Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ រម្លឹកដល់អ្នកសារព័ត៌មានទាំងអស់ មិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ចឡើយ

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរម្លឹកដល់អ្នកសារព័ត៌មានទាំងអស់ មិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ច ឬអ្នកជំនាញណាមួយឡើយ ហើយលោកសូមឱ្យអ្នកសារព័ត៌មាន កុំបំពានក្រមសីលធម៌វិជ្ជាជីវៈឱ្យសោះនៅពេលអនុវត្តការងាររបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួនតូច បានដើរហួសពីព្រំដែនដែលច្បាប់កំណត់ និងបានអនុវត្តសកម្មភាពដោយពុំបានគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ដែលទង្វើនោះ បានបង្កផលវិបាកប៉ះពាល់ដល់ការអនុវត្តការងាររបស់ជំនាញសមត្ថកិច្ច ឬបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការរក្សាសណ្តាប់ធ្នាប់សង្គមជាដើម។

ក្នុងពិធីបិទវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តព្រៃវែង នាព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥  លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា អ្នកសារព័ត៌មានមិនត្រូវអនុវត្តហួសពីដែនដែលច្បាប់បានកំណត់និងផ្ដល់ឱ្យក្នុងតួនាទីជាអ្នកសារព័ត៌មាននោះទេ ពោល គឺអ្នកសារព័ត៌មានទាំងអស់ត្រូវយល់ឱ្យច្បាស់អំពីសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន ដើម្បីចៀសវាងការផ្សាយខុសពីការពិត ឬការផ្សាយដែលពុំបានផ្តល់សំឡេងដល់អ្នកពាក់ព័ន្ធក្នុងសាច់រឿង និងត្រូវចៀសវាងដាច់ខាតការផ្សាយព័ត៌មានជាថ្នូរនឹងការបានផលប្រយោជន៍។

លោកថា៖ «អ្នកសារព័ត៌មានមានករណីយកិច្ចក្នុងការអនុវត្តការងារដោយប្រកាន់ខ្ជាប់និយាមវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដោយគោរពច្បាប់ លិខិតបទដ្ឋាន ហើយមិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ចឡើយ បើការងារជំនាញទុកឱ្យជំនាញគេអ្នកដោះស្រាយ ទទួលខុសត្រូវ។ រីឯយើងជាអ្នកសារព័ត៌មាន មានតួនាទីនាំយកព័ត៌មានពិតសម្រាប់ផ្សព្វផ្សាយ និងមិនត្រូវដាក់អារម្មណ៍ផ្ទាល់ខ្លួនក្នុងសាច់រឿងឡើយ ដើម្បីទុកឱ្យប្រជាពលរដ្ឋលោកជាអ្នកពិចារណា និងវាយតម្លៃដោយខ្លួនឯងលើរឿងនីមួយៗ ដោយផ្អែកលើព័ត៌មានដែលទទួលបាន» ។

លោក ទេព អស្នារិទ្ធ បន្ថែមទៀតថា អ្នកសារព័ត៌មានត្រូវធ្វើខ្លួនជាបុគ្គលគំរូដល់សង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ផ្តល់ព័ត៌មានពិត មានប្រភពច្បាស់លាស់ ដោយគោរពនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ ដែលកត្តាទាំងអស់នេះក៏នឹងជួយការពារអ្នកសារព័ត៌មាន ពីការប្រឈមនឹងបញ្ហាផ្លូវច្បាប់ផងដែរ។ ជាងនេះទៀត អ្នកសារព័ត៌មានត្រូវខិតខំស្រាវជ្រាវ ដុសខាត់ជំនាញ និងរៀនសូត្រជំនាញបច្ចេកទេសឌីជីថលផ្សេងៗ ហើយត្រូវស្រាវជ្រាវអំពីប្រធានបទនីមួយៗ មុនចុះយកព័ត៌មាន ដើម្បីឱ្យមានមូលដ្ឋានច្បាស់លាស់ក្នុងការផលិតមាតិកា និងខ្លឹមសារមានគុណភាព ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។

លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍គូសបញ្ជាក់ទៀតថា តួអង្គទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ ក្នុងការចូលរួមរក្សាការពារសន្តិសុខជាតិស្ថិរភាពនយោបាយ និងសុខដុមនីយកម្មសង្គមដោយត្រូវប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនដើម្បីបំពេញឱ្យគ្នាទៅវិញទៅមកក្នុងការអនុវត្តការងារ។ ជាមួយគ្នានេះ តួអង្គពាក់ព័ន្ធត្រូវចូលរួមសកម្មក្នុងការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយជាអំណាចមួយដ៏សំខាន់នៅក្នុងសង្គម សំដៅបម្រើប្រយោជន៍សាធារណៈ ធានាសិទ្ធិទទួលព័ត៌មាន និងបង្កើតភាពធន់សម្រាប់សហគមន៍ទប់ទល់នឹងហានិភ័យនៃព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។

សូមជម្រាបជូនថា យោងតាមខ្លឹមសារនៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងជំពូកទី២ស្តីពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាននិងការផ្សព្វផ្សាយព័ត៌មាន ការអនុវត្តសេរីភាពខាងសារព័ត៌មាន មិនត្រូវប្រាសចាកពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

សូមបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មានកម្ពុជាបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មានជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៨៧២៣ បណ្ណ ហើយអង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន១៦២០ អង្គភាព ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម