Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស ថៃ ចាប់ខ្លួនអ្នកលក់គ្រាប់កាំភ្លើងជើងចាស់វ័យ ៦៦ ឆ្នាំម្នាក់ រឹបអូស​បានជិត ៣២,០០០ គ្រាប់

បានផុស

នៅ

ប៉ូលីសក្រុងបាងកកនៅថ្ងៃអង្គារនេះបានចាប់ខ្លួនអតីតអ្នកលក់គ្រាប់កាំភ្លើងជើងចាស់មួយរូបក្រោមបទចោទប្រកាន់ លក់គ្រាប់កាំភ្លើងខុសច្បាប់តាមអនឡាញ ខណៈពេលចុះឃាត់ខ្លួននោះ កម្លាំងសមត្ថកិច្ចក៏បានរឹបអូសគ្រាប់កាំភ្លើងចំនួន ៣១,៨០០ គ្រាប់នៅឯផ្ទះរបស់ជនសង្ស័យក្នុងសង្កាត់ Klong Toey ។ នេះបើតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី៥ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក Theeradet Thumsuthee ស្នងការនគរបាលក្រុងបាងកកបានថ្លែងប្រាប់នៅថ្ងៃអង្គារថា កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ San Panjitkaeo វ័យ ៦៦ ឆ្នាំ អំឡុងពេលកំពុងផ្ញើគ្រាប់កាំភ្លើងដែលវេចខ្ចប់រួចហើយទៅឲ្យអ្នកទិញនៅឯប៉ុស្តិ៍ផ្ញើអីវ៉ាន់មួយកន្លែងលើវិថី Soi Pridi Banomyong 14 ក្នុងសង្កាត់ Watthana កាលពីថ្ងៃចន្ទ ទី៤ ខែកុម្ភៈ ។

ទន្ទឹមនោះ ប៉ូលិសក៏​បានចាប់​ឆែកឆេរ​រថយន្ត​ភីកអាប់​របស់ជនសង្ស័យ​ដែល​ចត​នៅ​ខាង​ក្រៅប៉ុស្តិ៍ផ្ញើអីវ៉ាន់នោះផងដែរ ហើយ​បាន​រក​ឃើញ​គ្រាប់កាំភ្លើង​ប្រហែល ២,៥០០ គ្រាប់​ទៀត ខណៈការ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ជា​បន្តបន្ទាប់​នៅ​ផ្លូវ Ekamai ​ក៏បានប្រទះឃើញ​គ្រាប់កាំភ្លើងប្រភេទផ្សេងៗគ្នា​ចំនួន ​៣១,៨០០ ​គ្រាប់​បន្ថែមទៀត ហើយ​ក្នុង​នោះ​មាន​គ្រាប់ប្រភេទ 22LR ​ចំនួន ​២១,១៥០ គ្រាប់ផងដែរ ។

បន្ទាប់ពីចាប់ឃាត់ខ្លួនរួចហើយ ជនសង្ស័យដែលមានឈ្មោះ San Panjitkaeo ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កាន់កាប់ និង​លក់​អាវុធ​ដោយ​ខុស​ច្បាប់ ខណៈជនសង្ស័យរូបនេះក៏បានសារភាពប្រាប់ប៉ូលិសផងដែរថា បន្ទាប់ពីបិទក្រុមហ៊ុនលក់គ្រឿងសំណង់ គាត់បានធ្វើការជាអ្នកលក់ឲ្យក្រុមអ្នកផ្គត់ផ្គង់គ្រាប់កាំភ្លើងអស់រយៈពេល ១ ឆ្នាំ ។

ក្រោយមកជនសង្ស័យបានបញ្ជាទិញគ្រាប់កាំភ្លើងពីប្រភពខុសច្បាប់ ហើយលក់ទៅឲ្យអតិថិជនដែលធ្វើការនៅក្រុមហ៊ុនចាស់របស់រូបគេ ខណៈការ​ប្រកបមុខ​របរ​ដែលសង្គមស្អប់ខ្ពើម​ក្នុងរយៈពេល ៧ ខែចុងក្រោយនេះ​ ជនសង្ស័យអះអាងថា កើបលុយបានជាង ១០ ម៉ឺនបាត (ជិត ២,៨០០ ដុល្លារ) ក្នុងមួយខែ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ប៉ូលិស ថៃ បង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមអនឡាញខ្នាតយក្ស រឹបអូស របស់ទ្រព្យមានតម្លៃជិត ៩ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម