” តាមការគ្រោងទុក

បានផុស

នៅ

ឥស្សរជនជាន់ខ្ពស់មួយរូបនៅក្នុងគណបក្សភឿថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃនឹងរកបាននាយករដ្ឋមន្ត្រីទី ៣០ និងបង្កើត “រដ្ឋាភិបាលប្រជាធិបតេយ្យ” តាមការគ្រោងទុកនៅក្នុងខែសីហា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Songkram Kitlertpairoj សមាជិកសភាបក្សរបស់បក្សភឿថៃ បានលើកឡើងថា គណបក្សរបស់លោក និងដៃគូផ្សេងទៀតនៅក្នុងក្រុមចម្រុះទាំង ៨ “គាំទ្រលទ្ធិប្រជាធិបតេយ្យ” ហើយពួកយើងក៏កំពុងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃនៅក្នុងខែសីហានេះផងដែរ ។

លោក Songkram បញ្ជាក់ថា “រឿងនេះនឹងអនុញ្ញាតឲ្យប្រទេសរបស់យើង បន្តដំណើរនាវាឆ្ពោះទៅមុខរកគោលដៅច្បាស់លាស់ បន្ទាប់ពីយើងមិនដឹងទៅកន្លែងណាអស់រយៈពេល ៩ ឆ្នាំមកនេះ ។ ខ្ញុំជឿថា រដ្ឋាភិបាលថ្មីដែលនឹងត្រូវបានបង្កើតឡើង នឹងទទួលបាននូវទំនុកចិត្តពីសហគមន៍អន្តរជាតិ ហើយវាក៏ជាការល្អសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសថៃផងដែរ” ។

លោក​ក៏​បន្ថែមផងដែរ​ថា រាល់គោលនយោបាយដែលបក្សភឿថៃដាក់ចេញរួមគ្នាជាមួយគណបក្សចម្រុះទាំង ៨ ក្នុង​ការ​បោះឆ្នោត​សកល​កាលពី​ថ្ងៃ​ទី១៤ ខែ​ឧសភា នឹង​ត្រូវ​អនុវត្ត​ដើម្បី​ភាព​ប្រសើរ​ឡើង​នៃ​សុខុមាលភាព​របស់​ប្រជាជន និង​វឌ្ឍនភាព​ប្រទេស ។

ទន្ទឹមនោះ លោក Songkram ក៏បាននិយាយសំដៅទៅដល់រដ្ឋបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ផងដែរថា ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ពិតជា​នឹងនាំ​ប្រជាជន​ថៃ​ឲ្យ​រួច​ផុត​ពី​ភាពក្រីក្រ​អស់រយៈពេលជាច្រើន​ឆ្នាំ ក្រោមការដឹកនាំរបស់​លោក ប្រាយុទ្ធ ។

គួរបញ្ជាក់ថា គណបក្សភឿថៃត្រៀមនឹងតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីជំនួសគណបក្សចលនាឆ្ពោះទៅមុខ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី បន្ទាប់ពីមេដឹកនាំ និងបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់គឺលោក Pita Limjaroenrat រងបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រភាគច្រើនពីសមាជិកសភាដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ ប្រធានសភា ថៃ ព្រមានសមាជិកសភាកុំលក់ឧត្តមគតិប្រឆាំងម្ចាស់ឆ្នោត និងប្រែខ្លួនទៅជា “ពស់វែក”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម