Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បង្កើន​ផលិតកម្ម​ដ្រូន​បាន​៣ដង​ច្រើន​ជាង​ការ​រំពឹង​ទុក ព្រោះ​មាន​ជំនួយ​ពី​ចិន

បានផុស

នៅ

ប្រទេសរុស្ស៊ីអះអាងថា ខ្លួនបានបង្កើនការផលិត​ដ្រូន​​ច្រើន​ជាង​មុន​បីដង ដោយមានជំនួយ​បច្ចេកវិជ្ជា និងសមាសធាតុរបស់ចិន ដែលធ្វើ​ឲ្យ​ក្រុង​មូស្គូ​អាចចាប់ផ្តើមការវាយប្រហារដោយ​ដ្រូន​ទ្រង់ទ្រាយ​ធំ​​លើអ៊ុយក្រែន កាល​ពី​ពេលថ្មីៗ​នេះ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Kyiv Post កាល​ពី​ថ្ងៃ​ទី​៩ខែ​កក្កដា​ឆ្នាំ​២០២៥។

ប្រធានាធិបតី​រុស្ស៊ី​ចុះ​ត្រួត​ពិនិត្យ​ផលិតកម្ម​ដ្រូន​ឆ្នាំ​២០២៤ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បាននិយាយ​ថា «វិស័យអាទិភាពភាគច្រើននៃការអភិវឌ្ឍ​ឧស្សាហកម្មត្រូវបានបញ្ចូលទៅក្នុងគម្រោងជាតិថ្មី ដើម្បីធានាបាននូវភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា។ មួយក្នុងចំណោមនោះគឺ ដ្រូន»។ លោកបានអះអាងថា រុស្ស៊ីបានផលិត​ដ្រូន​ចំនួនបីដងច្រើនជាងការគ្រោងទុក ដោយសារការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំរបស់រដ្ឋសម្រាប់អាជីវកម្មក្នុងវិស័យនេះ រួមទាំងក្រុមហ៊ុនស៊ីវិលផងដែរ។

យោងតាមមន្ត្រីការពារជាតិរុស្ស៊ី ពេលនេះរោងចក្រក្នុងស្រុកកំពុងផលិតដ្រូន​វាយប្រហារចម្ងាយឆ្ងាយជាង ៣០ ០០០​គ្រឿងក្នុងមួយឆ្នាំ ពោលគឺកើនឡើងពី ១៥ ០០០​គ្រឿងក្នុងឆ្នាំ​២០២៤។ ចំណែក​​ឯ​ចារកម្មយោធា​អ៊ុយក្រែនប៉ាន់ស្មានថា រុស្ស៊ីមានគោលបំណងផលិត​ដ្រូន FPV (First-Person View) តូចៗរហូតដល់ ២​លានគ្រឿងនៅចុងឆ្នាំនេះ។ ផលិតកម្មរុស្ស៊ីត្រូវបានគេនិយាយថានឹងឈានដល់​ការ​ផលិត​ដ្រូន​បាន ៣០០​គ្រឿង​ក្នុងមួយថ្ងៃ ជាមួយនឹងគោលដៅកំណត់​ឲ្យ​បាន​ដល់ ៥០០​គ្រឿងក្នុង​មួយ​ថ្ងៃ។ ចំណែក​ឯ​សមត្ថភាព​ផលិតកម្ម​ដ្រូន​របស់​អ៊ុយក្រែន គឺ​ត្រឹម ១០០​គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

ក្រុមហ៊ុនចិន ត្រូវបានគេជឿថាកំពុងផ្គត់ផ្គង់គ្រឿងបន្លាស់​ដ្រូន​សំខាន់ៗ ដូចជា ប្រព័ន្ធរុករក ម៉ាស៊ីន មីក្រូឈីប និងអុបទិក ភាគ​ច្រើន​តាមរយៈបណ្តាញក្រៅផ្លូវការ ដើម្បីជៀសវាងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ មន្ត្រី​អ៊ុយក្រែន​ប៉ាន់ប្រមាណ​ថា រហូត​ដល់ ៨០% នៃ​គ្រឿង​អេឡិចត្រូនិក​ដែល​ប្រើ​ក្នុង​​ដ្រូន​​របស់​រុស្ស៊ី មាន​ប្រភព​មក​ពី​ប្រទេស​ចិន។

Frontelligence Insight ដែលជាក្រុមវិភាគចារកម្មក្នុងប្រទេសអ៊ុយក្រែន ចេញ​របាយការណ៍​ថា រុស្ស៊ីបានប្រើប្រាស់​ដ្រូន​អត្តឃាតសរុបចំនួន ២៨ ៧៤៣​គ្រឿង ចាប់តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០២២ ហើយ​ក្នុង​នោះ​នៅ​ខែ​មិថុនា​ឆ្នាំ​២០២៥ រុស្ស៊ី​ប្រើ​ដ្រូន​ច្រើន​បំផុត​ដល់​ទៅ ២ ៧៦៣​គ្រឿង​ឯណោះ ស្មើនឹង 10% នៃចំនួនដ្រូន​សរុប៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម