ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រីកម្ពុជាថាប្រាសាទបុរាណខ្មែរសម្បត្តិបេតិកភណ្ឌពិភពលោកកំពុងរងការឈឺចាប់ត្រូវការUNESCOសង្រ្គោះចេញពីទង្វើយោធាថៃឈ្លានពានជាបន្ទាន់
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រិះគន់ថា មេដឹកនាំUNESCO បច្ចុប្បន្ន គ្មានបេះដូងស្រឡាញ់ប្រាសាទបុរាណសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក សុខចិត្តស្ងៀមស្ងាត់ បិទភ្នែក បិទមាត់បណ្ដោយឱ្យយោធាថៃបំផ្លិចបំផ្លាញម្ដងហើយម្ដងទៀត ដោយមិនចេញមុខទប់ស្កាត់ ឬថ្កោលទោសឡើយ។ លោកថា ប្រាសាទបុរាណខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក កំពុងឈឺចាប់ត្រូវការយូណេស្កូសង្គ្រោះចេញពីទង្វើយោធាថៃឈ្លានពាន បាញ់កម្ទេចជាបន្ទាន់។ លោក រិះគន់ដូច្នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១១ ខែធ្នូ ក្រោយយោធាថៃកម្ទេចប្រាសាទព្រះវិហាម្ដងហើយម្ដងទៀត និងថែមទាំងកម្ទេចប្រាសាទតាក្របីកាលពីថ្ងៃទី៩ ខែធ្នូ។

លោក កែវ រ៉េមី ក៏ប្រៀបធៀបមេដឹកនាំUNESCOបច្ចុប្បន្ន និងមុនៗថា មេដឹកនាំUNESCOពីមុន មានបេះដូងស្រឡាញ់ឱ្យតម្លៃលើប្រាសាទបុរាណទៅលើសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោកណាស់ ពោលពេលប្រទេសសមាជិកផ្ទុះសង្គ្រាមផ្ទៃក្នុង ឬសង្គ្រាមរដ្ឋ និងរដ្ឋ UNESCO តែងតែចេញសេចក្តីថ្លែងការណ៍ការពារ ទប់ស្កាត់កុំឱ្យការផ្ទុះអាវុធនោះ ប៉ះពាល់ ឬបំផ្លាញដល់សម្បត្តិវប្បធម៌មនុស្សជាតិ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី រិះគន់ធ្ងន់ៗចំពោះមេដឹកនាំUNESCOបច្ចុប្បន្នថា៖«តែឥឡូវទាហានថៃបានដៃបំផ្លិចបំផ្លាញនូវសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីដំណាក់កាលឈ្លានពានលើកទីមួយរហូតដល់ពេលនេះ ក៏គ្មានអ្នកជំនាញណា ឬអ្នកទទួលខុសត្រូវនៅក្នុងស្ថាប័នអន្តរជាតិណាបានចេញមុខទប់ស្កាត់ ឬថ្កោលទោសរាល់ការបំផ្លិចបំផ្លាញរបស់ទាហានថៃ។ ផ្ទាំងថ្មទាំងឡាយដែលជាស្នាដៃនែបុព្វបុរសខ្មែរបាននិងកំពុងស្រែកការឈឺចាប់ដង្ហោយហៅអ្នកជួយសង្រ្គោះចេញពីពួកទមិឡឈ្លានពានដែលជាសត្រូវប្រវត្តិសាស្ត្រ។ »។

ក្រសួងវប្បធម៌កម្ពុជា អះអាងថាចាប់តាំងពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ថៃបានបង្កើតលេស និងបង្កជម្លោះប្រដាប់អាវុធនៅតំបន់ប្រាសាទព្រះវិហារជាច្រើនលើកច្រើនសារនៅចន្លោះឆ្នាំ២០០៨ និង ឆ្នាំ២០១១ ព្រមទាំងបានបង្កជម្លោះសារជាថ្មីនៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងការឈ្លានពាននៅចុងខែកក្កដា យោធាថៃបានប្រើសព្វាវុធធុនធ្ងន់ F-16 បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រាសាទព្រះវិហារជាការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្ដីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ និងអនុសញ្ញាអង្គការយូណេស្គូឆ្នាំ១៩៧២ ស្ដីពីការការពារបេរិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកដែលប្រទេសថៃជារដ្ឋសមាជិកផងដែរ។

ម្ដងហើយម្ដងទៀត នៅថ្ងៃទី៨ ខែធ្នូ យោធាថៃបានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ និង ហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀត និងបានបំផ្លាញដងស្ទូចសម្រាប់ប្រើប្រាស់លើការងារអភិរក្សប្រាសាទ។

នៅថ្ងៃទី៩ ខែធ្នូ យោធាថៃបានបើកការបាញ់ប្រហារកម្ទេចប្រាសាទតាក្របីរបស់កម្ពុជា បណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរនៅផ្នែកកំពូល និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត នៃប្រាសាទតាក្របី ដែលជាទីគោរពសក្ការៈបូជារបស់កម្ពុជា។ ក្រសួងវប្បធម៌ចាត់ទុកទង្វើនេះថាជាទង្វើដ៏សាហាវ អសីលធម៌ ប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងជាទីសក្ការៈបូជាដែលជាមរតកមនុស្សជាតិ ពិសេសវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។
ក្រសួងវប្បធម៌កម្ពុជាទាមទារឱ្យអន្តរជាតិ ជាពិសេសអង្គការយូណេស្កូ អាស៊ាន បុគ្គលដែលស្រឡាញ់ការពារបេតិកភណ្ឌវប្បធម៌ ថ្កោលទោស និងជំរុញឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


