Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី ដើម្បីបម្រើការងារតាមក្រសួង-ស្ថាប័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍សង្ខេបពីលទ្ធផលការងាររបស់អនុគណៈកម្មការសម្របសម្រួលអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល របស់លោក វន សុវណ្ណារី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបង្ហាញថា ការស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ ក្នុងដំណើរការនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រី ជាផ្នែកមួយដ៏សំខាន់ដូចមានកំណត់ក្នុងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីធានាតម្លាភាពនៃដំណើរការនៃការរៀបចំការប្រឡប្រជែង និងបង្កើនទំនុកចិត្តពីមហាជនមកលើប្រព័ន្ធជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ។

វត្តមានជាប្រចាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តមកពីតំណាងសាកលវិទ្យាល័យ វិទ្យាស្ថាន សាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន ពិតជាសក្ខីភាពដ៏សំខាន់ ក្នុងគ្រប់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី។

ឆ្លងកាត់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីទាំង ៥៨លើកកន្លងមកនេះ អ្នកសង្កេតការណ៍រួមមានសមាសភាពមកពីមជ្ឈដ្ឋាន ៣ គឺ សាធារណជនទូទៅ តំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថាន និងតំណាងយុវជន ស.ស.យ.ក.។ សម្រាប់អ្នកសង្កេតការណ៍តំណាងសាធារណជន បានចុះឈ្មោះស្នើសុំចូលរួមសង្កេតការណ៍សរុបចំនួន ៩៣៤២ នាក់ (ស្រី ៥៤៩២នាក់ ស្មើនឹង៥៩%) ក្នុងនោះសមាសភាពជានិស្សិត៧០%, ជាមន្ត្រីរាជការ និងគ្រូបង្រៀនជាង១៥%, ជាបុគ្គលិកក្រុមហ៊ុនឯកជន៩%, ជាសាធារណជនទូទៅ៤%, ជាព្រះសង្ឃ១.៥%។ អ្នកដែលចាប់អារម្មណ៍ចុះឈ្មោះស្នើសុំចូលរួមសង្កេតការណ៍ ៦១%មកពីរាជធានីភ្នំពេញ និង ៣៩%មកពីបណ្ដាខេត្តនានា ក្នុងចំណោមអ្នកដែលបានចុះឈ្មោះជាសាធារណជន អ្នកសង្កេតការណ៍ចំនួន ៧៥៣ នាក់ (ស្រី ៣៨៤នាក់) ត្រូវបានជ្រើសរើស និងមានវត្តមានចូលរួមក្នុងដំណើរការប្រឡងប្រជែង។

បន្ថែមពីនេះ អ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថាន សរុបមានចំនួន ៥៣៤នាក់ (ស្រី ១៧០នាក់) ដែលត្រូវបានចាត់តាំងពីសាកលវិទ្យាល័យ និងវិទ្យាស្ថាននានារបស់រដ្ឋ និងឯកជន ចំនួន ២៣អង្គភាព ក្នុងនោះសាកលវិទ្យាល័យ និងវិទ្យាស្ថានរបស់រដ្ឋ មានចំនួន ៨អង្គភាព សកលវិទ្យាល័យ និងវិទ្យាស្ថានឯកជន មានចំនួន ១៥អង្គភាព។ អ្នកសង្កេតការណ៍តំណាង ស.ស.យ.ក. សរុបមានចំនួន ៧៤០នាក់ (ស្រី ៤១១នាក់) ដែលជានិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងយុវជន ស.ស.យ.ក. ក្នុងវិស័យមុខងារសាធារណៈ បានស្ម័គ្រចិត្តបំពេញភារកិច្ចក្នុងតួនាទី ជាអ្នកសង្កេតការណ៍ផង និងបានចូលរួមជួយសម្របសម្រួល ផ្តល់ការគាំទ្រដល់អនុគណៈកម្មការផ្សេងទៀត តាមរយៈការជួយសម្រួលរំហូរចរន្តបេក្ខជនចូលក្នុងមណ្ឌលប្រឡង ការត្រួតពិនិត្យ បេក្ខជន ការផ្ដល់ព័ត៌មានមួយចំនួន នៅទីតាំងមណ្ឌលប្រឡងជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម