Connect with us

ព័ត៌មានជាតិ

ពិធីបុកល័ក្ដ៖ សម្ដេចតេជោ ឱ្យអ្នកសិល្បៈឈប់សម្ដែងប៉ះពាល់ព្រះអល់ឡោះ កាយវិការខ្វះការគោរពពលរដ្ឋឥស្លាម

បានផុស

នៅ

ក្នុងពិធីបុកល័ក្ដ ផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ  សម្ដេចតេជោ ហ៊ុន សែន  ឱ្យក្រុមអ្នកសិល្បៈប្រពៃណីខ្មែរបញ្ឈប់ការសម្ដែងប៉ះពាល់ព្រះអល់ឡោះ ដែលពលរដ្ឋឥស្លាមគោរពខ្លាំង និងត្រូវកែប្រែកាយវិការ ពាក្យសម្ដី ដែលខ្វះការគោរពចំពោះពលរដ្ឋឥស្លាម និងសូមឱ្យការសាមគ្គីរវាងពលរដ្ឋខ្មែរ និងខ្មែរឥស្លាមនៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀត។ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ដំបូន្មានទៅកាន់ក្រុមអ្នកសិល្បៈដូច្នេះ បន្ទាប់ពីថ្មីៗនេះ  ក្នុងពិធីបុកល័ក្ត ក្រុមសិល្បៈរបស់លោក ដួង សុខគា បានស្លៀកពាក់ ប្រព្រឹត្តកាយវិការប៉ះពាល់ដល់សាសនាឥស្លាម បណ្ដាលឱ្យមានការរិះគន់ពីសំណាក់ខ្មែរឥស្លាម និងសាធារណជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីកើតមានករណីនេះ លោក ដួង សុខគា បានចេញមកទទួលស្គាល់កំហុស និងបញ្ជាក់ថា ការសម្ដែងក្នុងពិធីបុកល័ក្ដនេះ មិនមានចេតនាណាមួយប្រមាថ ធ្វើឱ្យប៉ះពាល់ដល់ខ្មែរឥស្លាមឡើយ លោក សុំឱ្យពលរដ្ឋខ្មែរឥស្លាមទាំងអស់លើកលែងទោស ដោយសន្យាថាឱ្យមានបញ្ហាបែបនេះកើតមានទៀតឡើយ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សរសេរនៅទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ដូច្នេះ៖«ក្បែភ្លឺយប់មិញ ខ្ញុំបានបង្ហោះសារទាក់ទងដល់ពិធីបុកលក្ត័ដែលមានតួសម្តែងជាខ្មែរឥស្លាម។ឆ្លងកាត់នូវយោបល់របស់បងប្អូនដែលជាខ្មែរឥស្លាមបង្ហាញឱ្យឃើញថាបងប្អូនមិនបានជំទាស់ និងការសម្ដែងដែលមានតួសម្ដែងជាបងប្អូនខ្មែរឥស្លាមនោះទេ។ អ្វីដែលបងប្អូនមិនសប្បាយចិត្ត គឺពាក្យពេចន៍ និងឥរិយាបទសម្ដែងខ្លះ ខ្វះការគោរពចំពោះព្រះរបស់ឥស្លាមទើបធ្វើឲ្យមានប្រតិកម្ម។ រឿងនេះសូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការ ទាំងពាក្យសម្ដីនិយាយ។ បងប្អូនឥស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់នូវព្រះអាល់ឡោះដូចនេះមិនអាចសម្ដែងប៉ះពាល់បានទេ។»។

សម្ដេច ហ៊ុន សែន បន្តថា៖«ដូចនេះបញ្ហានេះបានចាប់ផ្តើមចេញពីការមិនយល់ពីតួអង្គសម្ដែង ឬក្រុមសម្ដែងដែលទាមទារនូវការកែតម្រូវជាបន្ទាន់ទាំងពាក្យសំដី ទាំងកាយវិការសម្រាប់ការសម្ដែងជៀសវាងឱ្យខាងតែបាននូវពាក្យពេចន៍ ឬកាយវិការខ្វះការគោរពចំពោះបងប្អូនឥស្លាម។ សូមឱ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍និងសាសនានៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀត។  »។

ពិធីបុកល័ក្ត ជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ។ ពិធីនេះរៀបចំក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុស កូនស្រី ត្រូវទទួលនូវពាក្យផ្អែម ល្វីង ជូរ ចត់ ហឹរ ប្រៃ ក្នុងជីវិតប្តីប្រពន្ធ ឧបមាដូចទៅនឹងរសជាតិវត្ថុជាថ្នាំផ្សេងៗផ្សំមកប្រើធ្វើធ្មេញក្នុងពិធីបុកល័ក្ត។ ក្នុងពិធីបុកល័ក្តតែងមានការចូលរួមពីបងប្អូនញាតិមិត្ត ដោយមិនប្រកាន់ពណ៌សម្បុរ ឬ សាសនានោះឡើយ។ នៅតំបន់ខ្លះ តែងធ្វើពិធីនេះដោយមានការសម្តែងវែងឆ្ងាយពីដំណើរទៅរកល័ក្ត និងគ្រឿងថ្នាំ ដោយឆ្លងទឹក ឆ្លងអូរ កាត់ព្រៃភ្នំ ហើយជួបប្រទះដោយសត្វតូចធំនានាជាឧបសគ្គ។ រីឯការសម្តែងជាសិល្បៈ ភាគច្រើន គឺពាក់ព័ន្ធនឹងសកម្មភាពនៃដំណើររកល័ក្តដោយជួបជាតិសាសន៍ផ្សេងៗ ដូចជាចិន ចាម្ប៉ា ជនជាតិដើមភាគតិច ជាដើម។ល។ ក្នុងការអនុវត្តជាក់ស្តែង ពិធីនេះអាចប្រែប្រួលតាមទម្រង់ផ្សេងៗទៅតាមតំបន់ ឬទៅតាមលទ្ធភាពនានា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវទៅកាន់ក្រុមអ្នកសិល្បៈប្រពៃណីខ្មែរថា ទោះជាពិធីនេះស្ថិតក្រោមទម្រង់ណាមួយក៏ដោយ ក៏ក្នុងន័យដើម្បីចូលរួមរក្សាតម្លៃ ជំនឿសាសនា និង របៀបរបបប្រពៃណីរបស់អាពាហ៍ពិពាហ៍ខ្មែរ ដូច្នេះអ្នកសិល្បៈ និង អ្នករៀបចំពិធី ត្រូវព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាន នូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ជាពិសេសការប្រើប្រាស់ពាក្យសម្តី កាយវិការ និងសម្លៀកបំពាក់ ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម