Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋនៅហ្គាហ្សា បានបោះឆ្នោតជាលើកដំបូង ក្នុងរយៈពេល ២០ឆ្នាំ

បានផុស

នៅ

បន្ទាប់ពីបានរង់ចាំអស់រយៈពេលយ៉ាងយូរ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងតំបន់វេសប៊ែង (West Bank) បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងផុសផុល។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយរបស់ UPI នាថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ វាគឺជាលើកដំបូងបំផុតក្នុងរយៈពេល ២០ឆ្នាំ ដែលការបោះឆ្នោតត្រូវបានរៀបចំឡើងនៅក្នុងតំបន់ហ្គាហ្សា ជាពិសេសនៅទីក្រុង Deir al-Balah ដែលជាតំបន់​រង​ការបំផ្លិចបំផ្លាញខ្លាំង​បំផុត បន្ទាប់ពីឆ្លងកាត់ការវាយប្រហារតាមអាកាសពីសំណាក់អ៊ីស្រាអែលអស់រយៈពេល ២ឆ្នាំ។

ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរប៉ាឡេស្ទីន ដោយមានលក្ខខណ្ឌតម្រូវឲ្យបេក្ខជនទាំងអស់ត្រូវយល់ព្រមតាមគោលការណ៍របស់ អង្គការរំដោះប៉ាឡេស្ទីន (PLO) ក្នុងការទទួលស្គាល់រដ្ឋអ៊ីស្រាអែល និងគាំទ្រដំណោះស្រាយរដ្ឋពីរទន្ទឹមគ្នា។ ចំណែកឯក្រុមហាម៉ាសវិញ មិនត្រូវបានអនុញ្ញាតឲ្យ​ចូលរួមក្នុងការបោះឆ្នោតនេះឡើយ បើទោះបីជាពួកគេធ្លាប់បានគ្រប់គ្រងតំបន់ហ្គាហ្សានេះអស់រយៈពេលជាង ២ទសវត្សរ៍ និងមិនដែលរៀបចំឲ្យមានការបោះឆ្នោតទាល់តែសោះចាប់តាំងពីឆ្នាំ២០០៦ មក។

បរិយាកាសនៃការបោះឆ្នោត ត្រូវបានពលរដ្ឋចាត់ទុកថាជា «ការអបអរសាទរលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដ»។ លោក Salama Badwan ដែលបានទៅបោះឆ្នោតជាមួយភរិយា និងកូនស្រី បានបង្ហាញក្ដីរំភើបថា ការផ្លាស់ប្តូរគ្រប់យ៉ាងត្រូវតែធ្វើឡើងតាមរយៈហិបឆ្នោត ហើយអ្នកដែលឈ្នះត្រូវតែទទួលបានសិទ្ធិដឹកនាំ តាមរយៈដៃរបស់ប្រជាជនផ្ទាល់ មិនមែនតាមរយៈការបន្តពូជពង្សនោះទេ។ ទោះបីជាមានពលរដ្ឋប្រហែលតែ ៥ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនហ្គាហ្សាសរុបដែលបានចូលរួម ដោយសារទីតាំងបោះឆ្នោត និងសម្ភារៈជាច្រើនត្រូវបានបំផ្លាញក្នុងសង្គ្រាម ប៉ុន្តែនេះគឺជាជំហានដ៏សំខាន់មួយ។

នៅក្នុងការបោះឆ្នោតនេះ គណបក្សហ្វាតាហ៍ (Fatah) របស់អាជ្ញាធរប៉ាឡេស្ទីន គឺជាអ្នកនាំមុខគេនៅក្នុងបញ្ជីបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាក្រុង និងភូមិជាច្រើន។ ជាមួយគ្នានេះដែរ ក្រុមហាម៉ាសក៏បានសម្តែងការគាំទ្រចំពោះការបោះឆ្នោតនៅហ្គាហ្សានេះ ហើយសង្ឃឹមថា តំបន់ដទៃទៀតនឹងមានឱកាសជ្រើសរើសមេដឹកនាំដោយខ្លួនឯងបែបនេះដែរ បើទោះបីជាកាលពីអតីតកាល ពួកគេធ្លាប់បានប្រើកម្លាំងបណ្តេញក្រុមហ្វាតាហ៍ចេញពីតំបន់ហ្គាហ្សាក៏ដោយ។ លទ្ធផលនៃការបោះឆ្នោតនេះ ត្រូវបានរំពឹងថានឹងប្រកាស​ឲ្យដឹងជាផ្លូវការ នៅចុងសប្តាហ៍នេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម