Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង ធ្វើសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុង ឆ្នាំ២០២៦-២០២៨

បានផុស

នៅ

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាង អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុង ឆ្នាំ២០២៦-២០២៨។ សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងនៅសាលប្រជុំសាលាក្រុងបាវិត ដោយមានការចូលរួមពីលោកអភិបាលក្រុងស្ដីទី តំណាងមន្ទីរនានាជុំវិញខេត្ត និងលោកចៅសង្កាត់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក សេង សីលា ថា គោលបំណងនៃសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំសង្កាត់ នៅថ្នាក់ក្រុង-ស្រុក នេះ គឺដើម្បីធានាឱ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ សង្កាត់ មានភាពស៊ីចង្វាក់ និងប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់មន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ។

លោកអភិបាលរងខេត្តបានបន្តថា ភាពស៊ីចង្វាក់គ្នានេះកើតឡើងតាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានាជាមួយក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានការទាក់ទងគ្នា ដើម្បីប្រមូលផ្តុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ ការប្រើប្រាស់សក្តានុពលនៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អប្រសើរ ដោយមានកិច្ចសហប្រតិបត្តិការល្អ គឺជារឿងសំខាន់ ដើម្បីសម្រេចទិសដៅរួម ជាជាងការធ្វើសកម្មភាពតែឯកឯង។

លោក សេង សីលា ក៏បានបន្ថែមថា ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមានតួនាទីក្នុងការលើកសំណួរចំពោះមន្ទីរ អង្គភាព និងអង្គការពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រហើយមិនទាន់បានអនុវត្ត ឬក៏អនុវត្តមិនទាន់ចប់កិច្ចព្រមព្រៀងកាលពីឆ្នាំកន្លងមក ដើម្បីជំរុញការងារអភិវឌ្ឍន៍ឱ្យបានលឿននិងទាន់ពេលវេលា។

សិក្ខាសាលានេះគឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួល និងរៀបចំផែនការវិនិយោគរួមគ្នា ដើម្បីធានាឱ្យការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយចីរភាព៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម