Connect with us

ព័ត៌មានអន្ដរជាតិ

ចំថ្ងៃខួប​៨០ឆ្នាំ លោក ត្រាំ និយាយ​ទូរសព្ទ​ជាមួយ​ ពូទីន និង ហ្សេលេនស្គី ស្ដី​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន

បានផុស

នៅ

ចំថ្ងៃខួបកំណើតឈានចូលវ័យ៨០ឆ្នាំ របស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៦ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយតាមខ្សែទូរសព្ទរបស់វិមានប្រធានាធិបតីអាមេរិក។ មេដឹកនាំនៃប្រទេសកំពុងវាយប្រហារគ្នាទាំងពីរ គឺប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានទូរសព្ទទៅជជែកជាមួយលោក ត្រាំ ដាច់ដោយឡែកពីគ្នា ដែលបង្កើតឱ្យមានការជជែកដេញដោលខាងនយោបាយយ៉ាងខ្លាំង មុនពេលកិច្ចប្រជុំកំពូល G7 មកដល់។

លោក ហ្សេលេនស្គី, លោក ត្រាំ និងលោក ពូទីន (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov ដែល​ត្រូវបានចុះផ្សាយ​​ដោយ​សារព័ត៌មាន PBS នៅក្នុងកិច្ចសន្ទនាដែលមានរយៈពេលជិតមួយម៉ោង លោក ត្រាំ បានជំរុញ​ឱ្យមានការបញ្ចប់សង្គ្រាម និងបង្ហាញពីបំណងចង់ឱ្យទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីត្រឡប់មកល្អប្រសើរឡើងវិញ។ យ៉ាងណាមិញ លោក ពូទីន បានឆ្លើយតបទៅវិញដោយជំហររឹងរូស និងបានផ្ញើសារឌឺដងចំៗទៅកាន់មេដឹកនាំអ៊ុយក្រែន តាមរយៈលោក ត្រាំ ថា បើលោក ហ្សេលេនស្គី ពិតជាចង់ជួបចរចាសន្តិភាពជាមួយលោកមែននោះ «ចូរឱ្យធ្វើដំណើរទៅ​ទីក្រុងមូស្គូដោយផ្ទាល់មក»។ លោក ពូទីន ក៏បានបន្ថែមទៀតថា ការដែលអ៊ុយក្រែនព្យាយាមវាយប្រហារលើតំបន់ស៊ីវិលរបស់រុស្ស៊ី គឺមិនអាចកែប្រែស្ថានភាពចាញ់ឈ្នះនៅលើសមរភូមិបានឡើយ។

ចំណែកឯខាងលោក ហ្សេលេនស្គី វិញ ក៏បានទូរសព្ទទៅអបអរសាទរថ្ងៃខួបកំណើតរបស់លោក ត្រាំ និងថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អាមេរិកផងដែរ។ លោកបានបង្ហើបថា ពួកគេបានជជែកគ្នាពីវិធីសាស្ត្រនាំយកសន្តិភាព និងបានរាយការណ៍ប្រាប់លោក ត្រាំ ពីស្ថានភាពសមរភូមិជួរមុខរបស់អ៊ុយក្រែន ដែលកំពុងតែមានប្រៀបជាងមុន។ មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាថានឹងបន្តពិភាក្សាគ្នាបន្ថែមទៀត នៅពេលជួបគ្នាក្នុងកិច្ចប្រជុំកំពូល G7 នាពេលឆាប់ៗខាងមុខ។

ទោះបីជាមានការជជែកគ្នាតាមផ្លូវការទូតយ៉ាងក្តៅគគុកយ៉ាងណាក្តី ក៏ការវាយប្រហារនៅលើសមរភូមិជាក់ស្ដែង​នៅតែបន្តឆាបឆេះខ្លាំង។ ដ្រូនរបស់អ៊ុយក្រែន បានបើកការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដោយបានកម្ទេចឃ្លាំងផ្ទុកប្រេង និងបង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ស្របពេលជាមួយគ្នានោះដែរ កងកម្លាំងអង់គ្លេស និងបារាំង បានសហការគ្នាបង្ក្រាប និងឃាត់ទុកកប៉ាល់ដឹកប្រេងខុសច្បាប់មួយគ្រឿងរបស់រុស្ស៊ីនៅសមុទ្រ ដែលជាការព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់វិមានក្រឹមឡាំងថា ពួកគេមិនអាចគេចវេះពីទណ្ឌកម្មអន្តរជាតិបានឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម