ព័ត៌មានជាតិ
រដ្ឋបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ដាក់ស្លាកព្រំប្រទល់ថ្មី រំលេចសក្ដានុពលធម្មជាតិ សត្វព្រៃ និងព្រៃឈើ
រដ្ឋបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី បានដំឡើងស្លាកព្រំប្រទល់ថ្មីនៅចំណុចជាប់ស្រុកពេជ្រាដា ដោយរចនាភ្ជាប់ជាមួយរូបភាពសត្វព្រៃ ព្រៃឈើ និងធនធានធម្មជាតិ ដើម្បីកំណត់ភូមិសាស្រ្ត បង្ហាញពីអត្តសញ្ញាណ និងសក្ដានុពលជីវៈចម្រុះដ៏សម្បូរបែបរបស់មូលដ្ឋាន។

លោក សី ទូច អភិបាលស្រុកកោះញែក បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី៩ ខែមិថុនាថា ការរៀបចំស្លាកព្រំប្រទល់នេះ មានគោលបំណងកំណត់ទីតាំងភូមិសាស្ត្រ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ។ ទន្ទឹមនឹងនេះ វាក៏ជាសារស្វាគមន៍ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើដំណើរចូលមកកាន់ទឹកដីស្រុកកោះញែកផងដែរ។លោកបញ្ជាក់ថា ស្លាកនេះក៏ជាការជូនដំណឹងដល់អ្នកដំណើរថា ពួកគេបានចូលមកដល់ស្រុកកោះញែកហើយ នៅសល់ប្រមាណ ២០គីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងទៅដល់ទីរួមស្រុក។

ផ្ទាំងស្លាកដ៏ធំនេះ ត្រូវបានរចនាឡើងដោយរំលេចរូបភាពសត្វព្រៃកម្រនានា ដូចជា សត្វទន្សោង និងសត្វក្រពើភ្នំ ព្រមទាំងទេសភាពព្រៃឈើ និងស្រែស្រូវ ដែលជានិមិត្តរូបនៃសក្ដានុពលធម្មជាតិ និងវិស័យកសិកម្មរបស់ស្រុកកោះញែក។ ជាពិសេស ស្រុកនេះត្រូវបានចាត់ទុកថា មានផ្ទៃដីស្រែធំជាងគេនៅក្នុងខេត្តមណ្ឌលគិរី និងមានគុណភាពផលស្រូវល្អប្រសើរ។
អភិបាលស្រុកកោះញែកបានអះអាងថា ការដាក់ស្លាក «ស្រុកកោះញែក សូមស្វាគមន៍» មិនត្រឹមតែជួយបង្កើនសោភ័ណភាពតាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ និងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សធនធានធម្មជាតិក្នុងតំបន់ផងដែរ។
ស្រុកកោះញែក គឺជាតំបន់សម្បូរដោយធនធានព្រៃឈើ និងជីវៈចម្រុះ ជាជម្រកសម្រាប់សត្វព្រៃជាច្រើនប្រភេទ និងមានសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។ ស្លាកព្រំប្រទល់ថ្មីនេះ ក៏កំពុងក្លាយជាចំណុចទាក់ទាញសម្រាប់អ្នកដំណើរ និងជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុក ក្នុងការថែរក្សា លើកតម្កើង និងផ្សព្វផ្សាយធនធានធម្មជាតិដ៏សម្បូរបែបរបស់កោះញែកឱ្យកាន់តែមានការទទួលស្គាល់ទូលំទូលាយ។

ក្រោយការដំឡើងស្លាកព្រំប្រទល់ថ្មីនេះ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៧៦ បានសម្ដែងការគាំទ្រ និងសាទរ ដោយចាត់ទុកថា ជាសមិទ្ធផលថ្មីមួយដែលជួយលើកកម្ពស់មុខមាត់ស្រុកកោះញែក ឱ្យកាន់តែមានភាពទាក់ទាញ និងធ្វើឱ្យភ្ញៀវទេសចរយល់ដឹងកាន់តែច្បាស់អំពីសក្ដានុពលធម្មជាតិដ៏មានតម្លៃរបស់មូលដ្ឋាន៕
ដោយ៖ រៀម សុខហេង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


