Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់អូរបែកក្អម ប្រកាសដាក់ឲ្យប្រើប្រាស់គម្រោងសាងសង់ប្រព័ន្ធលូ​រំដោះទឹកថ្មី ប្រវែងជាង ៧០០ ម៉ែត្រ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ ២០២៥ នេះ រដ្ឋបាល​សង្កាត់​អូរ​បែកក្អម បាន​ប្រារព្ធ​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គម្រោង​សាងសង់ និង​ជួសជុល​ប្រព័ន្ធ​លូ​រំដោះ​ទឹក ប្រវែង​សរុប ៧០៩ ម៉ែត្រ ដែល​មាន​អង្កត់ផ្ចិត ០.៦ ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​នេះ ត្រូវ​បាន​អនុវត្ត​ក្នុង​ភូមិ​ទ្រុងមាន់ និង​ភូមិ​ត្រពាំង​ឈូក មាន​គោលបំណង​ដ៏​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រំដោះ​ទឹក​ដែល​ធ្លាប់​បង្ក​ផល​លំបាក​ដល់​ការ​រស់នៅ និង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ផ្លូវ​ក្នុង​មូលដ្ឋាន។

លោក ធាម ច័ន្ទ​សេរី​វុឌ្ឍ ប្រធាន​ការិយាល័យ​សាធារណការ ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​រួមមាន​ការ​សាងសង់​ប្រអប់​រំដោះ​ទឹក​ចំនួន ៣៥ កន្លែង ដោយ​ប្រើ​លូ​អង្កត់ផ្ចិត ០.៥ ម៉ែត្រ ចំណែក​ប្រអប់​នីមួយៗ មាន​បណ្តុះ​ខ្នែង​ចំនួន ៥ កង់។ ការងារ​រួមមាន​ការ​វាយ​បំបែក​បេតុង​ចាស់​ទំហំ ៨៥៨ ម៉ែត្រការ៉េ និង​ការ​ចាក់​បេតុង​ថ្មី (​សមាមាត្រ ១:២:៣) កម្រាស់ ១២ សង់ទីម៉ែត្រ លើ​គន្លង​លូ​ចំនួន ៧,៩៦ ម៉ែត្រការ៉េ រួម​ជាមួយ​ការ​ដំឡើង​ស្លាក​សញ្ញា​គម្រោង​មួយ​កន្លែង​ផង​ដែរ។

លោក​ចៅសង្កាត់ យឹម រ័ត្ន ​បាន​ឲ្យ​ដឹង​ដែរ​ថា គម្រោង​នេះ​ជា​ចម្លើយ​ដ៏​ចាំបាច់​បំផុត​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ទឹកជំនន់ និង​ការ​រំដោះ​ទឹក​ក្នុង​សង្កាត់ ដែល​ធ្លាប់​បង្ក​ភាព​លំបាក​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។ ទន្ទឹម​នេះ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ថែរក្សា​សមិទ្ធផល​សាធារណៈ​នេះ ដោយ​មិន​គួរ​បោះ​សំរាម ឬ​ធាតុ​អាច​បង្ក​ការ​រាំងស្ទះ​ចូល​ក្នុង​ប្រព័ន្ធ​លូ​ឡើយ។

លោក​បាន​បន្ត​ថា ការ​ថែរក្សា​ឲ្យ​ប្រព័ន្ធ​លូ​ដំណើរការ​បាន​ល្អ នឹង​ជួយ​ធានា​ឲ្យ​មាន​និរន្តរភាព នៃ​ការ​រំដោះ​ទឹក និង​លើកស្ទួយ​គុណភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អូរ​បែកក្អម ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង។

គួរ​ជម្រាប​ថា ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គម្រោង​សាងសង់ និង​ជួសជុល​ប្រព័ន្ធ​លូ​រំដោះ​ទឹក នេះ ក្រោម​អធិបតីភាព លោក យឹម រ័ត្ន ចៅសង្កាត់​អូរ​បែកក្អម ដោយ​មាន​ការ​ចូលរួម​ពី​ប្រធាន​ការិយាល័យ​សាធារណការ​ខណ្ឌ​សែន​សុខ សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ស្មៀន​សង្កាត់ លោក​មេភូមិ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប។ បរិយាកាស​ពិធី​ពោរពេញ​ដោយ​អំណរ និង​ទឹកចិត្ត​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​ដែល​រង់ចាំ​ការ​ផ្លាស់ប្ដូរ​នេះ​យ៉ាង​យូរ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម