Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ថា ការលក់អាវុធរបស់អាមេរិក ជាគ្រឹះសន្តិភាព និងមានច្បាប់កំណត់ច្បាស់លាស់

បានផុស

នៅ

បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកមិនទាន់សម្រេចចិត្តថា នឹងបន្តលក់អាវុធឱ្យកោះតៃវ៉ាន់ទៀត ឬយ៉ាងណានោះ មន្ត្រីការបរទេសជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បានចេញមុខមកសង្កត់ធ្ងន់ភ្លាមៗនៅថ្ងៃទី១៦ ខែឧសភា នេះ ថា ការលក់អាវុធរបស់អាមេរិកមកឱ្យតៃវ៉ាន់ គឺជារឿងច្បាប់ ដែលត្រូវបានចែងយ៉ាងច្បាស់លាស់ នៅក្នុងច្បាប់របស់សហរដ្ឋអាមេរិក ហើយវាក៏ជាគ្រឹះដ៏សំខាន់បំផុតមិនអាចខ្វះបាន ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ REUTERS ទោះបីជាមិនមានទំនាក់ទំនងការបរទេស ជាផ្លូវការជាមួយគ្នាក៏ដោយ ក៏សហរដ្ឋអាមេរិក នៅតែជាអ្នកកាង និងជាបង្អែកអន្តរជាតិដ៏សំខាន់បំផុត សម្រាប់កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ខណៈដែលប្រទេសចិនតែងតែទាមទារថា កោះនេះជាដែនដីរបស់ខ្លួន។ តាមពិតទៅ ទីក្រុងវ៉ាស៊ីនតោន មានកាតព្វកិច្ចច្បាប់នៅក្រោម «ច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act)» ក្នុងការផ្គត់ផ្គង់អាវុធការពារខ្លួនឱ្យទៅកោះមួយនេះ។ ប៉ុន្តែ អ្វីៗបានប្រែជាស្រពិចស្រពិល បន្ទាប់ពីលោក ត្រាំ បានបញ្ចប់ជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៥ ខែឧសភា ដោយលោកបានថ្លែងថា លោកមិនទាន់សម្រេចចិត្តថា នឹងបន្តកិច្ចព្រមព្រៀងលក់កញ្ចប់អាវុធធំមួយទៅឱ្យតៃវ៉ាន់ឡើយ ដែលរឿងនេះបានធ្វើឱ្យគេមានការសង្ស័យជាខ្លាំង អំពីជំហរគាំទ្ររបស់អាមេរិក។

ឆ្លើយតបនឹងការលើកឡើងនេះ លោក Chen Ming-chi អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងទីក្រុងតៃប៉ិថា ការលក់អាវុធរវាងតៃវ៉ាន់ និងអាមេរិក គឺជាអ្វីដែលត្រូវបានធានាយ៉ាងរឹងមាំ នៅក្រោមច្បាប់របស់អាមេរិកផ្ទាល់។ លោកបានបន្តថា ទំនាក់ទំនងលក់ដូរអាវុធនេះ គឺតែងតែជាសសរទ្រូងនៃសន្តិភាព និងស្ថិរភាពក្នុងតំបន់ជានិច្ច។ គួររំលឹកថា កាលពីខែធ្នូកន្លងទៅ រដ្ឋបាលរបស់លោក ត្រាំ បានអនុម័តកញ្ចប់លក់អាវុធ ក្នុងតម្លៃបំបែកកំណត់ត្រារហូតដល់ទៅ ១១ប៊ីលានដុល្លារអាមេរិករួចទៅហើយ ហើយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា មានកញ្ចប់ទីពីរមួយទៀត ដែលមានតម្លៃប្រហែល ១៤ប៊ីលានដុល្លារ កំពុងតែរង់ចាំការអនុម័តចុងក្រោយពីលោក ត្រាំ ផងដែរ។ ប៉ុន្តែ លោក Chen មិនបាន​ធ្វើអត្ថាធិប្បាយលម្អិតជុំវិញកញ្ចប់ទីពីរនេះទេ ដោយសារវាមិនទាន់ត្រូវបានប្រកាសជាផ្លូវការ ដោយលោកគ្រាន់តែបញ្ជាក់ថា តៃវ៉ាន់ នឹងបន្តជជែកពិភាក្សា និងស្វែងយល់ពីស្ថានភាពជាក់ស្តែងពីខាងភាគីអាមេរិកបន្ថែមទៀត។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅក្នុងការផ្តល់បទសម្ភាសន៍របស់លោក ត្រាំ ក្រោយជំនួបជាមួយលោក ស៊ី ជីនភីង លោកហាក់ដូចជាបានបង្ហើបថា លោកនឹងជជែកពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) អំពីការស្នើសុំទិញអាវុធនេះ ដោយលោក ត្រាំ បាននិយាយថា លោកត្រូវតែជជែកជាមួយអ្នក ដែលកំពុងដឹកនាំតៃវ៉ាន់។ នៅពេលដែលក្រុមអ្នកកាសែតសួរដេញដោលអំពីលទ្ធភាពនៃការជជែកគ្នានេះ លោក Chen បានឆ្លើយតបដោយប្រុងប្រយ័ត្នថា ខាងភាគីតៃវ៉ាន់នៅតែត្រូវព្យាយាមសិក្សាស្វែងយល់ពី «បំណងពិតប្រាកដ» នៃសម្តីរបស់លោក ត្រាំ ឱ្យបានច្បាស់លាស់ជាមុនសិន។

រហូតមកទល់ពេលនេះ ប្រទេសចិន មិនដែលបោះបង់ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងតៃវ៉ាន់នោះឡើយ ហើយទីក្រុងប៉េកាំង តែងតែបដិសេធរាល់ការសុំចរចាសន្តិភាពជាច្រើនលើកច្រើនសារ ពីសំណាក់លោកប្រធានាធិបតី ឡៃ ឈីងតេ ដោយចោទប្រកាន់រូបលោកថាជា «ជនអបគមន៍» ឬអ្នកចង់បំបែករដ្ឋ។ លោកអនុរដ្ឋមន្ត្រីការបរទេស Chen Ming-chi បានសង្កត់ធ្ងន់យ៉ាងម៉ាត់ៗ ដើម្បីបញ្ចប់ការសង្ស័យទាំងឡាយថា សាធារណរដ្ឋចិន ដែលជាឈ្មោះផ្លូវការរបស់តៃវ៉ាន់ គឺជា «ប្រទេសមួយដែលមានអធិបតេយ្យភាព និងឯករាជ្យពេញលេញ» ហើយមានតែប្រជាជនតៃវ៉ាន់ទាំង ២៣លាននាក់ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចចិត្តលើវាសនានិងអនាគតរបស់ខ្លួនឯងបាន តាមរយៈប្រព័ន្ធប្រជាធិបតេយ្យ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម