Connect with us

ព័ត៌មានជាតិ

តុលាការខេត្តស្វាយរៀង ចោទប្រកាន់ស្រ្តីខ្មែរម្នាក់ពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈសមត្ថកិច្ចកំពុងតាមរកបក្ខពួកផ្សេងទៀត

បានផុស

នៅ

អាជ្ញាធរខេត្តស្វាយរៀង បានចាប់ឃាត់ខ្លួនជនជាតិខ្មែរម្នាក់ ឈ្មោះ ងួន សារី ដែលរស់នៅ ឃុំអណ្ដូងត្របែក ស្រុករមាសហែក បញ្ជូនទៅកាន់តុលាការ ហើយតុលាការបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមប្រភពមន្រ្តីតុលាការខេត្តស្វាយរៀងដែលបានបញ្ជាក់ប្រាប់សារព័ត៌មានកម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីមន្ត្រីតុលាការដដែលបានអះអាងថា ស្រ្តីជាជនជាតិខ្មែររូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ទី២៧ ខែតុលា ដោយបានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទឹកប្រាក់ប្រមាណជា៣ម៉ឺនដុល្លារ។ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺស្រ្តីរូបនេះ ជាអ្នកចាំទទួលទឹកប្រាក់ដែលផ្ញើមក ដោយរូបគាត់ និងបក្ខពួក បានបង្កើតប្រព័ន្ធមួយលួចគ្រប់គ្រងលើលេខទូរស័ព្ទ និងលេខគណនីធនាគាររបស់ប្រជាពលរដ្ឋ។ នៅពេលដែលប្រជាពលរដ្ឋផ្ញើលុយកាក់ គឺចូលមកក្នុងប្រព័ន្ធដែលស្រ្តីរូបនេះ គឺជាអ្នកចាំទទួល និងដកប្រាក់ទាំងអស់នោះ។ នេះបើតាមប្រភពពីមន្ត្រីតុលាការខេត្តស្វាយរៀង។

មន្ត្រីតុលាការដដែលបានបញ្ជាក់ថា បន្ទាប់ពីការស៊ើបអង្កេតយ៉ាងលម្អិតពីសំណាក់មន្ត្រីជំនាញរួចមក សំណុំរឿងនេះត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលបន្ត គឺការរៀបចំសម្រាប់ជំនុំជម្រះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរខេត្តស្វាយរៀង កំពុងដុតដៃដុតជើងតាមប្រមាញ់ស្វែងរកបក្ខពួកដែលជាប់ពាក់ព័ន្ធផ្សេងទៀត ដើម្បីយកមកអនុវត្តទោសទៅតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ឡើយថា បក្ខពួក ឬក៏មេខ្លោងរបស់ស្រ្តីរូបនេះ ជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ។

គួរបញ្ជាក់ថា ការឃាត់ខ្លួនស្ត្រីរូបនេះ គឺស្ថិតនៅក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយ៉ាងម៉ឺងម៉ាត់។ ករណីនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការ ក្នុងការបង្ក្រាប និងលុបបំបាត់រាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់​ប្រជាណលរដ្ឋ សន្តិសុខសង្គម និងកិត្តិយសជាតិ៕

ដោយ៖ ភក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម