ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនមន្ត្រីក្រៅផ្លូវការចូលរួមពិធីស្បថឡើងកាន់តំណែងប្រធានាធិបតីថ្មី តៃវ៉ាន់ និងសង្ឃឹមថា ចិន មិនក្ដៅក្រហាយ
សេតវិមានបានប្រកាសថានឹងបញ្ជូនគណៈប្រតិភូក្រៅផ្លូវការមួយក្រុមទៅកាន់តៃវ៉ាន់នាចុងសប្ដាហ៍នេះដើម្បីចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Lai Ching-te ជាប្រធានាធិបតីថ្មីនាថ្ងៃទី២០ ខែឧសភានេះ ខណៈរដ្ឋបាលលោក Joe Biden ជឿជាក់ថា សកម្មភាពបែបនេះនឹងមិនទាញឲ្យចិនក្ដៅស្លឹកត្រចៀក ឬចេញការឆ្លើយតបហួសហេតុណាមួយឡើយ ។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថា គណៈប្រភិភូក្រៅផ្លូវការដែលអាមេរិកត្រៀមបញ្ជូនមកកាន់កោះតៃវ៉ាន់មានចំនួន ៣ រូបដូចជា លោក Brian Deese ធ្លាប់ជានាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោក Richard Armitage អតីតអនុរដ្ឋលេខាធិការក្រោមប្រធានាធិបតីលោក George W. Bush និងលោកស្រី Laura Rosenberger ប្រធានវិទ្យាស្ថានអាមេរិកប្រចាំនៅតៃវ៉ាន់ ។
មន្ត្រីជាន់ខ្ពស់សេតវិមានដែលសុំនិយាយមិនបញ្ចេញឈ្មោះបានឲ្យដឹងថា “សកម្មភាពបញ្ជូនគណៈប្រតិភូក្រៅផ្លូវការទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក Lai Ching-te ជាប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ គឺស្របតាមការអនុវត្តរបស់សហរដ្ឋអាមេរិកជាយូរយារណាស់មកហើយ” ។

មន្ត្រីដដែលបានបញ្ជាក់ទៀតថា គណៈប្រតិភូអាមេរិកនឹងនៅក្នុងទីក្រុងតៃប៉ិគឺដើម្បីតំណាងឲ្យប្រជាជនអាមេរិក ដោយសារតែតៃវ៉ាន់គឺជាគំរូសម្រាប់លទ្ធិប្រជាធិបតេយ្យមិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកលផងដែរ ហើយរដ្ឋបាលលោក Biden រំពឹងថា ចិននឹងមិនខកចិត្ត ហើយក៏មិនបញ្ចេញកំហឹងលើសលួសណាមួយនោះដែរ ខណៈប្រទេសទាំងពីរព្យាយាមរក្សាទំនាក់ទំនងឲ្យមានស្ថិរភាព ។
ទោះយ៉ាងណា វាមិនទាន់ច្បាស់នៅឡើយទេថាតើចិននឹងឆ្លើយតបយ៉ាងដូចម្តេចចំពោះវត្តមានគណៈប្រតិភូក្រៅផ្លូវការរបស់អាមេរិកនៅក្នុងពិធីសម្ពោធឡើងកាន់តំណែងរបស់លោក Lai Ching-te ប៉ុន្តែទីក្រុងប៉េកាំងនឹងក្លាយជាអ្នកបង្កហេតុ ប្រសិនបើជ្រើសរើសការឆ្លើយតបដោយប្រើកម្លាំងយោធា និងការសម្លុតគំរាមធ្ងន់ធ្ងរណាមួយនោះ ។

ជាថ្មីម្ដងទៀត ចិននៅតែចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានម្តងហើយម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនមិនគួរជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តៃវ៉ាន់នោះទេ ព្រោះវាជាផលប្រយោជន៍ស្នូលសម្រាប់ប្រទេសចិន រួមទាំងជាបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី ហើយចាត់ទុកការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់ជាការបង្កហេតុ ។
គួរបញ្ជាក់ថា លោក Lai Ching-te បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ហើយលោកនឹងស្បថចូលកាន់តំណែងជំនួសប្រធានាធិបតីផុតអាណត្តិ Tsai Ing-wen នាថ្ងៃទី២០ ខែឧសភា ខណៈមេដឹកនាំមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ (DPP) រូបនេះត្រូវចិនចាត់ទុកជាអ្នកបំផ្លាញសន្តិភាព និងជាមនុស្សគ្រោះថ្នាក់ ដោយសារតែគោលនយោបាយយកអាមេរិកជាខ្នងបង្អែកការពារច្រកសមុទ្រតៃវ៉ាន់ដែលកំពុងមានជម្លោះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើលោក ពូទីន ធ្លាប់អញ្ជើញទៅ ចិន ប៉ុន្មានលើកហើយ ពេលណាដែល ពិភពលោកចងចាំមិនភ្លេច?
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


