ព័ត៌មានជាតិ
ក្រៅពីចំណីអាហារ ផ្នែកគ្រឿងសំណង់តើខ្មែរអាចផលិតអ្វីបានខ្លះ?
ក្រៅពីចំណីអាហារដែលជាតម្រូវការចាំបាច់សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃ កម្ពុជាក៏មានរោងចក្រផលិតគ្រឿងសម្ភារៈសំណង់មួយចំនួន សម្រាប់បំពេញការផ្គត់ផ្គង់ដល់ការសាងសង់សំណង់ផ្សេងៗ។
រោងចក្រផលិតស៊ីម៉ងត៍
គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៦ ដែលកំពុងដំណើរការផលិតស៊ីម៉ងត៍សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
កម្ពុជាក្នុងមួយឆ្នាំៗអាចផលិតស៊ីម៉ងត៍បានប្រមាណ ១១ លានតោន ដែលក្រៅពីអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកបានគ្រប់គ្រាន់ ក៏បាននាំចេញទៅទីផ្សារប្រទេសជិតខាងថែមទៀតផង។ នេះបើតាមក្រសួងរ៉ែ និងថាមពល។
ក្រៅពីរោងចក្រទាំំង ៦ ដែលកំពុងដំណើរ រោងចក្រចំនួន ៣ ផ្សេងទៀត កំពុងសាងសង់បន្ថែមដែលនឹងបង្កើនសមត្ថភាពផលិតបានប្រមាណ ៥ លានតោនថែមទៀតក្នុងមួយឆ្នាំ។

រោងចក្រផលិតដែក
ក្រៅពីស៊ីមង់ត៍ដែលជាគ្រឿងចាំបាច់សម្រាប់ប្រើលើវិស័យសាងសង់ កម្ពុជាក៏មានឧស្សាហកម្មផលិតដែកសំណង់។
ក្រុមហ៊ុន អាយ អេស អាយ គឺជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មកែច្នៃដែកនៅកម្ពុជា។ ក្រុមហ៊ុន អាយ អេស អាយ មានផលិតដែកជាច្រើនប្រភេទដូចជា៖ ស័ង្កសី, ដែកសរសៃ ដែកទីប-ស និងផលិតផលដែកផ្សេងទៀត។
ផលិតផលដែក អាយ អេស អាយ ត្រូវបានយកទៅផ្គត់ផ្គង់ការដ្ឋានសំណង់ធំៗជាច្រើនដូចជា ផ្សារទំនើបអ៊ីអនមានជ័យ, អាកាសយានដ្ឋានអន្ដរជាតិតេជោ និងរោងចក្រសហគ្រាសផ្សេងៗ។ កាលពីឆ្នាំ ២០២២ ក្រុមហ៊ុនបានបើកដំណើរការរោងចក្រកែច្នៃដុំរ៉ូឡូដែក-ស ដែលជារោងចក្រកែច្នៃដុំរ៉ូឡូដែក-ស ដំបូងគេនៅកម្ពុជា និងមានសមត្ថភាពផលិតដល់ទៅ ២១ ម៉ឺនតោនក្នុងមួយឆ្នាំ។
ក្រៅពីគ្រឿងដែក ក្រុមហ៊ុន អាយ អេស អាយ ក៏មានផលិតគ្រឿងសំណង់ផ្សេងទៀតដូចជា ម្សៅបៀកជញ្ជាំង Camstar, ឆ្អឹងពិដាន ម្នាងសិលា រួមទាំងបរិក្ខាអគ្គិសនីមួយចំនួនទៀត។

ក្រៅពីក្រុមហ៊ុន អាយ អេស អាយ ដែលឈានមុខគេក្នុងឧស្សាហកម្មផលិតដែក ក្រុមហ៊ុន ប៉ាង ណាគ្រី រៀលអ៊ីសស្ទេត កាលពីឆ្នាំ ២០២២ ក៏បានសម្ពោធដំណើរការរោងចក្រផលិតដែកនៅខេត្តបន្ទាយមានជ័យ។ រោងចក្រនេះជាការវិនិយោគរួមគ្នារបស់វិនិយោគទុនក្នុងស្រុកនិងក្រៅស្រុក ដែលមានសមត្ថភាពអាចផ្គត់ផ្គង់ដែកបម្រើផ្នែកវិស័យសំណង់ក្នុងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជុំវិញ។
ដោយឡែកកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន ជីប ម៉ុង បានបើកឲ្យដំណើរការរោងចក្រផលិតដែកទីប-ស នៅទីតាំងរោងចក្រក្រុមហ៊ុន CHIP MONG STEEL តាមផ្លូវជាតិលេខ២ ដែលបានលើកកម្ពស់ឧស្សាហកម្មធុនធ្ងន់នៅក្នុងស្រុក។


រោងចក្រផលិតទុយោ និងបំពង់ទីប
គិតមកដល់ពេលនេះ ប្រទេសកម្ពុជាមានរោងចក្រផលិតទុយោ និងបំពង់ទីបជាច្រើនម៉ាក ដែលបានកាត់បន្ថយការនាំចូលពីក្រៅប្រទេស។
ក្រុមហ៊ុន យូ ភី ជី ផាយផ៍ (UPG PIPE) ជាក្រុមហ៊ុនឯកទេសផលិតបំពង់ទីបជ័រ និងគ្រឿងតំណនៃបំពង់ទីបជ័រគ្រប់ប្រភេទ។ ផលិតផលបំពង់ទីបជ័ររបស់ក្រុមហ៊ុននេះ ទទួលបាននូវវិញ្ញាបនបត្របញ្ជាក់គុណភាពស្តង់ដារអន្តរជាតិ ISO 9001:2015។
ផលិតផលរបស់ UPG PIPE មាន ៣ ម៉ាកគឺ បំពង់ទីបជ័រសញ្ញាឥន្ទ្រី, សញ្ញាក្បាលតោ, និងសញ្ញាកងចក្រ។

-រោងចក្រផលិតទុយោរបស់ក្រុមហ៊ុន Lesso
ក្រុមហ៊ុន Lesso ជាក្រុមហ៊ុនផលិតទុយោដ៏ល្បីមួយមានមូលដ្ឋានៅប្រទេសចិន និងបានបើករោងចក្រនៅកម្ពុជាដែលបានសាងសង់លើផ្ទៃដីទំហំ ៨ ហិកតា មានទីតាំងនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលដែលមានផលិតទុយោ និងគ្រឿងបង្គុំផ្សេងៗ។
ផលិតផលរបស់ក្រុមហ៊ុន Lesso ត្រូវបានប្រើប្រាស់ក្នុងវិស័យជាច្រើនដូចជាវិស័យទឹកស្អាត ប្រព័ន្ធ ដំណក់ទឹកស្រោចស្រព (drip irrigation) ប្រព័ន្ធលូនិងទឹកកខ្វក់ និងទុយោអាលុយមីញ៉ូមសម្រាប់ការប្រើប្រាស់ក្នុងគោលដៅផ្សេងៗ។


-រោងចក្រផលិតទុយោទឹក TCU
TCU ជាសហគ្រាសក្នុងស្រុកបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដែលមានផលិតទុយោច្រើនប្រភេទ រួមមានទុយោទឹកស្អាត លូជ័រ ទុយោទឹកក្ដៅ/ត្រជាក់ ទុយោយូភីវីស៊ីខ្សែភ្លើង និង លូរង្វាន់ដែក ដោយផ្គត់ផ្គង់ដល់រដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន និងគម្រោងអភិវឌ្ឍន៍នានា។
បន្តចុចអាន៖ រដ្ឋមន្ត្រីឧស្សាហកម្ម ស្នើរោងចក្រផលិតទុយោ បង្កើនការផលិតឱ្យមានគុណភាពខ្ពស់


-ក្រុមហ៊ុនជីបម៉ុង អ៊ីនដាស្រ្ទីយ៍
ក្រុមហ៊ុនជីបម៉ុង អ៊ីនដាស្រ្ទីយ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប ដែលបានដំណើរការរោងចក្រផលិតទុយោ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងចក្រនេះសាងសង់នៅលើផ្ទៃដីទំហំជាង១១ ហិកតា ដែលមានសមត្ថភាពអាចផលិតទុយោបាន ៥០០ តោនក្នុងមួយខែ។

ក្រុមហ៊ុន ខេអេភី
ជាក្រុមហ៊ុនដំបូងដែលបង្កើតផលិតផលបំពង់ទីបជ័រផលិតផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ សហគ្រាសមានផ្គត់ផ្គង់បំពង់ជ័រស្តង់ដា រួមទាំងតំណគ្រប់ប្រភេទ។

រោងចក្រផលិតក្បឿង
ក្រៅពីទុយោ ក្រុមហ៊ុន ជីបម៉ុង អ៊ីនដាស្រ្ទីយ៍ ក៏មានរោងចក្រផលិតក្បឿងបន្ថែមទៀត ដែលរោងចក្រនេះមានសមត្ថភាពផលិតក្បឿងបានប្រមាណ ១៤០ សន្លឹកក្នុង ១ នាទី។

សហគ្រាសខ្មែររ៉ក
ក្រុមហ៊ុនខ្មែររ៉ក ជាសហគ្រាសក្នុងស្រុកដែលមានផលិតក្បឿងមានស្តង់ដាជាមួយម៉ូដតាមប្រពៃណីខ្មែរ។ ដោយបានពង្រីកខ្សែសង្វាក់ផលិតនៅរោងចក្រផ្ទាល់នៅខេត្តកំពង់ស្ពឺ ខុសពីផលិតផលក្បឿងនាំចូលដទៃទៀតក្រុមហ៊ុនខ្មែររ៉កផ្តោតតែការផលិតក្បឿងស្រកាលេញ ដែលជាក្បឿងប្រពៃណីរបស់ខ្មែរតែប៉ុណ្ណោះ។
ក្រៅពីផលិតក្បឿង ក្រុមហ៊ុនខ្មែររ៉កក៏មានផលិតឥដ្ឋការ៉ូឡាខេរ៉ក់ សន្លឹកជញ្ជាំងបេតុង លូបេតុងបេតុងជញ្ជើមថ្នល់ និងផលិតផលពីបេតុងផ្សេងទៀតផងដែរ។

រោងចក្រផលិតថ្នាំលាបផ្ទះ
ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ ឬដែលគេស្គាល់ជាទូទៅក្រុមហ៊ុន (ខាំផែន) ជាកុ្រមហ៊ុនផលិតថ្នាំពណ៌ក្នុងស្រុកដ៏ល្បីឈ្មោះដែលផ្តើមដំណើរការតាំងពីឆ្នាំ ២០០៤។
ក្រុមហ៊ុនដែលឈរជើងជាង ៣០ ឆ្នាំនៅកម្ពុជា មានផលិតថ្នាំពណ៌ច្រើនជាង ៣០ មុខ ដែលក្នុងនោះបែងចែកជា ៤ ប្រភេទធំៗមានដូចជា ១. ថ្នាំលាបលម្អប្រភេទលាយទឹក ២. ថ្នាំលាបលម្អប្រភេទលាយប្រេង ៣. ផលិតផលជាពពួកបាយអស្ងួត ៤. ផលិតផលគីមីសំណង់។


សិប្បកម្មផលិតឥដ្ឋ
សិប្បកម្មផលិតឥដ្ឋមានស្ទើរគ្រប់ខេត្តក្រុង។ ខេត្តដែលសំបូរសិប្បកម្មផលិតឥដ្ឋច្រើនជាងគេគឺនៅក្នុងខេត្តកណ្តាល ដែលផលិតផ្គត់ផ្គង់តាមការដ្ឋានសំណង់នៅរាជធានីភ្នំពេញ និងបណ្តាខេត្តជុំវិញ។


សហគ្រាសផលិតផលការពារជម្រាបទឹក (BOTICA)
ក្រុមហ៊ុនខ្មែរនេះមានបទពិសោធន៍ ១៨ ឆ្នាំ លើដំណោះស្រាយបញ្ហាជ្រាបទឹក។ បូទីកាគឺជាក្រុមហ៊ុនផ្គត់ផ្គង់ប្រភេទផលិតផលសំណង់ដូចជា ផលិតផលការពារជំរាបទឹក កាវបិទខាងសំណង់ កាវភ្ជិតចន្លោះ ទឹកកាវ សំរាប់លាយកំបោរបាយអរ ផលិតផលជួសជុលបេតុង និង ម្សៅ Grout, ទឹកថ្នាំគីមីផលិតផលបេតុង និង លាបក្ដារពុម្ព ស៊ីម៉ង់ត៍កាវ បាយអរបូក Expory Flooring and Flooring Hardener ម្សៅបៀករ៉ង ថ្នាំលាប និង ស៊ីម៉ង់ត៍បៀក។

រោងចក្រផលិតថ្មម៉ាប
នៅស្រុកខ្មែរក្រុមហ៊ុនដែលល្បីឈ្មោះ និងមានការទទួលស្គាល់គឺក្រុមហ៊ុន ឫទ្ធី ក្រានីត ដែលជាក្រុមហ៊ុនខ្មែរទី ១ ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មថ្មអារក្រានីតពីរដ្ឋាភិបាលតាំងពីអំឡុងឆ្នាំ ២០០២ ដែលមានទីតាំងស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ។
ផលិតផលរបស់ក្រុមហ៊ុនខ្មែរនេះ អាចយកទៅប្រើប្រាស់សម្រាប់ក្រាលជាការ៉ូផ្ទះបាយ ឡាបូលាងដៃ បិតតាមសសរ ដេគ័រផ្សេងៗជាតុ កៅអី និងកែច្នៃជាគ្រឿងសង្ហារិមផ្សេងៗ។ បច្ចុប្បន្នក្រៅពីអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏បាននាំចេញទៅកាន់ទៅផ្សារក្រៅប្រទេសថែមទៀតផង៕
បន្តចុចអាន៖ បរទេសលាន់មាត់សរសើរគុណភាពថ្មអារក្រុមហ៊ុន Rithy Granite Cambodia ដែលយកទៅពិព័រណ៍នៅវៀតណាម


-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


