Connect with us

ព័ត៌មានអន្ដរជាតិ

«ប្រតិបត្តិការផ្លេកបន្ទោរ» ក្រុមឧទ្ទាមវាយផ្តួលរំលំរដ្ឋាភិបាលលោក Assad យ៉ាងស្រួល ហេតុអ្វី?

បានផុស

នៅ

ព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ព្រោះគ្មានអ្នកនឹកស្មានដល់ឡើយថា រដ្ឋាភិបាលរបស់លោក Bashar al-Assad ត្រូវដួលរលំក្រោមដៃក្រុមឧទ្ទាម Hay’at Tahrir al-Sham (HTS) យ៉ាងលឿនបែបនេះ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមឧទ្ទាមជីហាដ បានបើកប្រតិបត្តិការ «ផ្លេកបន្ទោរ» ផ្តួលរំលំរដ្ឋាភិបាលស៊ីរី ដោយចាយពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយលោក Assad ក៏រត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីសុវត្ថិភាព។

ដូច្នេះហើយ ទើបមានចម្ងល់ថា ហេតុអ្វីបានជា ក្រុម HTS វាយចូលទីក្រុង ដាម៉ាស បានយ៉ាងងាយបែបនេះ?

បើយោងតាមអ្នកវិភាគយោធានៅ Al Jazeera គឺលោក Elias Hanna, រឿងរ៉ាវធំបំផុតក្នុងបញ្ហានេះគឺ កងទ័ពស៊ីរីគ្មានសីលធម៌ ជួបវិបត្តិសេដ្ឋកិច្ច ហើយមេទ័ពធំជាច្រើនរូបមិនហ៊ានចេញមុខឡើយ។ ពួកគេគ្មានឆន្ទៈនិងការប្តេជ្ញាចិត្តប្រយុទ្ធដើម្បីប្រទេសស៊ីរីទេ។ កងទ័ពស៊ីរី បានអះអាងម្តងហើយម្តងទៀតថា ពួកគេកំពុងចល័តទីតាំងនៅតាមទីតាំងនានា ប៉ុន្តែពួកគេមិនបានបង្កើតខែលការពារណាមួយឡើយ ដើម្បីរារាំងការវាយលុករបស់ក្រុមឧទ្ទាម។ កងទ័ពមានតែឈ្មោះ តែគ្មានទឹកចិត្ត ព្រោះពួកគេគិតថា ជីវិតរបស់ពួកគេសំខាន់ជាង។

(រូបថត៖ AP)

លោក Hanna ក៏មានការងឿងឆ្ងល់ផងដែរថា «កងទ័ពស៊ីរីក៏ធ្លាប់ទទួលការបំពាក់បំប៉នពីសំណាក់ប្រទេសរុស្ស៊ីផងដែរ។ តើឥឡូវពួកគេទៅណាអស់ ហើយចុះតើគ្រឿងសព្វាវុធ នៅឯណា?»។

ម្យ៉ាងវិញទៀត សង្គ្រាមរាប់ឆ្នាំបានធ្វើឲ្យសេដ្ឋកិច្ចស៊ីរីធ្លាក់ចូលទៅក្នុងវិបត្តិ ហើយស្ថាប័ននិងហេដ្ឋារចនាសម្ព័ន្ធនានាសឹងតែដួលរលំ។ ប្រាក់ខែទាហានក៏តិច រីឯសង្គមក៏បែកបាក់ ដោយសារតែអំពើពុករលួយក្នុងចំណោមមន្ត្រីអ្នកមុខអ្នកការ ហើយប្រជាជនក៏ចាប់ផ្តើមមិនពេញចិត្តលោក Assad ដែរ។

មិនត្រឹមប៉ុណ្ណឹង លោក Assad ថែមទាំងបាត់បង់ការគាំទ្រនិងជំនឿចិត្តពីអ្នកស្និទ្ធិនឹងគាត់ទៀតផង ខណៈទណ្ឌកម្មនិងការធ្លាក់ចុះសេដ្ឋកិច្ចធ្វើឲ្យគេជឿថា ប្រទេសស៊ីរីត្រូវតែផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ។

(រូបថត៖ AP)

ចាប់តាំងពីអ៊ីរ៉ង់និងរុស្ស៊ី ចូលធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងឆ្នាំ២០១៤មក មានរបាយការណ៍ជាច្រើនថា កងទ័ពស៊ីរីគ្មានការដឹកនាំបានល្អឡើយ។ ពួកគេមិនខ្វល់លើការពង្រឹងសមត្ថភាពប្រយុទ្ធទេ ហើយក៏មិនបានដោះស្រាយអំពើពុករលួយយ៉ាងធំធេងផងដែរ។ ការពិតទៅ បេសកកម្មប្រយុទ្ធភាគច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺត្រូវបានធ្វើឡើងដោយកងកម្លាំងគាំទ្រអ៊ីរ៉ង់ ជាមួយការគាំទ្រតាមផ្លូវអាកាសពីរុស្ស៊ីប៉ុណ្ណោះ។

រឿងរ៉ាវឈានដល់ការដួលរលំរដ្ឋាភិបាលស៊ីរី គឺផ្តើមចេញពីជម្លោះនៅក្នុងខេត្ត Idlib ដែលចាប់ផ្តើមកាលពីចុងខែវិច្ឆិកា ហើយបានរីករាលដាលយ៉ាងឆាប់រហ័សទៅជាព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលបានផ្លាស់ប្តូរស្ថានភាពរបស់ប្រទេសស៊ីរីយ៉ាងខ្លាំង។

(រូបថត៖ AP)

HTS និងសម្ព័ន្ធមិត្តរបស់ខ្លួនបានវាយប្រហារទីក្រុង Aleppo កាលពីថ្ងៃទី២៩ខែវិច្ឆិកា ហើយសម្ព័ន្ធមិត្តឧទ្ទាមបានបន្តដណ្តើមយកទីក្រុងធំៗ នៅសប្តាហ៍ក្រោយ។ ក្រសួងការពារជាតិស៊ីរីបានប្រកាសកាលពីថ្ងៃទី៦ខែធ្នូថា ខ្លួនកំពុងដាក់ពង្រាយកម្លាំងឡើងវិញ ដើម្បីទប់ទល់នឹងការវាយប្រហារនៅទីក្រុង Hama ដែលមានចម្ងាយជាង២០០គីឡូម៉ែត្រពីទីក្រុង ដាម៉ាស។

យ៉ាងណា ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ កងកម្លាំងប្រឆាំងរដ្ឋាភិបាល បានដាក់ការឡោមព័ទ្ធរដ្ឋធានីយ៉ាងស្រួល ខណៈកងទ័ព បានរត់ចោលជួរនិងទុកចោលរថក្រោះនៅតាមផ្លូវ ដោយមិនខ្វល់អ្វីទាំងអស់។

នៅទីបំផុត ពួកឧទ្ទាមក៏ចូលដល់រដ្ឋធានី ហើយរំដោះអ្នកទោស រីឯប្រជាជនជាច្រើន ក៏បានចេញសាទរផងដែរ។ លោក Assad បានរត់ចោលប្រទេស ចំណែករដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ដឹងហើយ ទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម