Connect with us

សន្តិសុខសង្គម

ឆេះទីតាំងស្តុកទុយោសម្រាប់រំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបង ខាតបង់ប្រហែល ២លានដុល្លារ

បានផុស

នៅ


        
ទីតាំងស្តុកទុយោមួយកន្លែង ដែលមានទុយោគរដូចភ្នំ ត្រូវបានអគ្គីភ័យបំផ្លាញគ្មានសល់ និងមានការខាតបង់រាប់លានដុល្លារផងដែរ ដែលទុយោនេះ ជារបស់ក្រុមហ៊ុនម៉ៅការសម្រាប់តភ្ជាប់រំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបងទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ដ៏រន្ធត់ និងមានអណ្ដាតភ្លើងពេញផ្ទៃមេឃផងនោះបានកើតឡើងនៅវេលាម៉ោង ៥ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ គឺបានកើតឡើងត្រង់ចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលជាទីតាំង ស្តុកទុយោទឹក ចំនួន ១កន្លែង របស់ក្រុមហ៊ុន គិរីដងរែក ទទួលម៉ៅការដាក់ ប្រព័ន្ធទុយោរំដោះទឹកកខ្វក់ចេញពីក្រុង។

បើតាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា ការឆាបឆេះនេះ គេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ ដោយគ្រាន់តែដឹងថាពេលដែលចាប់ផ្ដើមឆាប់ឆេះដំបូងគឺមានរថយន្តរបស់ក្រុមហ៊ុនចំនួន ២គ្រឿង បានចូលទៅបាញ់ពន្លត់ ប៉ុន្តែមិនអាចទប់ទល់នឹងសភាពការណ៍បាន ដោយសារតែអណ្ដាតភ្លើងកាន់តែឆាប់ឆេះខ្លាំងឡើង ទើបហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមកជួយអន្តរាគមន៍ ប៉ុន្តែអ្វីៗបានហួសពេលទៅហើយ ព្រោះរថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅក្បែរបាន ដោយសារតែផ្សែង និងអណ្ដាតភ្លើងខ្មួលខ្មាញ់ខ្លាំងពេក ដោយនៅពេលនោះដែរមន្ត្រីអគ្គីភ័យ ក៏បានរងរបួសមួយចំនួនដែរដោយសារពុលនឹងផ្សែង។   

តាមការប៉ាន់ស្មានជាបឋមរបស់សមត្ថកិច្ច គឺសម្ភារខូចខាត មានតែទុយោប៉ុណ្ណោះ ដោយអស់ប្រហែល ២ ០០០ ០០០ ( ពីរលានដុល្លាអាមេរិក) រីឯមូលហេតុ ស្ថិតក្នុងការស្រាវជ្រាវ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ ត្រូវបានកម្លាំងការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញរថយន្តចំនួន ៧គ្រឿង រថយន្តរបស់ក្រុមហ៊ុនចំនួន ២គ្រឿង ដោយប្រើប្រាស់ទឹក អស់ចំនួន ១៦រថយន្ត ទើបមិនបង្កឱ្យឆេះឆ្លងទៅផ្ទះប្រជាពលរដ្ឋ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម