Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល៖ សុខភាពប្រជាជន និងវីរកងទ័ព គឺជាអាទិភាពខ្ពស់បំផុត នៅគ្រប់កាលៈទេសៈទាំងអស់

បានផុស

នៅ

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាល បានលើកឡើងថា​ សុខភាពរបស់ប្រជាជន និងវីរកងទ័ព គឺជាអាទិភាពខ្ពស់បំផុត នៅគ្រប់កាលៈទេសៈទាំងអស់។ លោករដ្ឋមន្ត្រីលើកឡើងដូច្នេះ ក្នុងពេលសួរសុខទុក្ខសហភាតរៈនៅតាមនាយកដ្ឋាននានា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះសួរសុខទុក្ខសហភាតរៈនៅតាមនាយកដ្ឋាននានា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាល បានអរគុណដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងក្រុមថែទាំសុខភាពទាំងអស់ ដែលកំពុងគាំទ្រការបន្តបម្រើសេវាសង្គ្រោះព្យាបាលប្រជាជន និងវីរកងទ័ព ជាមួយភាពក្លាហាន និងវិន័យខ្ពស់ក្នុងភារកិច្ចដោយឥតនឿយហត់។

បើតាមក្រសួងសុខាភិបាល នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលប្រទេសជាតិកំពុងប្រឈមមុខនឹងសកម្មភាពឈ្លានពានពីកងទ័ពថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា ក្រសួងបានពង្រឹងប្រព័ន្ធសុខាភិបាលជាប់ជាប្រចាំ ជាពិសេសប្រព័ន្ធបញ្ជូនអ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ មានសារៈសំខាន់ខ្លាំង និងជាអាទិភាពមួយក្នុងចំណោមវិស័យគន្លឹះទាំង៩ សម្រាប់ធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ។

ដោយឡែក នៅក្នុងសកម្មភាពចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ លោករដ្ឋមន្ត្រី តាមរយៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅតាមខេត្តជាប់ព្រំដែន ក្នុងរូបភាពជាកងទ័ពអាវស។ ព្រមទាំងបានជួបពិភាក្សា និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំ មន្ទីរ​សុខាភិបាល​ ការិយាល័យ​ស្រុក​ប្រតិបត្តិ​ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ក្នុង​ការ​ជំរុញ ការ​យកចិត្តទុកដាក់​ ការផ្សព្វផ្សាយសារអប់រំសុខភាព​នៅតាមមណ្ឌលសុវត្តិភាព រៀបចំ​ផែនការការពារសុខភាព​ និងសង្រ្គោះបន្ទាន់ ការបម្រើសេវា​ ជូន​វីរកងទ័ព​ ប្រជាជនភៀសសឹក​ និង​អនុវត្ត​បែងចែក​ភារកិច្ច​របស់មន្ត្រីសុខាភិបាល​​ឱ្យមានក្រុមគ្រូពេទ្យប្រចាំការ​២៤ម៉/​២៤ម៉ ព្រមទាំង​ការគ្រប់​គ្រង​ការផ្គត់ផ្គង់ឱសថបរិក្ខា​បានល្អ និង​ប្រព័ន្ធ​បញ្ជូន​ទាន់ពេល​វេលា​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម