Connect with us

ព័ត៌មានជាតិ

ក្រសួងនឹងព្យួរ ឬលុបលិខិតអនុញ្ញាតមូលដ្ឋានសុខាភិបាលដែលប្រព្រឹត្តកំហុសឆ្គងក្នុងការផ្សព្វផ្សាយវិជ្ជាជីវៈសុខាភិបាល

បានផុស

នៅ

ក្រសួងសុខាភិបាល នឹងធ្វើការព្រមានជាលាយលក្ខណ៍អក្សរ ព្យួរ ឬលុបលិខិតអនុញ្ញាតទៅលើមូលដ្ឋានសុខាភិបាលទាំងឡាយណាដែលប្រព្រឹត្តកំហុសឆ្គងក្នុងការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ។លើសពីនេះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលបានប្រព្រឹត្តកំហុសឆ្គងក្នុងការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈ សុខាភិបាលអាចប្រឈមនឹងទណ្ឌកម្មដែលកំណត់ដោយគណៈវិជ្ជាជីវៈសុខាភិបាលដែលពាក់ព័ន្ធផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងប្រកាស ស្តីពី ការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៩ធ្នូនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះប្រសិនបើរកឃើញថាមូលដ្ឋានសុខាភិបាលទាំងនោះផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលដោយការប្រើពាក្យពេចន៍លើកតម្កើងខ្លួនតែមួយ ឬប្រកួតប្រជែង វាយប្រហារ ដើម្បីផ្តួលសេវាកម្មរបស់ មូលដ្ឋានសុខាភិបាលផ្សេងទៀត ការប្រឌិត ឬបំភ្លៃការពិតប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ធ្វើជាមុខជំនួញផ្ទាល់ខ្លួនណាមួយ តាមរូបភាពផ្សព្វផ្សាយដោយផ្ទាល់ ឬដោយប្រយោល តាមរូបភាពសម្ភាសអតិថិជន ឬអ្នកជំងឺ។ ការផ្សព្វផ្សាយដែលប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយ ឬការផ្សាយផ្ទាល់ (LIVE) ឬផ្សាយបន្តផ្ទាល់នានា ឬចែករំលែកបន្ត (SHARE)ជាសាធារណៈ អំពីរោគសញ្ញាគ្លីនិកនៃជំងឺ និងវិធីព្យាបាលណាមួយ ដែលមានលក្ខណៈបំផ្លើស បោកប្រាស់អតិថិជន ឬមានលក្ខណៈពាណិជ្ជកម្មដែលប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈ និងការបំពាននឹងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានផ្សេងទៀត។ ក្រសួងមិនអនុញ្ញាតឱ្យមូលដ្ឋានសុខាភិបាលប្រើប្រាស់ឈ្មោះមូលដ្ឋានសុខាភិបាលដទៃ ឬឈ្មោះអ្នកឯកទេស សហការជាមួយគ្នា ទោះជាបរទេសក្ដី ក្នុងរូបភាពក្លែងបន្លំ ដែលមានគោលបំណងឃោសនាផ្សព្វផ្សាយពាណិជ្ជកម្ម ដែលប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈ។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលមានសិទ្ធិលុបលិខិតអនុញ្ញាតផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ក្នុងករណី ពិនិត្យឃើញថា ខ្លឹមសារផ្សព្វផ្សាយមានលក្ខណៈខុសពីការអនុញ្ញាតរបស់ក្រសួងសុខាភិបាល ឬការផ្សព្វផ្សាយ នោះអាចបង្កបាតុភាពមិនល្អផ្សេងៗ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលដែលមិនប៉ះពាល់ដល់ក្រមសីលធម៌ អាចប្រព្រឹត្តទៅបានលុះត្រាតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយដាក់ពាក្យស្នើសុំតាមរយៈច្រកចេញចូលតែមួយ របស់ក្រសួងសុខាភិបាល។ អ្នកទទួលខុសត្រូវមូលដ្ឋានសុខាភិបាលឯកជន អង្គការ និងសមាគមដែលផ្តល់សេវាសុខាភិបាល ដែលមានបំណងផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលតម្រូវឱ្យដាក់ពាក្យស្នើសុំមកក្រសួងសុខាភិបាល។ ដោយតម្រូវឱ្យភ្ជាប់មកជាមួយនូវខ្លឹមសារ អត្ថបទ និង/ឬរូបភាព និង/ឬស្សិតវីដេអូ និង/ឬសេណារីយ៉ូ និង/ឬសោតទស្សន៍ជាឯកសារទន់ (Soft Copy) និង ឯកសាររឹង (Hard Copy) ព្រមជាមួយឯកសារយោងដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ។

មូលដ្ឋានសុខាភិបាលឯកជនដែលមានបំណងធ្វើការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ទោះក្នុងរូបភាពចែករំលែកចំណេះដឹង ឬការអប់រំថែទាំសុខភាពក៏ដោយ លុះត្រាតែមានការអនុញ្ញាតពីក្រសួង សុខាភិបាលទើបធ្វើការផ្សព្វផ្សាយបាន។

អ្នកទទួលខុសត្រូវមូលដ្ឋានសុខាភិបាលឯកជនអាចសុំធ្វើការផ្សព្វផ្សាយពីទីតាំង និងសេវាសុខាភិបា លរបស់ខ្លួនបាន នៅពេលបើកទីតាំងថ្មី ផ្លាស់ប្តូរទីតាំង ផ្លាស់ប្តូរឬបន្ថែមមុខជំនាញ ឬស្នើសុំបន្តសុពលភាព អំពីការអនុញ្ញាតផ្សព្វផ្សាយដែលបានទទួលរួចហើយ។បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យរួច ក្រសួងសុខាភិបាលនឹងផ្តល់ការអនុញ្ញាតឱ្យចុះផ្សាយជាសាធារណៈរួមមាននាម-គោត្តនាម អាសយដ្ឋាន លេខទូរស័ព្ទ ឬមធ្យោបាយទំនាក់ទំនងផ្សេងទៀត ពេលវេលាទទួល ពិគ្រោះព្យាបាលរបស់អ្នកប្រកបវិជ្ជាជីវៈ។

គុណវុឌ្ឍ រួមមានសញ្ញាប័ត្រ និងសមត្ថភាពផ្សេងៗ ទទួលស្គាល់ដោយក្រសួងសុខាភិបាល។ស្ថានភាពសេវា និងអ្នកផ្តល់សេវា។ភាពជាដៃគូសេវាធានារ៉ាប់រងសុខភាពសាធារណៈនិងឯកជន បើមាន។ ខ្លឹមសារផ្សព្វផ្សាយផ្សេងៗទៀត ដែលទទួលបានអនុញ្ញាតពីក្រសួងសុខាភិបាល។

ចំពោះសុពលភាពនៃលិខិតអនុញ្ញាតផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលតាមរយៈវិទ្យុ ទូរទស្សន៍ ប្រព័ន្ធអេឡិចត្រូនិក គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ មានជាអាទិ៍ ហ្វេសប៊ុក តិកតុក តេឡេក្រាម អ៊ីនស្តាក្រាម យូធូប ប្រព័ន្ធផ្សព្វផ្សាយអ៊ុច ព្រមទាំងសារព័ត៌មាន ទស្សនាវដ្ដី ព្រឹត្តិបត្រវេជ្ជសាស្ត្រ ប្រតិទិន ប័ណ្ណប្រកាសរូបភាព ខិត្តប័ណ្ណ និងសម្ភារៈគ្រប់ប្រភេទ ផ្ទាំងរូបភាពធំៗ ផ្ទាំងរូបភាពអគ្គិសនី (LED) និងការផ្សព្វផ្សាយដោយប្រើឧង្ឃោសនសព្ទតាមទី សាធារណៈ មធ្យោបាយធ្វើដំណើរ ឬតាមរូបភាពផ្សេងៗ មានសុពលភាពរយៈពេល១២ខែ។តាមរយៈសិក្ខាសាលា ឬប្រជុំតុមូល ការតាំងពិព័រណ៍គ្រប់ប្រភេទមានសុពលភាព១លើក មិនឱ្យ លើសពី៧ថ្ងៃ។ ការស្នើសុំបន្តសុពលភាពឡើងវិញនៅចំណុចទី១នៃប្រការនេះ តម្រូវឱ្យដាក់ពាក្យស្នើសុំឱ្យបានយ៉ាងតិច ២ខែ មុនពេលអស់សុពលភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម