ព័ត៌មានជាតិ
អ្នកតាមដានជំរុញការពង្រឹងសមត្ថភាពការពារជាតិក្រោយមានកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ
អ្នកតាមដានស្ថានការណ៍ព្រំដែនកម្ពុជាថៃជំរុញដល់រដ្ឋាភិបាលពង្រឹងសមត្ថភាពផ្ទៃក្នុង និងកម្លាំងការពារជាតិក្រោយមានកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ ដោយបានលើកឡើងក្នុងន័យថាមានតែសមត្ថភាពការពារជាតិខ្លាំងទេទើបអាចធានាសន្តិភាពបានយូរអង្វែង។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិត គិន ភា មានប្រសាសន៍ថាទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក្ដីតែវាត្រូវការផ្លូវវែងអន្លាយទៀត ខណៈភាពស្មោះត្រង់របស់ថៃចំពោះកិច្ចព្រមព្រៀងនេះនៅតែមិនទាន់អាចទុកចិត្តបានទាំងស្រុង។ ជាមួយនឹងការអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលសម្រេចបានលោកបានជំរុញដល់រដ្ឋាភិបាលត្រូវធ្វើកិច្ចការដើម្បីពង្រឹងសមត្ថភាពឡើងវិញ ជាពិសេសការពង្រឹងសមត្ថភាពការពារជាតិ សមត្ថភាពផ្ទៃក្នុង ការឯកភាពជាតិ ពង្រឹងខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុក និងគុណភាពធនធានមនុស្ស។
លោកថា៖ «ត្រូវប្រែក្លាយនូវបញ្ហាប្រឈមទាំងអស់នេះទៅជាកាលានុវត្តនភាពក្នុងការអភិវឌ្ឍន៍ពង្រឹងខ្លួនជាពិសេសគឺពង្រឹងនូវវិស័យការពារជាតិរបស់ធ្វើទំនើបកម្មកងទ័ពរបស់យើង។ ពង្រឹងខ្សែចង្វាក់ផលិតកម្មផ្ទៃក្នុងរបស់យើង ពង្រឹងផលិតផលរបស់យើងគុណភាពមនុស្សរបស់យើងហើយជាពិសេសគឺពង្រឹងលើស្មារតីសាមគ្គីជាតិខ្មែរតែមួយ»។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាអ្នកតាមដានព្រឹត្តិការណ៍ព្រំដែនមួយរូបផងដែរនោះលោក ព្រាប កុល បានលើកឡើងថាកម្លាំងសាមគ្គីផ្ទៃក្នុងគឺជារឿងសំខាន់ ស្របគ្នាជាមួយការឯករាជ្យម្ចាស់ការ លើកកម្ពស់ផលិតផលក្នុងស្រុក ពង្រឹងសមត្ថភាពការពារប្រទេសដែលមានយុទ្ធសាស្ត្រច្បាស់លាស់និងត្រឹមត្រូវ។
លោកបន្ថែមថា៖ «ការកសាងកម្លាំង សមត្ថភាពនៃកងកម្លាំងប្រដាប់អាវុធ ការហ្វឹកហាត់យើងត្រូវចាប់ផ្ដើមដែលត្រូវឱ្យពលរដ្ឋមានកាតាព្វកិច្ចយោធា ដែលយើងនឹងអនុវត្តន៍ពីឆ្នាំ២០២៦ ទៅហើយពលទាហានអាជីពត្រូវមានការហ្វឹកហាត់ទៀងទាត់ ធ្វើយ៉ាងណាឱ្យគាត់មានទាំងជំនាញ មានទាំងសមត្ថភាពរឹងមាំ ហើយបន្ថែមលើនេះទំនើបកម្មសព្វាវុធដែលត្រូវគិតគូរធ្វើមិចឱ្យយើងអាចមានសមត្ថភាពតតាំង ទាហានយើងឆ្លងកាត់ការហ្វឹកហាត់ចេះប្រើប្រាស់ ហើយត្រូវវិនិយោគលើមធ្យោបាយបម្រើដល់ផ្នែកការពារជាតិបានរឹងមាំជាងមុន»។

ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក្ដីតែអ្នកតាមដាននៅតែមិនទាន់អាចទុកចិត្តលើថៃទាំងស្រុងបាននោះទេ។ ទោះជាយ៉ាងណាសម្រាប់អ្នកភូមិសាស្ត្រនយោបាយលោកបណ្ឌិត ជ័យ តិច វិញមានប្រសាសន៍ថាកិច្ចព្រមព្រៀងសន្តិភាពនេះគឺមានតម្លៃដែលអាចចាប់បង្ខំឱ្យថៃគោរពបានទោះបីជាថៃមិនចង់ក្ដី។ លោកបន្ថែមថា ភាពរឹងមាំរបស់កិច្ចព្រមព្រៀងនេះគឺមានសហរដ្ឋអាមេរិកជាខ្នងបង្អែកដ៏សំខាន់អ្នកដែលប្រឆាំងនឹងកិច្ចព្រមព្រៀងនេះគឺដូចជាការមិនឱ្យតម្លៃដល់សហរដ្ឋអាមេរិកដូចគ្នា។ លោកបន្ថែមថាក្រោយពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ប្រទេសដែលជាសាក្សីនៃកិច្ចព្រមព្រៀងនឹងចាត់តាំងអ្នកតាមដានរបស់ខ្លួនក្នុងប្រទេសទាំងពីរ ហើយនឹងផ្ដល់ជាជំនួយទាំងថវិកា និងបច្ចេកទេសដើម្បីអនុវត្តន៍ដល់កិច្ចព្រមព្រៀងផងដែរ។
លោកថា៖ «អ្វីដែលយើងមានចងក្នុងកិច្ចព្រមព្រៀងសន្តិភាពដូចដែលខ្ញុំបានបញ្ជាក់ហើយទាំងលក្ខខន្តទាំងយន្តការនៃការអនុវត្តទាំងការត្រួតពិនិត្យមិនមែនមានតែថៃនិងកម្ពុជាទេ។ គឺមានយន្តការអាស៊ាននិងសហរដ្ឋអាមេរិកដែលជាសាក្សីដូច្នេះអ្វីដែលគេងបង្កើតឡើងបង្កជាបញ្ហានាពេលខាងមុខដែលអាចកើតមានយើងនឹងមានអន្តរជាតិដែលរឹងមាំក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពនេះ»។

សម្រាប់អ្នកភូមិសាស្ត្រនយោបាយលោកបណ្ឌិត យង់ ពៅ ថាវាជារឿងល្អសម្រាប់ប្រទេសកម្ពុជានិងថៃដែលអាចស្វែងរកសន្តិភាពនឹងគ្នាបាន ព្រោះប្រទេសទាំងមិនអាចលើកចេញពីគ្នានោះទេការរក្សាបាននូវសន្តិភាពធានាបាននូវមានសុខដុម និងការអភិវឌ្ឍក្នុងប្រទេសទាំងសងខាង។
នាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើជាសាក្សីផងដែរ។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះទទួលបានការសាទរពីពលរដ្ឋកម្ពុជាគ្រប់រូប និងសង្ឃឹមថាសន្តិភាពរវាងប្រទេសទាំងពីរអាចនឹងវិលត្រលប់ទៅដូចដើមវិញ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


