Connect with us

ព័ត៌មានជាតិ

ដាណឺម៉ាកកំពុងសម្លឹងមើលពីការពង្រីកវិសាលភាពធ្វើពាណិជ្ជកម្មនៅកម្ពុជា

បានផុស

នៅ

ឯកអគ្គរាជទូតដាណឺម៉ាក អះអាងពីក្ដីសប្បាយរីករាយរបស់ជនជាតិខ្លួនចំពោះការរស់នៅ និងការធ្វើអាជីវកមុ្មនៅក្នុងប្រទេសកម្ពុជា។ ការណ៍នេះ លោក ថា ដាណឺម៉ាកកំពុងសម្លឹងមើលពីការពង្រីកថែមទៀតនូវការធ្វើពាណិជ្ជកម្មនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Danny Annan ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានគូសបញ្ជាក់ថា សហគមន៍ជនជាតិដាណឺម៉ាកនៅកម្ពុជាមានការពេញចិត្តក្នុងការរស់នៅ និងប្រកបរបរអាជីវកមុ្មនៅកម្ពុជា ហើយកំពុងសម្លឹងមើលពីការពង្រីកវិសាលភាពធ្វើពាណិជ្ជកម្មនៅកម្ពុជាបន្ថែមទៀត។

លោក Danny Annan បានសម្តែងការពេញចិត្តចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ដែលមានកំណើន១១% ក្នុងឆ្នាំ២០២៥ បើប្រៀបទៅនឹងឆ្នាំ២០២៤។ ខណៈដែលលោកក៏បានកត់សម្គាល់នូវកំណើនអ្នកទេសចរដាណឺម៉ាកមកកាន់កម្ពុជាផងដែរ។

ការលើកឡើងរបស់លោកឯកអគ្គរាជទូតដាណឺម៉ាកខាងលើ បានធ្វើឡើងក្នុងជំនួបសន្ទនារវាងលោក ជាមួយនឹងលោក នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា កាលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការបទេស ក្នុងរាជធានីភ្នំពេញ។

ក្នុងជំនួបសន្ទនានោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចការទូទៅជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា និងដាណឺម៉ាក លើវិស័យនយោបាយនិងសេដ្ឋកិច្ច ការលើកកម្ពស់ទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ បញ្ហាតំបន់ និងអន្តរជាតិ រួមទាំងអំពីលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី។

ភាគីទាំងពីរ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិភាក្សានយោបាយលើកដំបូង ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម