Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ នឹងនិពន្ធសៀវភៅស្តីពី «វឌ្ឍនភាពខ្មែរឥស្លាមកម្ពុជា» ដើម្បីជាទុកជាប្រវត្តិសាស្រ្តដល់អ្នកជំនាន់ក្រោយ

បានផុស

នៅ

លោក អូ ស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសរបស់រដ្ឋាភិបាលកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃអង្គការសម្ព័ន្ធពិភពឥស្លាម នឹងនិពន្ធសៀវភៅស្តីពី «វឌ្ឍនភាពខ្មែរឥស្លាមកម្ពុជា» ដើម្បីជាទុកជាប្រវត្តិសាស្រ្តដល់អ្នកជំនាន់ក្រោយឱ្យបានដឹងឭពីការវិវត្តន៍«សុខដុមនីយកម្ម ជាតិសាសន៍ និង សាសនា» នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំតាក់តែងសៀវភៅនេះឡើង បន្ទាប់ពីមានកូនក្មួយយុវជន និងបងប្អូនមូស្លីមជាច្រើនចង់ដឹងពីអតីតកាល និងវឌ្ឍនភាពខ្មែរឥស្លាមកម្ពុជា និងបានស្នើសុំឱ្យ លោក អូស្មាន ហាស្សាន់ រៀបចំចងក្រងបោះពុម្ពសៀវភៅរក្សាទុកជាប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយៗបានដឹងឮ ពីរឿងពិតទាំងឡាយរបស់ខ្មែរឥស្លាមកម្ពុជាដែលកើតមានឡើង។ លោកបង្ហើបពីគោលបំណងនៃការសរសេរសៀវភៅនេះថា ៖«ដើម្បីកុំឱ្យមនុស្សវង្វេងខ្លះចង់បង្វែរផ្លាស់ប្ដូរប្រវត្តិសាស្ត្រ ព្រោះថាប្រវត្តិសាស្ត្រ គឺវានៅតែជាប្រវត្តិសាស្ត្រ»។

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ លោក អូនស្មាន ហាស្សាន់ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានរំឭកអំពីរឿងរ៉ាវមួយផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជូនដល់សហគមន៍ខ្មែរឥស្លាម។ លោកថា៖«សម្ដេចតេជោ បានបង្កើត និង បានការពារនូវភាព «សុខដុមនីយកម្ម ជាតិសាសន៍ និង សាសនា» កុំឱ្យមានការើសអើង ជម្លោះសាសនា និងមានគោលនយោបាយជូនជនជាតិទាំងឡាយ និង ជាពិសេសដល់បងប្អូនខ្មែរឥស្លាមតាំងពីយូរយាណាស់មកហើយ។ ខ្ញុំមិនលម្អិតរឿងនៅពេលនេះនោះទេ ព្រោះមានរឿងវែងឆ្ងាយដែរ ចាំសរសេរក្នុងសៀវភៅ»។

លោកបានរំឭកថា នៅដើមខែមេសា ឆ្នាំ ២០០០ សម្ដេចតេជោ ហ៊ុន សែន បានបង្គំទូលថ្វាយសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើតឱ្យមានចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាឡើងវិញ ដោយទ្រង់បានសព្វព្រះហឫទ័យឡាយព្រះហស្ថលេខា តាមព្រះរាជក្រឹត្យកាលពីថ្ងៃទី 07/4/2000 តែងតាំង អ្នកឧកញ៉ា សុះ កំរ៉ី ជាចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។

ដើមឡើយអ្នកឧកញ៉ា សុះ កំរ៉ី គឺជាគ្រូបង្រៀនខ្មែរឥស្លាមមួយរូប មានលំនៅឋាននៅភូមិពោធិឥន្ធ, លោកអូស្មាន បានអញ្ជើញគាត់មកនៅភ្នំពេញហើយបានបោះឆ្នោតធ្វើមុហ្វទី មានអាណត្តិតែ ៤ ឆ្នាំ ហើយចាប់ពីមានការតែងតាំងជាចាងហ្វាងមកដល់ពេលនេះគឺមានរយៈពេលជាង ២៧ ឆ្នាំទៅហើយ ដែលនៅកាលនោះលោក អូស្មាន គឺជាអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នីតិកាលទី២ នៃរដ្ឋសភា ជាទីប្រឹក្សាសម្ដេចនាយករដ្ឋមន្ត្រី និងជាបេសកជនពិសេសសម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយក៏ជាអាជីវករ ពាណិជ្ជករ ឧស្សាហករ ផងដែរ។

លោក អូស្មាន ហាស្សាន់ ក៏ធ្លាប់អះអាងថា ក្រោមម្លប់សន្តិភាព និងក្រោមការដឹករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តពីសម្ដេចតេជោ ហ៊ុន សែន សហគមន៍ឥស្លាមទទួលបានសិទ្ធិសេរីភាព ជំនឿពេញលេញបរិបូរណ៍ និងទទួលបានការអភិវឌ្ឍ និងទទួលបានតួនាទីផ្សេងៗនៅតាមស្ថាប័នកំពូលដោយគ្មានការរើសអើង។

ជារឿយៗ សម្តេចតេជោ ហ៊ុន សែន តែងតែអំពាវនាវឱ្យរក្សាសុខដុមនីយកម្មជាតិសាសន៍ និងសាសនា យ៉ាងខ្ជាប់ខ្ជួន ដោយសង្កត់ធ្ងន់ថាវាជាកត្តាសំខាន់បំផុតសម្រាប់ស្ថិរភាពកម្ពុជា។ ជាង៤៧ឆ្នាំកន្លងមក សម្តេចខិតខំទប់ស្កាត់ជម្លោះសាសនា និងបំបែកនិកាយ ដោយចាត់ទុកថាសង្គ្រាមសាសនាមានគ្រោះថ្នាក់ជាងសង្គ្រាមអាវុធ ហើយប្តេជ្ញាមិនឱ្យមានការរើសអើង ឬជម្លោះជាតិសាសន៍កើតឡើងឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម