ព័ត៌មានអន្ដរជាតិ
អេហ្ស៊ីប គំរាមឈប់ធ្វើជាអ្នកសម្របសម្រួលបទឈប់បាញ់នៅហ្គាហ្សា
រដ្ឋាភិបាលក្រុងគែរ បានគំរាមដកខ្លួនចេញក្នុងនាមជាអ្នកសម្របសម្រួលការចរចាបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ក្រោយពីសារព័ត៌មាន CNN រាយការណ៍ថា ចារកម្មអេហ្ស៊ីបបានផ្លាស់ប្ដូរលក្ខខណ្ឌនៃសំណើបទឈប់បាញ់ កាលពីពេលថ្មីៗ និងបានធ្វើឲ្យខូចដល់កិច្ចព្រមព្រៀងគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

លោក Diaa Rashwan ប្រធានទីភ្នាក់ងារព័ត៌មានរដ្ឋអេហ្ស៊ីប បានបង្ហោះសារនៅលើបណ្ដាញសង្គមថា “ការប៉ុនប៉ងដើម្បីទម្លាក់ការសង្ស័យ និងការធ្វើឲ្យខូចខាតដល់កិច្ចប្រឹងប្រែងសម្របសម្រួលរបស់អេហ្ស៊ីប នឹងនាំមកនូវភាពស្មុគស្មាញបន្ថែមទៀតសម្រាប់ស្ថានភាពនៅហ្គាហ្សា និងតំបន់ទាំងមូល ហើយជំរុញឲ្យអេហ្ស៊ីបអាចដកខ្លួនទាំងស្រុងពីការសម្របសម្រួលរបស់ខ្លួននៅក្នុងជម្លោះបច្ចុប្បន្ន”។
កាលពីថ្ងៃទី២១កន្លងទៅ សារព័ត៌មាន CNN បានចុះផ្សាយថា ចារកម្មអេហ្ស៊ីបបានផ្លាស់ប្ដូរលក្ខខណ្ឌនៃសំណើបទឈប់បាញ់ ដែលអ៊ីស្រាអ៊ែលបានយល់ព្រមកាលពីដើមខែឧសភា។ CNN បានបន្តថា នៅពេលក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃទី៦ ថា ខ្លួននឹងទទួលយកកិច្ចព្រមព្រៀង វាស្រាប់តែលេចចេញជាសំណើផ្សេងដែលមិនមែនអ្នកសម្របសម្រួលពីសហរដ្ឋអាមេរិក និងប្រទេសកាតា ធ្លាប់ដាក់ឲ្យក្រុមហាម៉ាសយកទៅពិចារណានោះទេ។
សារព័ត៌មានអាមេរិកមួយនេះ បានរៀបរាប់ទៀតថា ការផ្លាស់ប្ដូរដែលធ្វើដោយចារកម្មអេហ្ស៊ីប បានបញ្ឆេះជាភ្លើងកំហឹង និងបង្កជាការចោទប្រកាន់គ្នាទៅវិញទៅមករវាងមន្ត្រីអាមេរិក អ៊ីស្រាអ៊ែល និងកាតា ព្រមទាំងភាពជាប់គាំងនៃកិច្ចចរចា។

ជាការឆ្លើយតប លោក Rashwan បាននិយាយថា ការចូលរួមរបស់អេហ្ស៊ីប ធ្វើឡើងតាមការទទូច និងសំណើម្ដងហើយម្ដងទៀតពីភាគីអ៊ីស្រាអ៊ែល និងអាមេរិកនោះទេ តែលុះមកដល់ពេលឥលូវបែរជាភាគីមួយចំនួនបានដាក់ការស្ដីបន្ទោសទៅលើអ្នកសម្របសម្រួលអាហ្ស៊ីប និងកាតា រួមទាំងការចោទប្រកាន់ថា ពួកគេមានភាពលម្អៀងទៅវិញ។
សូមបញ្ជាក់ថា ភាពតានតឹងបានចាប់ផ្ដើមកើនឡើងរវាងអេហ្ស៊ីប និងអ៊ីស្រាអ៊ែល នៅជុំវិញប្រតិបត្តិការយោធារបស់រដ្ឋធានីយេរ៉ូសាឡឹម ក្នុងទីក្រុង Rafah នៃភាគខាងត្បូងតំបន់ហ្គាហ្សា ដែលស្ថិតជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប។
ចាប់តាំងពីសង្គ្រាមអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន អេហ្ស៊ីបតែងបង្ហាញពីក្ដីព្រួយបារម្ភជុំវិញយុទ្ធនាការរបស់អ៊ីស្រាអ៊ែលថា នឹងអាចរុញច្រានឲ្យអ្នកស្រុកប៉ាឡេស្ទីនឆ្លងកាត់ព្រំប្រទល់ ដែលខ្លួនបានព្យាយាមពង្រឹងសន្តិសុខ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


