Connect with us

សុខភាព

ញ័រដៃ ញ័រទ្រូង គេងមិនលក់! អាចជាសញ្ញាព្រមាននៃបញ្ហាក្រពេញទីរ៉ូអុីត “ជំងឺពក ក”

បានផុស

នៅ

អាការៈញ័រដៃ ញ័រទ្រូង បេះដូងលោតញាប់ ឬគេងមិនលក់ ដែលមនុស្សជាច្រើនតែងមើលរំលង អាចជាសញ្ញាព្រមាននៃបញ្ហាក្រពេញទីរ៉ូអុីត ដែលជាសរីរាង្គដ៏សំខាន់មួយក្នុងការគ្រប់គ្រងការរំលាយអាហារ និងដំណើរការផ្សេងៗរបស់រាងកាយ។

គួរឱ្យដឹងដែរថា ក្រពេញទីរ៉ូអុីត មានតួនាទីផលិត និងបញ្ចេញអ័រម៉ូនទីរ៉ុកស៊ីន (Thyroxine) ដែលជួយជំរុញការបំលែងសារធាតុចិញ្ចឹម ការសំយោគ និងប្រតិកម្មប្រូតេអុីនរបស់សរីរាង្គ រំញោចការកន្រ្តាក់របស់សាច់ដុំបេះដូង និងប្រដាប់រំលាយអាហារ ហើយជាពិសេស ចំពោះក្មេងគឺចូលរួមក្នុងការការលូតលាស់ប្រព័ន្ធប្រសាទនិងឆ្អឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសារចែករំលែករបស់មន្ទីពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា រោគសញ្ញាដុំពកក្រពេញទីរ៉ូអុីត ឬជំងឺពក.ក ជាការរីកនូវក្រពេញទីរ៉ូអុីតធំខុសពីធម្មតា ដែលអាចមានអាការៈរីកក្រពេញទាំងមូល ដុំតែមួយ ឬច្រើនដុំ នៅក្នុងក្រពេញ។ ឯការរីកដុំក្រពេញនេះ អាចជាសញ្ញាបញ្ជាក់ពីវិបត្តិនៃការបញ្ចេញអ័រម៉ូន ការរលាកក្រពេញ ដុំពកស្លូតឬកាច ឬការរីកធម្មតារបស់ក្រពេញ។

ក្រៅពីការរីកធំរបស់ក្រពេញ រោគសញ្ញាដែលអាចកើតមានក្នុងករណីអ័រម៉ូនបញ្ចេញលើសធម្មតា រួមមាន ញ័រទ្រូង ញ័រដៃ បេះដូងលោតញាប់ គេងមិនលក់ មួម៉ៅ ឆាប់ហត់ និងកើនកំដៅក្នុងខ្លួនជាដើម។ល។ ប៉ុន្តែក្នុងករណីខ្លះ ការបញ្ចេញអ័រម៉ូនធម្មតា តែដោយសារដុំក្រពេញរីកធំខ្លាំង ធ្វើឱ្យមានវិបត្តិក្នុងការដកដង្ហើម ឬការលេបអាហារ។

ប្រភពដដែលបញ្ជាក់ដែរថា ក្នុងការព្យាបាលដុំពកក្រពេញទីរ៉ូអុីត គឺគ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ ថាតើវាជាប្រភេទដុំពកណាមួយហើយយើងត្រូវធ្វើការតាមដានបន្ត ឬត្រូវព្យាបាលដោយថ្នាំ ឬក៏ត្រូវធ្វើការវះកាត់ក្នុងលក្ខ័ណ្ឌចាំបាច់ផ្សេងៗ ឬសង្ស័យថាជាដុំមហារីក។

ចំណែកក្នុងករណីមហារីកក្រពេញទីរ៉ូអុីតដែលពុំទាន់រីករាលដាល បើធ្វើការវះកាត់បានទាន់ពេលវេលា គឺអាចទទួលបានអត្រាជាសះស្បើយខ្ពស់យ៉ាងល្អប្រសើរ។

ក្រុមគ្រូពេទ្យក៏បានណែនាំដេរថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាដុំពកក្រពេញទីរ៉ូអុីត ឬមានរោគសញ្ញា ដូចជា ញ័រដៃ ញ័រទ្រូង បេះដូងលោតញាប់ និងគេងមិនលក់ជាប្រចាំ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកជំងឺក្រពេញ ជំនាញវិភាគកោសិកា និងជំនាញវះកាត់ក្រពេញទីរ៉ូអុីត ដើម្បីទទួលបានការពិនិត្យ និងព្យាបាលបានទាន់ពេលវេលា៕ ដោយ ៖ ជុំ សុជាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម