Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលអនុម័តច្បាប់ប្រហារជីវិត ចំពោះជនជាតិប៉ាឡេស្ទីនដែលជាប់ចោទពីបទភេរវកម្ម

បានផុស

នៅ

រឿងរ៉ាវដ៏ក្តៅគគុកមួយបានកើតឡើងនៅក្នុងសភាប្រទេសអ៊ីស្រាអែល នៅពេលដែលសមាជិកសភាបានបោះឆ្នោតគាំទ្រ​ឲ្យ​មានការប្រើប្រាស់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនណាដែលត្រូវបានតុលាការកាត់ទោសពីបទភេរវកម្ម។

រដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben Gvir អបអរសាទរការអនុម័តច្បាប់ប្រហារ​ជីវិត (រូបថត៖ Flash90)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម BBC ចុះ​ផ្សាយ​ថ្ងៃទី​៣១​ខែ​មីនា​ឆ្នាំ​២០២៦ ច្បាប់ថ្មី​ទើប​អនុម័ត​នេះតម្រូវ​ឲ្យ​ជនជាប់ចោទត្រូវទទួលទោសដោយការព្យួរកក្នុងកំឡុងពេលពី​៣​​ទៅ​៦​ខែ បន្ទាប់ពីការកាត់ទោសបានបញ្ចប់ជាស្ថាពរ។ ការសម្រេចចិត្តនេះទទួលបានសំឡេង​គាំទ្រ៦២​ទល់នឹង​៤៨ ហើយក៏មានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ផងដែរ។

នៅខាងភាគីរដ្ឋាភិបាល ជាពិសេសរដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben Gvir ដែលជាអ្នកជំរុញច្បាប់នេះ បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំងដោយចាត់ទុកថា នេះគឺជាការសម្រេចតាមសន្យាដែលបានផ្តល់ជូនប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះបានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសបំផុត ដោយសារវាផ្ដោតសំខាន់ទៅលើតែការវាយប្រហារណាដែលមានបំណងចង់លុបបំបាត់រដ្ឋអ៊ីស្រាអែល ដែលចំណុចនេះហើយដែលធ្វើ​ឲ្យ​អ្នករិះគន់យល់ថា វាហាក់ដូចជាបង្កើតឡើងដើម្បីដាក់ទោសតែជនជាតិប៉ាឡេស្ទីន ប៉ុន្តែមិនបានរាប់បញ្ចូលជនជាតិអ៊ីស្រាអែលឡើយ ប្រសិនបើពួកគេបង្កកំហុសស្រដៀងគ្នានេះ។

លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុង​កិច្ចប្រជុំពេញអង្គរបស់សភា​អ៊ីស្រាអែល​ (រូបថត៖ Flash90)

ក្រៅពីការជជែកដេញដោលនៅក្នុងស្រុក បណ្តាប្រទេសនៅអឺរ៉ុប និងក្រុមសិទ្ធិមនុស្សនានាបានចេញមុខមកព្រមានថា ច្បាប់នេះគឺជាការរើសអើង និងកំពុងធ្វើឲ្យ​ប៉ះពាល់ដល់តម្លៃនៃលទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។ សូម្បីតែមេដឹកនាំបក្សប្រឆាំងនៅក្នុងប្រទេសអ៊ីស្រាអែលផ្ទាល់ ក៏បានរិះគន់ដែរថា ច្បាប់នេះគ្រាន់តែជាល្បិចកលនយោបាយដើម្បីយកចិត្តអ្នកគាំទ្រតែប៉ុណ្ណោះ ហើយវាមិនបានជួយពង្រឹងសន្តិសុខជាតិ​​ឲ្យ​បានប្រសើរជាងមុននោះឡើយ។

ខណៈពេលដែលក្រុមហាម៉ាស និងអាជ្ញាធរប៉ាឡេស្ទីនបានថ្កោលទោសថា នេះគឺជាការធ្វើ​ឲ្យ​ការសម្លាប់មនុស្សក្លាយជារឿងស្របច្បាប់ សមាគមសិទ្ធិស៊ីវិលនៅក្នុងប្រទេសអ៊ីស្រាអែលក៏មិនបាននៅស្ងៀមដែរ។ ពួកគេបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលភ្លាមៗ ដើម្បីតវ៉ាថាច្បាប់នេះគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងមិនមានអំណាចផ្លូវច្បាប់ទៅលើប្រជាជនដែលរស់នៅក្នុងតំបន់ West Bank នោះទេ។ ស្ថានភាពនេះកំពុងធ្វើ​ឲ្យ​បរិយាកាសនយោបាយ និងសន្តិសុខនៅក្នុងតំបន់កាន់តែមានភាពតានតឹងខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម