Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិថៃ៧១នាក់ ចូលធ្វើទាហានឲ្យអ៊ីស្រាអែល ប្រយុទ្ធក្នុងសង្គ្រាមនៅ ហ្គាហ្សា

បានផុស

នៅ

យោងតាមអត្ថបទដែលចេញផ្សាយដោយ CNA កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈ បានបង្ហាញយ៉ាងច្បាស់អំពីតួលេខបុគ្គលដែលចូលធ្វើទាហានឲ្យអ៊ីស្រាអែល ក្នុងសង្គ្រាមនៅហ្គាហ្សា ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺថា ក្នុងនោះក៏មានជនជាតិថៃច្រើននាក់ផងដែរ។

(រូប៖ Reuters)

CNA បានដកស្រង់ទិន្នន័យរបស់អង្គការក្រៅរដ្ឋាភិបាលអ៊ីស្រាអែល Hatzlacha ដែលលាតត្រដាងថា បុគ្គលជិត២០០នាក់មកពីតំបន់អាស៊ីអាគ្នេយ៍ គឺស្ថិតក្នុងចំណោមទាហានជាង ៥០ ០០០នាក់ ក្នុងជួរកងទ័ពអ៊ីស្រាអែល ដែលកាន់លិខិតឆ្លងដែនលើសពីមួយ។

បើនិយាយត្រឹមក្របខ័ណ្ឌអាស៊ីអាគ្នយ៍, គិតត្រឹមខែមីនាឆ្នាំ២០២៥ ជនជាតិហ្វីលីពីនដែលចូលធ្វើទាហានឲ្យអ៊ីស្រាអែលគឺមានច្រើនជាងគេ រហូតដល់ទៅ១១១នាក់ បន្ទាប់មកគឺថៃ មាន៧១នាក់, វៀតណាម៤នាក់, សិង្ហបុរី២នាក់ និងឥណ្ឌូណេស៊ីម្នាក់។

(រូប៖ Reuters)

ជុំវិញរឿងនេះ ក្រសួងការបរទេសថៃ បានប្រាប់ CNA ថា ខ្លួនមិនមានរក្សាទុកនូវទិន្នន័យនៃបុគ្គលដែលមានសញ្ជាតិពីរឡើយ។ ទិន្នន័យចុះបញ្ជីរដ្ឋប្បវេណី គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ការិយាល័យរដ្ឋបាលចុះបញ្ជី នៃក្រសួងមហាផ្ទៃឯណោះទេ។

ចំណែកបើនិយាយសរុបជារួមវិញ អ្នកមានសញ្ជាតិអាមេរិកដែលចូលធ្វើទាហានឲ្យអីស្រាអែល មានច្រើនជាងគេ ពោលគឺក្នុងចំណោមពួកគេ មានអ្នកកាន់សញ្ជាតិឌុប (អ៊ីស្រាអែល-អាមេរិក) ១២ ១៣៥នាក់ ខណៈ ១ ២០៧ នាក់ផ្សេងទៀត កាន់លិខិតឆ្លងដែនយ៉ាងតិចមួយទៀត (សញ្ជាតិទីបី)»។

(រូប៖ Reuters)

នៅអ៊ីស្រាអែល ការចូលបម្រើកងទ័ពគឺជាកាតព្វកិច្ចច្បាប់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ទាំងប្រុសទាំងស្រី។ ដូច្នេះ ជនជាតិណាដែលមានសញ្ជាតិអ៊ីស្រាអែល គឺត្រូវតែចូលបម្រើទ័ព ចៀសមិនរួចឡើយ។

សូមជម្រាបជាថ្មី អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស បើកការវាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល នៅថ្ងៃទី៧ខែតុលា ឆ្នាំ ២០២៣ ដែលសម្លាប់មនុស្សប្រហែល ១ ២០០ នាក់ និងចាប់ខ្លួន ២៥១ នាក់ធ្វើជាចំណាប់ខ្មាំង។

ដោយឡែក បើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា, គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្គាហ្សា ចាប់តាំងពីការចាប់ផ្ដើមនៃជម្លោះកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣មក បានកើនឡើងដល់ ៧២ ០៦៩ នាក់ ខណៈ ១៧១ ៧២៨ នាក់ផ្សេងទៀតរងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម