Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តក្រចេះ ណែនាំ​ឱ្យមន្ទីរបរិស្ថាន​​បែង​ចែក​​​​ដី​អភិរក្ស​ និង​ដីសហគមន៍​ឲ្យបាន​ច្បាស់លាស់ ការពារ​ការ​រំលោភបំពាន

បានផុស

នៅ

លោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ ជម្រុញឱ្យមន្ទីរបរិស្ថាន ក៏ដូចជាអង្គការដៃគូនិងអ្នកពាក់ព័ន្ធទាំងអស់ បន្ត​យកចិត្តទុកដាក់ ផ្តោតសំខាន់លើការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងតំបន់ជីវចម្រុះក្នុងខេត្ត ដើម្បីធានាបាននូវតុល្យភាពរវាងការអភិរក្សសត្វព្រៃដែលជិតផុតពូជ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការជម្រុញណែនាំខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ អញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្ខាសាលារួមមួយ ឆ្លុះបញ្ចាំងពីការគ្រប់គ្រងដែនជម្រកសត្វព្រែកប្រសព្វ និង ដែនជម្រកសត្វព្រៃសំបូរ ក្នុងឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហង្ស ចាន់ឌី បានបញ្ជាក់ថា តំបន់ការពារត្រូវបានបែងចែកជា ៤ ប្រភេទ នេះបើយោងតាមអនុក្រឹត្យ៖ ទី១ តំបន់ស្នូល៖ តំបន់ដែលមានតម្លៃអភិរក្សខ្ពស់បំផុត មិនអនុញ្ញាតឱ្យមានការចូលប្រើប្រាស់ឡើយ។ ទី២ តំបន់អភិរក្ស៖ តំបន់សម្រាប់ការពារធនធានធម្មជាតិនិងជីវចម្រុះ។ ទី៣ តំបន់ប្រើប្រាស់ដោយចីរភាព៖ តំបន់ដែលអាចឱ្យមានការអភិវឌ្ឍ ឬការប្រើប្រាស់ធនធានតាមការកំណត់។ ទី៤ តំបន់សហគមន៍៖ តំបន់ដែលផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋមូលដ្ឋានប្រើប្រាស់សម្រាប់អាស្រ័យផល និងរស់នៅដើម្បីបង្កើនជីវភាពប្រចាំថ្ងៃ។

លោកអភិបាល​រង​ខេត្ត​បានណែនាំ​ឲ្យ​កំណត់ព្រំប្រទល់រវាងដីរដ្ឋ (តំបន់ការពារ) និងដីសហគមន៍ឱ្យបានច្បាស់ ដើម្បីកាត់បន្ថយ​ជម្លោះរវាងប្រជាពលរដ្ឋ និងមន្ត្រីឧទ្យានុរក្ស ត្រូវបញ្ឈប់ការបញ្ជាក់លើការកាន់កាប់ដីខុសច្បាប់ លោកមេឃុំនិងអាជ្ញាធរមូលដ្ឋាន មិនឱ្យចុះហត្ថលេខាទទួលស្គាល់ការទិញ-លក់ ឬការកាន់កាប់ដីក្នុងតំបន់ការពារឡើយ ដរាបណាការបោះបង្គោលព្រំមិនទាន់បានបញ្ចប់ជាស្ថាពរ។

លោកបានក្រើនរំលឹកថា «ដីទាំងអស់នេះនៅពេលយើងថែរក្សាបាន វាមិនមែនជាប្រយោជន៍របស់មន្ទីរបរិស្ថាន ឬក្រសួងបរិស្ថានតែម្នាក់ឯងនោះទេ គឺវាជាប្រយោជន៍រួមរបស់បងប្អូននៅក្នុងមូលដ្ឋាន»៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម