Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះរឿង​អាស្រូវ​! ទាហានថៃ រង​ទារុណកម្ម​ខ្លាំងពេក គិតខ្លី​ចង់បញ្ចប់ជីវិត ដោយ​ផឹកទឹក​លាង​បង្គន់

បានផុស

នៅ

រឿងរ៉ាវ​ដ៏​រន្ធត់​មួយ ​បាន​កើតឡើង​នៅក្នុង​​​ជួរ​កងទ័ព​ថៃ បន្ទាប់ពី​ទាហាន​​ម្នាក់​ឈ្មោះ Phanuwat បាន​សម្រេចចិត្ត​ចេញមុខ​​​ទម្លាយ​ការពិត ទាំង​ទឹកភ្នែក និង​បាន​បង្ហាញ​វីដេអូ ព្រមទាំង​រូបថត​ស្នាមរបួស​ពេញ​ខ្លួន ដើម្បី​ជា​ភស្តុតាង​តបត​ទៅនឹង​មេកើយ ដែល​ព្យាយាម​បដិសេធ​ទទួលខុសត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តា​មការផ្សាយរបស់​សារព័ត៌មានថៃ Amarin នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២៦ ការ​ទម្លាយ​រឿង​នេះ បាន​ធ្វើឡើង​ក្រោម​ការ​ជួយជ្រោមជ្រែង​ពី​ Gun Jompalang ដែល​ជា​សកម្មជន​សង្គម​ល្បីឈ្មោះ ដោយ​បាន​នាំ​ជនរងគ្រោះ​ទៅ​ជួប​អ្នកសារព័ត៌មាន ដើម្បី​ទាមទារ​រក​យុត្តិធម៌។

ជនរងគ្រោះ​ បាន​រៀបរាប់​ទាំង​ឈឺចាប់​ថា ខ្លួន​ត្រូវ​បាន​ក្រុម​ទាហាន​រៀមច្បង និង​មេកង​ម្នាក់ ដាស់​ឱ្យ​ក្រោក​ឡើង​ទាំង​កណ្តាលអធ្រាត្រ រួច​បង្ខំ​ឱ្យ​វារ​ទៅលើ​ដី​ដោយ​យក​ដៃ​ខ្វែង​ទៅ​ខាងក្រោយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកនោះ​បាន​យក​ខ្សែក្រវាត់​វាយ​ដំ​លើ​រូបលោក ថែមទាំង​យក​ស្ព្រាយ៍​បាញ់​ ហើយ​ដុត​ភ្លើង​លាប​លើ​រាងកាយ ជាពិសេស​នៅ​ត្រង់​ផ្នែក​ខាងក្រោម រហូត​បង្កើត​ជា​មុខរបួស​រលាក​ខ្លាំង។ ទោះបីជា​មាន​របួស​ពេញ​ខ្លួន​យ៉ាងណា​ក៏ដោយ ក៏​លោក​នៅតែ​ត្រូវ​គេ​បង្ខំ​ឱ្យ​ទៅ​ធ្វើការ​ធ្ងន់ៗ​បន្ត​ទៀត ដែល​ធ្វើឱ្យ​លោក​មាន​សម្ពាធ​ផ្លូវចិត្ត​ខ្លាំង រហូត​ដល់​ថ្នាក់​ធ្លាប់​គិត​ខ្លី​ផឹក​ទឹក​លាង​បង្គន់ ដើម្បី​បញ្ចប់​ជីវិត​រត់គេច​ពី​បញ្ហា​ទាំងនេះ​ទៀត​ផង។

អ្វីដែល​កាន់តែ​ខ្លោចចិត្ត​នោះ គឺ​ទាហាន​រងគ្រោះ​រូបនេះ គឺជា​ឪពុក​ទោល ដែល​ត្រូវ​ចិញ្ចឹមកូន​ប្រុស​អាយុ ៣ឆ្នាំ​ម្នាក់ឯង បន្ទាប់ពី​បែកបាក់​ជាមួយ​ភរិយា​ មុន​ពេល​ចូល​បំពេញ​កាតព្វកិច្ច​យោធា។ កូនប្រុស​តូច​របស់​លោក មាន​ជំងឺ​បេះដូង​ខុសធម្មតា និង​កំពុងតែ​ត្រៀម​ខ្លួន​ចូល​វះកាត់ ដោយ​បច្ចុប្បន្ន​មាន​តែ​ម្តាយ​ជរា​របស់​លោក​ម្នាក់ឯង​ប៉ុណ្ណោះ​ជា​អ្នកមើលថែ​ជំនួស។ បញ្ហា​គ្រួសារ​ផង និង​ការ​ធ្វើបាប​ក្នុង​បន្ទាយ​ផង បាន​ធ្វើឱ្យ​លោក​ធ្លាក់ខ្លួន​មាន​ជំងឺ​បាក់ទឹកចិត្ត និង​ត្រូវ​លេបថ្នាំ​ជាប្រចាំ។

មេកងរបស់ Phanuwat ​កាលពី​ដំបូងឡើយ ​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់ ដោយ​អះអាង​​ថា ទាហាន​រូបនេះ​និយាយ​កុហក បង្កើត​រឿង​ដើម្បី​ដោះសារ ​ព្រោះតែ​ខ្លួន​បាន​លួច​រត់​ចេញពី​បន្ទាយ។ មេកង​រូបនោះ​ បាន​ទទូច​ទាំង​ជឿជាក់​ថា រឿង​បែបនេះ​មិនបាន​កើតឡើង​នៅក្នុង​កងពល​របស់​ខ្លួនទេ។ ប៉ុន្តែ បន្ទាប់ពី​ Gun Jompalang បញ្ជូន​វីដេអូ និង​ភស្តុតាង​ជាក់ស្តែង​ទៅឱ្យ បន្តិច​ក្រោយមក មេកង​រូបនោះ​ក៏បាន​ផ្ញើសារ​ត្រឡប់មកវិញ ដោយ​ព្រម​ទទួលស្គាល់​ការពិត​ទាំង​អៀនខ្មាស និង​បាន​សុំទោស​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង។

ចំណែកឯ​ខាង​កងទ័ពជើងទឹកថៃ ក៏បាន​ចេញមុខ​បញ្ជា​ឱ្យ​ពិនិត្យ​មើល​ករណី​នេះ​ភ្លាមៗ និង​បាន​ប្រកាស​ថា ខ្លួន​មិន​គាំទ្រ​រាល់​ទម្រង់​នៃ​អំពើហិង្សា​នៅក្នុង​បន្ទាយ​យោធា​ដាច់ខាត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម