Connect with us

ព័ត៌មានជាតិ

រដូវរងាចូលមកដល់ ខេត្តរតនគិរីចុះអ័ព្ទ បង្កើតទស្សនីយភាពស្អាតប្លែកគួរឱ្យចង់គយគន់

បានផុស

នៅ

នៅព្រឹកថ្ងៃទី ២៧ ខែតុលានេះ ខេត្តរតនគិរី មានភ្លៀងរលឹមស្រិចៗ និងចាប់ផ្តើមចុះអ័ព្ទនៅក្រុងបានលុង បង្កើតទស្សនីយភាពប្លែក សម្រាប់ភ្ញៀវទេចរ​ ខណៈរដូវរងា កាន់តែខិតចូលមកដល់នៅក្នុងខែវិចិ្ឆកា ខាងមុខនេះ។ ផ្សែងចុះអ័ព្ទនេះ គឺចាប់ពីម៉ោង ៤ ទាបភ្លឺរហូតដល់ ម៉ោង ៩ ព្រឹក ដែលធ្វើឱ្យទេសភាពនៅកោះអណ្តែតបឹងកន្សែងធ្វើចលនា កាន់តែមានភាពទាក់ទាញ និងប្លែកអារម្មណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ ទេសភាពតាមដងផ្លូវ អមដោយដើមឈើសងខាងទាំងនេះ បានបង្កើតភាពទាក់ទាញមួយកម្រិតទៀតនៅ តំបន់ភូមិភាគឦសាន។ មួយឆ្នាំមានម្តង ពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរ ដែលបានទៅលេងខេត្តនេះ បានងើបពីព្រលឹមស្រាងៗរត់ហាត់ប្រាណ គយគន់ទេសភាពចុះអ័ព្ទ និងវាលស្មៅដ៏ស្រស់ត្រកាល។

នៅកម្ពុជារដូវរងា នឹងចូលមកដល់ចាប់ពីខែ វិច្ឆិកា ដល់ខែមករា ដែលមានរយៈពេលបីខែ។ ជាការកត់សម្គាល់នារដូវនេះ គេសង្កេតឃើញសីតុណ្ហភាពត្រជាក់ធ្លាក់ចុះរហូតដល់ ១៤ អង្សាសេ និងមានផ្សែងអ័ព្ទ ជាពិសេសចុះត្រជាក់ខ្លាំងនៅខេត្តភូមិភាគឦសាន។

ភ្ញៀវទេសចរជាតិ ដែលចង់ទទួលបានអារម្មណ៍ប្លែក និងគយគន់ផ្សែងអ័ព្ទដូចនៅឋានសួគ៌ អាចធ្វើដំណើរកម្សាន្តទៅលេងខេត្តនេះដែលមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏សម្បូរបែប និងស្លៀកសម្លៀកបំពាក់ជនជាតិដើមភាគតិចសម្រាប់ទុកជាអនុស្សាវរីយ៍។

ខេត្ត​រតនគិរី ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​ផ្នែក​ទេសចរណ៍ សម្បូរ​ដោយ​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ទាក់ទាញ​ ទេសភាព​ដ៏​ខៀវ​ស្រងាត់ និង​ស្រស់​ស្អាត បូក​រួម​ទាំង​រមណីយដ្ឋាន​វប្បធម៌ រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​កែច្នៃ​ជា​ច្រើន​កន្លែង​។ កន្លែងទេសចរណ៍ស្អាតៗ រួមមាន បឹង​យក្សាម៉ាយ អូរ​ធម្មជាតិ ទឹក​ធ្លាក់​អូរ​យ៉ាណា កោះ​សាំង កោះ​គ្រាំ ទំនប់​អូរភ្លេង និងតំបន់​សក្តានុពល​អូរឡាឡៃ ជាដើម៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម