ព័ត៌មានអន្ដរជាតិ
របាយការណ៍រកឃើញថា យន្តហោះ Boeing ៣០០គ្រឿង មានបញ្ហាអាចផ្ទុះឆេះនៅលើអាកាស
យោងតាមរបាយការណ៍ចេញផ្សាយដោយកាសែត Daily Mail នៅថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា, យន្តហោះរបស់ក្រុមហ៊ុន Boeing ប្រមាណ ៣០០គ្រឿង ត្រូវបានរកឃើញមានបញ្ហា ដែលអាចបណ្តាលឲ្យផ្ទុះឆេះនៅលើអាកាសតែម្តង។

របាយការណ៍ខាងលើបន្តថា បញ្ហានេះត្រូវបានរកឃើញតាំងពីដើមឆ្នាំមកម្ល៉េះ។ វាជាប់ពាក់ព័ន្ធនឹងបញ្ហាអគ្គិសនី នៅលើយន្តហោះប្រភេទ 777 ដែលអាចបណ្តាលឲ្យធុងសាំងនៅស្លាបយន្តហោះ ឆេះនិងផ្ទុះពេលកំពុងហោះហើរ ហើយបើតាមការបញ្ជាក់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ អាមេរិក (FFA), យន្តហោះទាំងនោះគឺកំពុងប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍ United និង American Airlines។
FAA ក៏បានព្រមានក្រុមហ៊ុន Boeing អំពីបញ្ហាអគ្គិសនីនេះរួចហើយដែរ ដោយនិយាយថា បើមិនដោះស្រាយទាន់ពេលទេ ប្រភពបញ្ឆេះនៅខាងក្នុងធុងប្រេង នឹងបង្កជាអគ្គិភ័យហើយផ្ទុះតែម្តង។

ទន្ទឹមនោះ FAA ព្យាករថា ការជួសជុលប្រព័ន្ធសុវត្ថិភាពទៅលើយន្តហោះប្រភេទ 777 នឹងធ្វើឲ្យ Boeing ខាតបង់ជាង ៦៩៨ ០០០ដុល្លារ ឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ ក្រុមហ៊ុន Boeing ក៏បានចេញមុខបដិសេធភ្លាមៗផងដែរថា ការដែលចោទប្រកាន់លើបញ្ហាទាំងនេះគឺជាការបំភាន់សុទ្ធសាធ ហើយជះឥទ្ធិពលអាក្រក់ ដល់ការធ្វើដំណើរដែនអាកាស ដែលជាមធ្យោបាយដឹកជញ្ជូនដ៏មានសុវត្ថិភាពបំផុតមួយ។

អ្នកនាំពាក្យក្រុមហ៊ុន Boeing បន្តថា “មានការគិគូរខ្លាំងណាស់ ចំពោះការរចនានៅក្នុងយន្តហោះពាណិជ្ជកម្មសម័យទំនើប ដើម្បីធានាការទប់ស្កាត់ផលប៉ះពាល់អេឡិចត្រូម៉ាញ៉េទិច។ ក្រុមយន្តហោះប្រភេទ 777 បានដំណើរការអស់រយៈពេលជិត៣០ឆ្នាំមកហើយ ហើយបានហោះហើរដោយសុវត្ថិភាពសម្រាប់មនុស្សជាង ៣.៩ពាន់លាននាក់”។
យ៉ាងណា បើរបាយការណ៍នេះគឺជាការពិតមែននោះ វានឹងក្លាយជាបញ្ហាសុវត្ថិភាពគួរឲ្យព្រួយបារម្ភចុងក្រោយបង្អស់ ដែលញាំញីក្រុមហ៊ុន Boeing ព្រោះថា មុននេះ យន្តហោះដឹកអ្នកដំណើររបស់ខ្លួនជាច្រើនម៉ូដែល បានជួបប្រទះបញ្ហារបើកទ្វារ ឆេះម៉ាស៊ីននៅលើអាកាស និងការធ្លាក់យន្តហោះចំនួនពីរគ្រឿង ដែលសម្លាប់មនុស្សចំនួន៣៤៦នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


