Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង បាញ់​សាកល្បង​មីស៊ីល​លើក​ដំបូង ពី​នាវា​ពិឃាត​ថ្មី​របស់​ខ្លួន

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ចុះ​ត្រួតពិនិត្យការសាកល្បងសព្វាវុធដំបូងរបស់នាវាពិឃាត «Choe Hyon» ទម្ងន់ ៥ ០០០​តោន ដែលទើបសម្ពោធ​ថ្មី​ ដោយ​នេះ​​គឺ​ជាការរីកចម្រើនគួរ​ឲ្យ​កត់សម្គាល់នៅក្នុងសមត្ថភាពកងទ័ពជើងទឹករបស់ទីក្រុងព្យុងយ៉ាង។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA នៅ​ថ្ងៃ​ពុធ​ទី​៣០​ខែ​មេសា​ ការធ្វើតេស្តដែលបាន​ប្រារព្ធ​តាំង​ពី​ដើមសប្តាហ៍​នេះ រួមមាន ការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង មីស៊ីល​គ្រូស​ និង​មីស៊ីលប្រឆាំងយន្តហោះ ព្រម​ទាំង​មាន​ប្រតិបត្តិការ​បាញ់​​កាំភ្លើង​អេឡិចត្រូនិច​​​ស្វ័យប្រវត្តិ​ទំហំ ១២៧​មិល្លិម៉ែត្រ​ផង​ដែរ។

នៅក្នុងព្រឹត្តិការណ៍នោះ លោក គីម បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពន្លឿនអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹក ដើម្បីការពារ និងអធិបតេយ្យភាព​រដ្ឋ​លើ​ដែនសមុទ្រប្រឆាំងនឹងការគំរាមកំហែងដែលមានស្រាប់ និងនាពេលអនាគត។ លោកក៏បានប្រកាសអំពីផែនការ​ដាក់​បញ្ជូននាវាពិឃាត​ថ្មី​ទៅក្នុង​ទីភ្នាក់ងារ​កងទ័ពជើងទឹកនៅដើមឆ្នាំក្រោយ​ផង​ដែរ ហើយបានបង្ហាញពីចេតនាក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាជំហានបន្ទាប់ ក្នុងការពង្រឹងកងទ័ពជើងទឹក។

អ្នកវិភាគបានលើកឡើងថា ប្រព័ន្ធរ៉ាដា និងសព្វាវុធទំនើបៗរបស់នាវាពិឃាត​នេះ អាច​បង្កើត​ឡើង​ដោយ​មាន​ជំនួយបច្ចេកវិទ្យា​ពី​ប្រទេស​​រុស្ស៊ី ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​មូស្គូ។ នាវាពិឃាត Choe Hyon ត្រូវបានគេជឿថាអាចផ្ទុកមីស៊ីលបានប្រហែល ៨០​គ្រាប់។ រូបភាពពីផ្កាយរណបបង្ហាញថា នាវានេះមានប្រវែងប្រហែល ១៤០​ម៉ែត្រ ដែលធ្វើ​ឲ្យ​វាក្លាយជានាវាចម្បាំងដ៏ធំបំផុតដែលត្រូវបានសាងសង់​នៅលើ​ទឹក​ដី​កូរ៉េខាងជើង​គិត​មក​ទល់​នឹង​បច្ចុប្បន្ន៕

(រូបថត៖ KCNA)

ដោយ៖ ឈាង

ចុចអាន៖ លោក គីម ជុងអ៊ុន សម្ពោធ​នាវា​ចម្បាំង​ថ្មី និង​ធំ​បំផុត​របស់​កូរ៉េ​ខាង​ជើង ទម្ងន់​៥ ០០០​តោន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម