Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការប្រើពាក្យ Scambodia របស់សារព័ត៌មាន WSJ ជាការមាក់ងាយមកលើកម្ពុជាមានចេតនាឱ្យមានការរើសអើង

បានផុស

នៅ

លោក ទេព អស្នារិទ្ធ ក្នុងនាមអ្នកនាំពាក្យក្រសួងព័ត៌មាន និងពលរដ្ឋកម្ពុជាមួយរូប បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសារព័ត៌មានដែលមានឈ្មោះបោះសំឡេងដូចជា The Wall Street Journal (WSJ) ដែលបានប្រើពាក្យមានខ្លឹមសារ “Scambodia” មាក់ងាយមកលើកម្ពុជាក្នុងអត្ថបទរបស់ខ្លួនដែលនេះជាការធ្វើវិទ្ធង្សនាលើកិត្តិយសប្រទេស។ ពាក្យ «​វិទ្ធង្សនា​» គឺ​សំដៅ​ដល់​សកម្មភាព​ណាមួយដែល​បង្ក​ផល​មិន​​ល្អ ឬ​បង្កើត​ភាពវឹកវរដល់​ក្រុមមនុស្ស ឬក៏​សង្គម​ទាំងមូល​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបង្ហាញការខកចិត្តនេះបន្ទាប់ពី WSJ ដែលមានមូលដ្ឋានៅសហរដ្ឋអាមេរិកដែលជាស្ថាប័នព័ត៌មានល្បីល្បាញជុំវិញពិភពលោក បានប្រើពាក្យថ្មីនៅក្នុងអត្ថបទរបស់ពួកគេទាក់ទងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅកម្ពុជា។ ក្នុងអត្ថបទស៊ើបអង្កេតដែលដាក់ចំណងជើងធំៗ «How Cybercrime Became a Leading Industry in ‘Scambodia’» នៅលើគេហទំព័រ(WSJ) ពុំបានសរសេរឈ្មោះប្រទេសកម្ពុជានោះទេ ប៉ុន្តែបានប្រើពាក្យថ្មីគឺ “Scambodia”។ ពាក្យនេះ សំដៅដល់ប្រទេសកម្ពុជាដែលពោរពេញដោយការឆបោកតាមប្រព័ន្ធអនឡាញ ហើយត្រូវបានសាធារណជនចាត់ទុកថាជាការបំផ្លាញកិត្តិយស​មុខមាត់ សេចក្តីថ្លៃថ្នូរ និងជាការមាក់ងាយមកលើប្រជាជនកម្ពុជាទាំងមូល។ ក្នុងអត្ថបទបែបស៊ើបអង្កេតនេះសហការសរសេរដោយអ្នកសារព័ត៌មានជនបរទេសពីររូប ក្នុងនោះម្នាក់មានមូលដ្ឋានៅប្រទេសសិង្ហបុរី​។

ប្រាប់សារព័ត៌មានកម្ពុជាថ្មី លោក ទេព អស្នារិទ្ធ សង្កត់ធ្ងន់ថា៖«ការយកឈ្មោះប្រទេសដែលមានអធិបតេយ្យភាព ដោយភ្ជាប់ជាមួយបញ្ហាឧក្រិដ្ឋកម្មរបស់សកលលោក គឺមានចេតនាធ្វើឱ្យមានការរើសអើងចំពោះប្រទេសនោះ។ ឈ្មោះប្រទេសគឺជាអត្តសញ្ញាណ និងជាមោទនភាពរបស់ប្រជាជាតិ ហើយការប្រើប្រាស់សំណេរបែបនេះជាការប្រមាថដល់កិត្តិយសជាតិរបស់ប្រជាជនកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជានៅលើឆាកអន្តរជាតិ»។

ឈ្មោះប្រទេស ឬពលរដ្ឋនៃប្រទេសមួយមិនត្រូវក្លាយជាកម្មវត្ថុនៃភាពរងគ្រោះដោយសារអំពើឧក្រិដ្ឋកម្មដែលជាបញ្ហាសកលលោកឡើយ និងរឹតតែមិនត្រូវក្លាយជាកម្មវត្ថុនៃសំណេរសារព័ត៌មានដែលខ្វះភាពចាស់ទុំឡើយ ពោលគឺការសរសេរដែលប្រើអារម្មណ៍ ជាមួយការប្រើពាក្យបង្អាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ជាជាងការវិភាគដល់ឫសគល់នៃបញ្ហាដែលវាជាទង្វើខ្វះវិជ្ជាជីវៈ។ ពាក្យនេះមានប្រភពចេញពីក្រុមជ្រុលនិយម និងប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការអគតិ ដើម្បីបម្រើឱ្យសង្រ្គាមចិត្តសាស្ត្រ និងការបង្កើតគំនិតរើសអើងជាតិសាសន៍។

ការប្រើភាសាដែលត្រូវបានបង្កើតឡើងក្រុមជ្រុលនិយមនេះ គឺស្មើនឹងការមានចេតនាគាំទ្រដល់គំនិត ចលនាជ្រុលនិយមនោះ។ សារព័ត៌មានត្រូវរក្សាគុណតម្លៃនៃក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយតម្លាភាព និងអព្យាក្រឹតភាព។ ក្រមសីល​ធម៌សារព័ត៌មានហាមដាច់ខាតការប្រើប្រាស់ភាសាដែលញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ ឬការបង្ខូចកេរ្តិ៍ឈ្មោះប្រទេស ឬបុគ្គល។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យ។

លោក ទេព អស្នារិទ្ធ

លោកបញ្ជាក់ទៀតថា៖«សំណេរបែបបន្តុះបង្អាប់និងប្រើការសន្មត់ជាជាងការផ្តល់អង្គហេតុពិតនេះ ហាក់បង្ហាញពីការធ្លាក់ចុះនៃគុណភាពការងារវិជ្ជាជីវៈ និងការបោះបង់ចោលនូវអព្យាក្រឹតភាពរបស់កាសែតនោះ ដែលជាទង្វើខ្វះការទទួលខុសត្រូវ មិនសាកសមជាសារព័ត៌មានស្តង់ដាអន្តរជាតិ»។ ភារកិច្ចរបស់សារព័ត៌មានគឺផ្តល់ព័ត៌មាន បង្ហាញការពិត ដើម្បីស្ថាបនា ឬចូលរួមរកដំណោះស្រាយចំពោះបញ្ហា មិនមែនដើម្បីបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ ប្រទេសណាមួយឡើយ។ ការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មអនឡាញសកល ត្រូវតែធ្វើឡើងតាមរយៈការបង្ហាញអង្គហេតុ អំណះអំណាង និងតួលេខ មិនមែនតាមរយៈការដាក់ឈ្មោះបង្អាប់បង្ខូចប៉ះពាល់ដល់ប្រទេសណាមួយឡើយ។

លោកបញ្ជាក់ថា៖«យើងស្វាគមន៍ការរាយការណ៍អំពីបញ្ហាប្រឈម ដើម្បីស្ថាបនា និងដោះស្រាយរួមគ្នា ប៉ុន្តែមិនអាចទទួលយកបានជាដាច់ខាតនូវការប្រើប្រាស់ភាសាប្រមាថ ដែលធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ និងអធិបតេយ្យ​ភាពរបស់យើង ពិសេសគឺការបង្កើតភាពអយុត្តិធម៌មកលើកម្ពុជាក្នុងឧក្រិដ្ឋកម្មសកលដែលពិភពលោកត្រូវរួមគ្នាដោះស្រាយ»។

សូមជម្រាបថា ក្នុងកិច្ចខិតខំបន្តបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជំហរដាច់ខាត និងការប្តេជ្ញាចិត្តឥតងាករេ ក្នុងការលុបបំបាត់រាល់ទម្រង់នៃបទល្មើសឆបោកអនឡាញឱ្យអស់ពីទឹកដីកម្ពុជា។ នេះជាការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់រដ្ឋាភិបាល ជាមួយការបន្តបោសសម្អាតអំពើល្មើសឆបោកអនឡាញយ៉ាងម៉ឺងម៉ាត់នៅទូទាំងប្រទេស និងការពង្រឹងការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ជាឧបករណ៍គតិយុត្តដ៏រឹងមាំក្នុងការដាក់ទោសទណ្ឌដល់មេខ្លោង និងអ្នកពាក់ព័ន្ធទាំងឡាយឱ្យទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម