Connect with us

ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្លាប់ដោយសារជាន់អន្ទាក់ប្រើឧបករណ៍អគ្គិសនីដាក់សត្វ ពេលដើរចាប់ក្តាម

បានផុស

នៅ

បុរសម្នាក់មានមុខរបរជាកសិករបានដើររកក្តាម ឆ្លុះកង្កែបនៅក្នុងព្រៃតាមអូរនៅពេលយប់ មិនប្រយ័ត្នបានដើរប៉ះខ្សែលួសម្យ៉ាងហើយដួលបាត់បង់ជីវិតភ្លាមៗ សង្ស័យឆក់ដោយសារខ្សែអន្ទាក់ដាក់សត្វប្រើប្រាស់ឧបករណ៍អគ្គិសនី។ នេះបើតាមរបាយការណ៍បឋមពីសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចអូរប្រង់គូង ស្ថិតនៅក្នុងភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ជនរងគ្រោះឈ្មោះ មឿង សាខន ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅទីតាំងខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផ្លង ជំនិត អធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានឲ្យដឹងថា យោងតាមសាក្សី ឈ្មោះ ថងស៊ី ស្រាំ ភេទស្រី អាយុ ៤០ ឆ្នាំ មុខរបរ កសិករ ជនជាតិព្នង សញ្ជាតិខ្មែរ (ត្រូវជាប្រពន្ធសព) បានបំភ្លឺថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៧ និង ១៥ នាទីយប់ បន្ទាប់ពីប្តីហូបបាយរួច ជាទម្លាប់គាត់តែងទៅរកក្ដាមនៅចំណុចអូរប្រងគូង នៅទីនោះជាប្រចាំតែម្នាក់ឯងប៉ុណ្ណោះ។

ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នៅតែមិនឃើញប្តីរបស់គាត់ត្រឡប់មកវិញ គាត់ក៏បានចេញទៅរក និងបានស្រែកហៅ នៅម្ដុំអូរប្រងគូងនោះ តែមិនឃើញប្ដីគាត់ទេ ហើយខ្លួនក៏ត្រឡប់មកផ្ទះវិញ និងនាំកូនឲ្យទៅជួយរកជុំគ្នា។ ពេលកំពុងរកនោះស្រាប់តែប្រទះឃើញសពប្ដីរបស់គាត់ ដេកស្លាប់នៅក្នុងអូរបាត់ទៅហើយ។

យ៉ាងណាមិញ លោកអធិការបានបញ្ជាក់ថា ក្រោយពីជំនាញពិនិត្យផ្នែកក្បាលពុំមានស្លាកស្នាមដងខ្លួននិងអវ:យវ:ពុំមានស្លាកស្នាមនោះទេ។ បើតាមសមត្ថកិច្ចជំនាញសន្និដ្ឋាន សាកសពខាងលើនេះ ពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងដែលជនមិនស្គាល់មុខដាក់អន្ទាក់សត្វទើបបណ្តាលឱ្យគាំងបេះដូងស្លាប់ពិតប្រាកដមែន។​​ បច្ចុប្បន្ន សាកសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ច ប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម