Connect with us

ព័ត៌មានអន្ដរជាតិ

ការ​វាយប្រហារ​ដោយ​ដ្រូន​​រុស្សី សម្លាប់ជ្រូក ១៣ ០០០​ក្បាលនៅតំបន់ Kharkiv

បានផុស

នៅ

ការវាយប្រហារដោយដ្រូន​របស់រុស្សីលើកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងក្នុងតំបន់ Kharkiv នៃប្រទេសអ៊ុយក្រែន បានសម្លាប់ជ្រូកប្រហែល ១៣ ០០០​ក្បាល និងរបួសកម្មករម្នាក់ បន្ទាប់ពីបានបង្កជាអគ្គិភ័យដ៏ធំមួយកាលពីថ្ងៃទី​៣​ខែតុលា។ នេះ​បើ​យោង​​តាម​​ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់រដ្ឋរបស់ប្រទេសអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនេះ ធ្វើ​ឡើង​លើ​សហគ្រាសកសិកម្មមួយនៅក្នុងសហគមន៍ Novovodolazka ដោយបានដុតទ្រុង​ជ្រូកចំនួន​៨ និង​ភ្លើង​រាលដាលពាសពេញផ្ទៃ ១៣ ៦០០​ម៉ែត្រការ៉េ។ រូបថតដែលចេញផ្សាយដោយមន្ត្រីសង្គ្រោះបន្ទាន់ បានបង្ហាញ​ឲ្យ​ឃើញពីគំនរសាកសពជ្រូកដ៏​ច្រើន​សន្ធឹក ដែលខ្លះត្រូវបានឆាបឆេះដោយអណ្តាតភ្លើង។

បុគ្គលិក​កសិដ្ឋាន​ម្នាក់​ក៏​បាន​រង​របួស​ដែរ បើ​ទោះ​ជា​អាជ្ញាធរ​មិន​បាន​បង្ហាញ​ពី​ស្ថានភាព ឬ​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​ក៏ដោយ។

ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញរបស់រុស្ស៊ី សត្វចិញ្ចឹម និងសត្វព្រៃរបស់អ៊ុយក្រែនបានទទួលរងនូវការឈឺចាប់យ៉ាងខ្លាំង។ កសិដ្ឋាន សួនសត្វ និងទីជម្រកត្រូវបានបំផ្លាញ ឬទុកចោលដោយគ្មានការផ្គត់ផ្គង់ ខណៈដែលសត្វនៅក្នុងតំបន់ដែល​រុស្ស៊ី​កាន់កាប់បានប្រឈមនឹងការស្រេក​ឃ្លាន។

អង្គការសិទ្ធិសត្វ Uanimals បានប៉ាន់ប្រមាណក្នុងខែមិថុនា​ឆ្នាំ​២០២៤ថា សត្វជាង ៦​លានក្បាលបានបាត់បង់​ជីវិត ចាប់តាំងពីសង្គ្រាម​ផ្ទុះ​ឡើង​​កាល​ពី​​​ឆ្នាំ​២០២២៕

​​(រូបថត៖ ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែន)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម