Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ប្តេជ្ញា​ឆ្លើយតប​ឲ្យម៉ឺងម៉ាត់ បន្ទាប់ពី​អូស្ត្រាលី​បណ្តេញ​ឯកអគ្គរដ្ឋទូតខ្លួន​ចេញ​ពី​ប្រទេស

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ បានសន្យាថានឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តរបស់អូស្ត្រាលីក្នុងការហាមឃាត់ និង​បណ្ដេញ​ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់​៤​នាក់ចេញពីទីក្រុងកង់បេរ៉ា។

ស្ថានទូត​អ៊ីរ៉ង់​នៅ​អូស្ត្រាលី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទង្វើ​ដែល​អ៊ីរ៉ង់​ថ្កោលទោស​ថា​គ្មាន​មូលដ្ឋាន និង​មាន​ហេតុផល​នយោបាយ​នោះ បាន​បង្កើន​ភាព​តានតឹង​ផ្នែក​ការទូត​រវាង​ប្រទេស​ទាំងពីរ​យ៉ាង​ខ្លាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ​ទី​២៦​ខែ​សីហា លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់របស់អូស្ត្រាលីដែលថា អ៊ីរ៉ង់ញុះញង់​ឲ្យ​មានការវាយប្រហារប្រឆាំងនឹងជនជាតិជ្វីហ្វលើទឹកដីអូស្ត្រាលីថា«គ្មានមូលដ្ឋានទាំងស្រុង»។ លោកបានសង្កត់ធ្ងន់ថា ការចោទប្រកាន់អំពី​អរិភាព​ប្រឆាំង​នឹងជនជាតិ​ជ្វីហ្វ មិន​មាន​ក្នុង​វប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនារបស់ប្រទេសអ៊ីរ៉ង់ឡើយ ដោយពណ៌នាថា នោះ​ជា​បញ្ហា​របស់«លោកខាងលិច និងអឺរ៉ុប»ទៅ​វិញ​ទេ។

លោក Baghaei បាននិយាយថា «ការធ្វើទុក្ខបុកម្នេញជាប្រវត្តិសាស្ត្រលើជនជាតិជ្វីហ្វ​គឺជាបញ្ហាចម្បងរបស់អឺរ៉ុប ហើយជនជាតិអឺរ៉ុបត្រូវតែឆ្លើយតបចំពោះអតីតកាលរបស់ពួកគេ»។

អ្នកនាំពាក្យរូបនេះបានស្នើបន្ថែមថា ការសម្រេចចិត្តរបស់អូស្ត្រាលី លេចចេញជាឥទ្ធិពលដោយសម្ពាធនយោបាយផ្ទៃក្នុង ជាពិសេសសំដៅទៅលើការតវ៉ាជាសាធារណៈដែលកំពុងរីករាលដាលនៅក្នុងប្រទេសអូស្ត្រាលីប្រឆាំងនឹងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ លោកបានចាត់ទុកការបណ្តេញចេញខាងការទូតថាជាប្រតិកម្មចំពោះភាពចលាចលក្នុងស្រុក ជាជាងវិធានការគោលនយោបាយការបរទេសដ៏ត្រឹមត្រូវមួយ។

លោក Baghaei បានអះអាងថា «រាល់សកម្មភាពមិនសមរម្យនៅក្នុងសង្វៀនការទូត នឹងត្រូវបានឆ្លើយតបដោយប្រតិកម្មសងសឹក​ពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់» ដោយបន្ថែមថា អាជ្ញាធរអ៊ីរ៉ង់កំពុងពិនិត្យមើលយ៉ាងសកម្មនូវស្ថានភាពដើម្បីកំណត់ការឆ្លើយតបសមស្រប និងសមាមាត្រ។

ការកើនឡើងភាព​តាន​តឹង​នេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់អូស្ត្រាលីដែលថាខ្លួនកំពុងបណ្តេញអ្នកការទូតអ៊ីរ៉ង់ និងផ្អាកប្រតិបត្តិការនៅស្ថានទូតរបស់ខ្លួនក្នុងទីក្រុងតេហេរ៉ង់ ដោយលើកឡើងពីរបាយការណ៍​ចារកម្មដែលបង្ហាញពីការចូលរួមរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើសហគមន៍ជ្វីហ្វនៅទីក្រុងស៊ីដនី និងមែលប៊ន៕

ដោយ៖ ឈាង

ចុចអាន៖ អូស្ត្រាលី​បណ្ដេញ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ ជុំវិញ​គម្រោង​ភេរវកម្ម​លើ​ទឹកដីខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម