ព័ត៌មានជាតិ
លោក គន់ គីម ឱ្យយុវជនពេញកម្លាំងចូលធ្វើការក្នុងការដ្ឋានសង់ជម្រកបណ្ដោះអាសន្ន ដើម្បីបានចំណូលជួយគ្រួសារ
ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់យុវជនពេញកម្លាំងចូលរួមធ្វើការងារក្នុងការដ្ឋាន ដែលកំពុងសាងសង់ផ្ទះស្នាក់បណ្ដោះអាសន្នសម្រាប់ជនភៀសសឹក ដើម្បីបានចំណូលជួយគ្រួសារ បន្ថែមលើទំនុកបម្រុងរបស់អាជ្ញាធរ និងរាជរដ្ឋាភិបាល។ ការណែនាំនេះធ្វើឡើង នៅក្នុងឱកាសទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យមើលសំណង់ស្នាក់នៅបណ្ដោះសន្នសម្រាប់ជនភៀសសឹក ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលថ្ងៃទី២១ ខែមីនាឆ្នាំ២០២៦។

ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា យុវជនពេញកម្លាំងគួរតែចូលធ្វើការងារជាកម្មករសំណង់ គ្រាន់បានប្រាក់ចំណូលបន្ថែម។

សម្រាប់ខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ជម្រកផ្ទះបណ្តោះអាសន្ន ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋភៀសសឹកចំនួន៣ពាន់គ្រួសារ ដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាននៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិចំនួន៥នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ស្របពេលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរកដំណោះស្រាយ ដោយសន្តិវិធីទាមទារដីកម្ពុជាមកវិញ ដែលយោធាថៃឈ្លានពាន ដោយការរាយបន្លាលួស និងដាក់ទូរកុងតឺន័រព័ទ្ធយក វាយកម្ទេច ក្រោយប្រជាពលរដ្ឋកម្ពុជាជម្លៀសខ្លួនពីការបង្ករសង្គ្រាមរបស់យោធាថៃ កាលពីថ្ងៃទី៨-២៧ ខែធ្នូ ឆ្នាំ២០២៥។

បើតាមអភិបាលរងខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ ប្រាប់ក្រុមអ្នកសារព័ត៌មានថា បច្ចុប្បន្ននេះ ពលរដ្ឋសរុប៨២២គ្រួសារមកពីតំបន់បឹងត្រកួន ក្នុងនោះភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គីចំនួន ៣១៨គ្រួសារ ដែលចាប់ឆ្នោតចូលរស់នៅជម្រកបណ្ដោះអាសន្នជាលើកទី១ កាលពីថ្ងៃ១៨ ខែមីនា បានបន្តរៀបចំ និងចូលស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នបណ្ដើរ។ ការចាប់ឆ្នោតជាលើកទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០ខែមេសា ខាងមុខ ដើម្បីឱ្យពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យអាចចូលរស់នៅក្នុងជម្រកបណ្ដោះអាសន្នមុនរដូវវស្សារមកដល់។

លោក អះអាងថា រាជរដ្ឋាភិបាល បានសាងសង់ជម្រកបណ្ដោះអាសន្នប្រមាណ៣ពាន់ខ្នង នៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ដោយភ្ជាប់មកនូវហេដ្ឋារចនាសម្ព័ន្ធតបណ្ដាញទឹកស្អាត អគ្គិសនីចូលដល់ក្នុងខ្នងផ្ទះ ផ្លូវខ្វាត់ខ្វែង និងមានផ្លូវធំចាក់បេតុង សាលារៀន ចាប់ពីបឋមសិក្សា ដល់វិទ្យាល័យ និងមន្ទីរពេទ្យ និងរៀបចំគម្រោងផ្សេងៗគាំទ្រដល់ការរស់នៅចិញ្ចឹមជីវិតពលរដ្ឋ ដែលរៀបចំជាលក្ខណៈទីប្រជុំជន។

សកម្មភាពទាំងនេះមិនត្រឹមតែជាការផ្តល់ជម្រកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវក្តីសង្ឃឹម និងការការពារយ៉ាងកក់ក្តៅដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ដែលបានលះបង់ និងឆ្លងកាត់ការលំបាកក្នុងគ្រាមានជម្លោះសឹក។ នេះជាកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការធានាថា គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានបោះបង់ចោលក្នុងគ្រាលំបាកនោះឡើយ៕


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


