Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ បេឡារុស បិទប្រព័ន្ធបញ្ជាដ្រូនរបស់រុស្ស៊ីហើយ ក្រោយត្រូវ​អ៊ុយក្រែនព្រមានវាយប្រហារ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃពុធ ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ បានប្រកាសពីជោគជ័យដ៏ធំមួយ ដោយ​ថា ឧបករណ៍ពង្រីកសញ្ញារបស់ដ្រូនរុស្ស៊ី ដែលធ្លាប់ដាក់ដំណើរការនៅលើទឹកដីបេឡារុស ត្រូវ​បានផ្អាកដំណើរការទាំងស្រុងហើយ។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការផ្សាយរបស់ Voice of Emirates ការប្រែប្រួលជាវិជ្ជមាននេះ បានកើតឡើង កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បន្ទាប់ពីទីក្រុងកៀវ​បានដាក់សម្ពាធការទូតយ៉ាងខ្លាំង ក៏ដូចជា ការចេញឱសានវាទព្រមានចំៗទៅកាន់ភាគីបេឡារុស។

លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោកមិនទាន់ដឹងច្បាស់ថា ឧបករណ៍ពង្រីកសញ្ញាទាំងនោះ ត្រូវបានគេដកចេញពីទីតាំងដើមហើយឬនៅនោះទេ ប៉ុន្តែអ្វីដែលច្បាស់ការណ៍បំផុតនោះគឺ ពួកវាលែងដំណើរការទៀតហើយ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ហ្សេលេនស្គី បានចោទប្រកាន់ចំៗទៅលើរដ្ឋាភិបាល​បេឡារុស កាលពីសប្តាហ៍មុន ថាបានបើកដៃឱ្យកងទ័ពរុស្ស៊ីដំឡើងបច្ចេកវិទ្យាទំនើបទាំងនេះនៅលើទឹកដីខ្លួន ដើម្បីជួយពង្រឹងសមត្ថភាពដ្រូនរបស់រុស្ស៊ី ក្នុងការវាយប្រហារអ៊ុយក្រែន។

កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ហ្សេលេនស្គី បានបង្ហាញជំហររឹងមាំ និងបានផ្ញើសារព្រមានជាសាធារណៈចំៗទៅកាន់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដោយទាមទារឱ្យដកបច្ចេកវិទ្យានេះចេញជាបន្ទាន់។ អ៊ុយក្រែនមិនត្រឹមតែនិយាយគំរាមធម្មតានោះទេ ប៉ុន្តែលោក ហ្សេលេនស្គី ថែមទាំងបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា បើបេឡារុសមិនព្រមដកវាចេញទេ កងទ័ពអ៊ុយក្រែននឹងទៅដកវាចេញដោយផ្ទាល់ដៃជាមិនខាន។ សម្ដីនេះបានបង្ហាញយ៉ាងច្បាស់ថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់កម្លាំងយោធា ប្រសិនបើចាំបាច់ ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន។

យុទ្ធសាស្ត្រវាយបកផ្នែកការទូតដ៏ក្តៅគគុកនេះ ធ្វើឡើងចំពេលដែលអ៊ុយក្រែន តែងតែព្រមានជាញឹកញាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ជុំវិញការចូលរួមជួយរុស្ស៊ីទាំងផ្ទាល់ និងប្រយោលពីសំណាក់បេឡារុស។ លោក Alexander Lukashenko ត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតម្នាក់ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលជាហេតុធ្វើឱ្យបេឡារុសក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់រុស្ស៊ីក្នុងការធ្វើប្រតិបត្តិការសង្រ្គាម។

ពិភពលោកនៅចាំមិនភ្លេចទេ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃដំបូងនៃការវាយលុកពេញទំហឹង រុស្ស៊ីបានប្រើប្រាស់ទឹកដីបេឡារុសធ្វើជាឈ្នាន់ សម្រាប់ចល័តទ័ព សំដៅទៅវាយលុកយកទីក្រុងកៀវ ដែលជាបេះដូង​របស់អ៊ុយក្រែន។ ថ្វីដ្បិត​ការវាយលុកកាលនោះត្រូវបរាជ័យ ហើយទ័ពរុស្ស៊ីត្រូវបង្ខំចិត្តដកថយវិញទាំងរបួសស្នាម និងខូចខាតធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែព្រំដែនបេឡារុសនៅតែជាប្រភពនៃការព្រួយបារម្ភឥតឈប់ឈរ សម្រាប់មេដឹកនាំអ៊ុយក្រែន។ ហេតុនេះហើយ ទើបថ្នាក់ដឹកនាំអ៊ុយក្រែនព្យាយាមគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់មិនឱ្យតំបន់ព្រំដែននេះ ក្លាយជាទីលានបច្ចេកវិទ្យា ឬជាខ្នងបង្អែកយោធាជួយទំនុកបម្រុងដល់សង្រ្គាមរបស់រុស្ស៊ី ហើយអ៊ុយក្រែនក៏ប្តេជ្ញាថា នឹងមិនរារែក ក្នុងការធ្វើការសម្រេចចិត្ត ដើម្បីកម្ចាត់រាល់ការគំរាមកំហែងផ្នែកបច្ចេកវិទ្យាទាំងឡាយណា ដែលប៉ះពាល់ដល់ទឹកដីខ្លួនឡើយ៕

លោក Alexander Lukashenko និងលោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម