Connect with us

ព័ត៌មានជាតិ

អគ្គិភ័យ​កើត​ឡើង​ជាង​៧០០លើក បង្ក​ឱ្យ​មនុស្ស​ស្លាប់របួសជាង៧០នាក់​និង​បំផ្លាញ​ផ្ទះ​ជាង៦៧០ខ្នង

បានផុស

នៅ

រយៈពេល១០ខែ ឆ្នាំ២០២៥ នេះ គ្រោះអគ្គិភ័យបានកើតឡើងជាង៧០០ លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៧០នាក់ បំផ្លាញផ្ទះសំបែងជាង៦៧០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត មានការកើនឡើងបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងរបាយការណ៍ របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយបាន​ឱ្យ​ដឹង​ថា ចាប់ពីខែមករា រហូតដល់ ខែតុលា ឆ្នាំ២០២៥ គ្រោះអគ្គិភ័យ​បាន​កើត​ឡើង​ចំនួន​៧០៤លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន៦៧៩ខ្នង តូបផ្សារ៨៩តូប ឃ្លាំងទំនិញចំនួន ២៤ កន្លែង រោងចក្រសិប្បកម្មចំនួន១៣កន្លែង អគាររដ្ឋបាល ១២ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន២៩នាក់ និងរបួសចំនួន ៤៦ នាក់។

ក្នុងចំណោមអ្នកស្លាប់២៩នាក់ ក្នុងនោះ​នៅ​រាជធានីភ្នំពេញ​ដោយ​មាន​ករណី​គ្រោះអគ្គិភ័យកើត​ឡើងចំនួន១៤៦លើក បណ្តាលឱ្យឆេះផ្ទះ១៤០ខ្នង តូបផ្សារ២១តូប ឃ្លាំងទំនិញ១២ រោងចក្រសិប្បកម្ម៥កន្លែង អគាររដ្ឋបាល២កន្លែង ស្លាប់មនុស្ស១៣នាក់និងរបួស២០នាក់។

ក្រៅពីនេះនៅប៉ៃលិនមានម្នាក់ ព្រះសីហនុ៤នាក់ បាត់ដំបង២នាក់ កំពង់ធំ១នាក់ កំពង់ចាម២នាក់ ក្រចេះ១នាក់ ស្ទឹងត្រែង១នាក់ ស្វាយរៀង១នាក់ តាកែវ២នាក់និងកណ្តាល១នាក់។

យោង​តាម​របាយការណ៍ដដែលបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល ១០ ខែ ដូចគ្នា ឆ្នាំ ២០២៤ឃើញថា មានការកើនឡើងខណៈ១០ខែឆ្នាំមុន គ្រោះ​អគ្គិភ័យ​បានកើតឡើងចំនួន ៦៥៩ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៧២៥ ខ្នង តូបផ្សារ ១២២ តូប ឃ្លាំងទំនិញចំនួន ២០ កន្លែង រោងចក្រសិប្បកម្មចំនួន ២១ កន្លែង អគាររដ្ឋបាល ១៨ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ១៥ នាក់ និងរបួសចំនួន ៤៨ នាក់។

បើតាមលោកឧត្ដមសេនីយ៍ឯក នេត វាន់ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់ភ្លើងចំនួន ៣៨,២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០,២១ ភាគរយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម