ព័ត៌មានអន្ដរជាតិ
ស្លូវ៉ាគី ទារឲ្យ EU សងថ្លៃ ចំពោះអាវុធ ដែលខ្លួនផ្តល់ទៅ អ៊ុយក្រែន
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែអូសបន្លាយ និងធ្វើឲ្យអឺរ៉ុប បែកបាក់ ដោយឥឡូវ ប្រទេសស្លូវ៉ាគី បានទារឲ្យសហភាពអឺរ៉ុប (EU) សងថ្លៃចំពោះអាវុធ ដែលខ្លួនបរិច្ចាគទៅឲ្យអ៊ុយក្រែន ដោយចោទថា រដ្ឋាភិបាលទីក្រុងប្រាទីស្លាវ៉ា មុន បាននិយាយកុហក អំពីកិច្ចព្រមព្រៀងជំនួយ សម្រាប់ទីក្រុងកៀវ។

ក្នុងសារជាវីដេអូ បង្ហោះលើបណ្តាញសង្គម Facebook កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico ថ្លែងថា ប្រទេសរបស់លោក នឹងទារឲ្យ EU សងថ្លៃ។
សំដៅទៅលើកិច្ចប្រជុំកំពូល EU ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ លោក Fico និយាយថា នៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក លោកនឹងលើកឡើងពីបញ្ហាសំណង សម្រាប់បរិក្ខារយោធា ដែលបានបរិច្ចាគទៅឲ្យអ៊ុយក្រែន។

តាមការបញ្ជាក់ពីលោក Fico, ស្លូវ៉ាគី កំពុងប្រឈមមុខ នឹងកង្វះខាតសាច់ប្រាក់ក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ ដោយសារធនធាននានា ដែលគួរតែត្រូវបានប្រើប្រាស់ដើម្បីទប់ទល់សេដ្ឋកិច្ចជាតិនោះ បែរជាបង្វែរទៅជួយឧបត្ថម្ភដល់អ៊ុយក្រែនដោយផ្ទាល់ ទៅវិញ។
ស្លូវ៉ាគី ទាមទារការសងត្រឡប់មកវិញ នូវការចំណាយលើសព្វាវុធកាលពីពេលកន្លងទៅ ចេញពីកញ្ចប់ថវិកាចំនួន ៦.៦ ពាន់លានអឺរ៉ូ ពីមូលនិធិសន្តិភាពអឺរ៉ុប (European Peace Facility – EPF ខណៈដើមឡើយ ប្រទេសនេះរំពឹងថា នឹងទទួលបានការសងប្រាក់វិញប្រហែល ៤៦% នៃការទាមទារសរុបរបស់ខ្លួន ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសនេះ ទទួលបានត្រឹមតែប្រមាណ ៩២ លានអឺរ៉ូប៉ុណ្ណោះ។

សូមជម្រាបថា ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធា វាយប្រហារអ៊ុយក្រែន ក្នុងឆ្នាំ២០២២មក ស្លូវ៉ាគី បានផ្តល់ជំនួយយោធាផ្ទាល់ដល់ទីក្រុងកៀវ សរុបប្រមាណ ៧០០ លានអឺរ៉ូ (ជិត ៨០០ លានដុល្លារអាមេរិក)។
ក្នុងនោះ ជំនួយសំខាន់ៗ មានដូចជា យន្តហោះចម្បាំង MiG-29 ចំនួន ១៣គ្រឿង ដែលធ្វើឲ្យ ស្លូវ៉ាគី ក្លាយជារដ្ឋសមាជិកអង្គការណាតូ ដំបូងគេ ដែលផ្ដល់យន្តហោះចម្បាំង ឲ្យអ៊ុយក្រែន និងផ្តល់ប្រព័ន្ធការពារដែនអាកាស S-300 រួមទាំងជំនួយផ្សេងទៀតរួមមាន ឧទ្ធម្ភាគចក្រ ៥គ្រឿង, រថពាសដែកការពារថ្មើរជើង BVP-1 ៣០ គ្រឿង, ប្រព័ន្ធដោះមីន Božena និងគ្រាប់រំសេវជាច្រើនទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


