Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ គ្មានការយោគយល់ឡើយចំពោះអ្នកជាប់ពាក់ព័ន្ធScam Online ទោះជាកូនថ្នាក់ដឹកនាំ ជាមន្រ្តីបក្ស ឬជាអ្នកបម្រើជាតិយូរឆ្នាំ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទៅ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសយ៉ាងដាច់ណាត់ថា បើនរណាជាប់ពាក់ព័ន្ធក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ឬមិនអនុវត្តច្បាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវលើកលែងឡើយ ទោះជាកូនថ្នាក់ដឹកនាំដែលធ្លាប់តស៊ូ ជាមន្រ្តីដែលបូជាជីវិតចំពោះគណបក្ស ឬជាមន្រ្តីដែលបម្រិជាតិយូរឆ្នាំក៏ដោយ។ ការប្រកាសនេះ ធ្វើឡើងក្នុងពេលដែលសម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃកម្ពុជា និងមន្រ្តីជាន់ខ្ពស់ដទៃៗទៀត ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «គ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួច នៅពេលដែលអ្នកឯងមិនព្រមធ្វើ ឬក៏ចូលពាក់ព័ន្ធ(បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) កុំថាខ្ញុំជាកូនមេដឹកនាំដែលបានតស៊ូច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបូជាជីវិតសម្រាប់គណបក្សអស់រយៈពេលច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបម្រើជាតិអស់រយៈពេលប៉ុន្មានឆ្នាំ​ អត់ទេ ឯងយកស្រោមរបស់មន្រ្តីរដ្ឋ យកទៅប្រព្រឹត្តបទល្មើស ឬយកស្រោមមន្រ្តីរដ្ឋ ទៅកាន់នៅទីកន្លែងមួយដែលអ្នកឯងមិនព្រមចេញបញ្ជា ឬចេញធ្វើសកម្មភាព»។

បន្ថែមលើនេះ សម្ដេចតេជោ បានបញ្ជាក់ថា ការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវធ្វើឡើងទន្ទឹមគ្នារវាង​ការ​បោសសម្អាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធនឹងរឿងនេះ។ វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យានេះ សម្តេចតេជោ បានស្នើដាក់ចេញជា២កម្រិត។ កម្រិតទី១ គឺអ្នកដែលជាប់ពាក់ព័ន្ធនោះ មិនត្រឹមតែដកតំណែងនោះទេ គឺត្រូវចោទប្រកាន់លើផ្លូវតុលាការ ហើយត្រូវបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត។ កម្រិតទី២ គឺត្រូវដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៀតថា បើអភិបាលខេត្ត អភិបាលស្រុក ណាដែលមិនចូលរួមក្នុងការអនុវត្តអំពើឆបោកតាមអនឡាញនេះ គឺស្នើឱ្យដកចេញពីតំណែង ដោយគ្មានការយោគយល់នោះទេ។ សម្តេចតេជោ បានផ្តល់ណែនាំដល់នាយករដ្ឋមមន្រ្តីឱ្យដកចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណា ត្រូវពិនិត្យមើលលើការងារនេះ។

គួរបញ្ជាក់ជូនថា ដោយសារតែបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អភិបាលខេត្ត ស្នងការ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ត្រូវបានដកចេញពីតំណែងកាលពីថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០២៦។ លោក ថង សាវុន ដែលត្រូវបានដកចេញពីអភិបាលខេត្តមណ្ឌលគីរី ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ចំណែក លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ត្រូវបានតែងតាំងជាអភិបាលខេត្តមណ្ឌលគិរីជំនួសវិញ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងទៀតថា នៅខេត្តរតនគិរី កំពុងមានសកម្មភាពឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ដូច្នះហើយ សម្តេចបានផ្តាំទៅអភិបាលខេត្តរតនគិរី និងអភិបាលខេត្តមណ្ឌលគិរី មេ​នគរបាល និងមេកងរាជអាវុធហត្ថដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុតលើជម្រកក្រុមឆបោកតាមបច្ចេកវិទ្យា (Scam Online)នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម