ព័ត៌មានជាតិ
របាយការណ៍របស់ CDRI និង ERIA ថា ពលករខ្មែរមកពីថៃជាង៦០ម៉ឺននាក់មានការងារធ្វើ ផ្ទុយពីរបាយការណ៍របស់សង់ត្រាល់
វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) បានផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះថា ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦០ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈការផ្គូផ្គងការងារទ្រង់ទ្រាយធំ ដែលមានវេទិកាការងារ ពិព័រណ៌ការងារចល័ត និងការពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)។

វិទ្យាស្ថាន CDRI និង ERIA បានឱ្យដឹងថា៖«អតីតពលករខ្មែរដែលបានវិលត្រឡប់មកធ្វើប្រទេសថៃប្រមាណជាង ៦០ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈការផ្គូផ្គងការងារទ្រង់ទ្រាយធំ ដែលចូលធ្វើការងារនៅតាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស។ ពួកគាត់ទទួលបានការងារតាមរយៈវេទិកាការងារ កម្មវិធីពិរព័ណ៍ការងារចល័ត និងការពង្រីកកម្មវិធី TVET កាន់តែទូលំទូលាយ»។

វិទ្យាស្ថានទាំងពីរបានបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការធ្វើសមាហរណកម្មទីផ្សារការងារ និងឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់ស្ថាប័នជាតិក្នុងការឆ្លើយតបទៅនឹងការប៉ះពាល់កម្លាំងពលកម្មដែលមិនធ្លាប់មានពីមុនមក។

ជុំវិញការចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានទាំងពីរនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា របាយការណ៍ដែលរកឃើញដោយវិទ្យាស្ថានទាំងពីរនេះមានលក្ខណៈប្រហាក់ប្រហែលទៅនឹងរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្ដែអាចទទួលយកបាន។

សម្រាប់របាយការណ៍របស់ក្រសួងការងារ គិតត្រឹមពេលនេះ អតីតពលករ ៦៥ម៉ឺននាក់ហើយ ដែលមានការងារធ្វើ ដោយក្នុងនោះអតីតពលករប្រមាណជាង ៣៣ម៉ឺននាក់ទទួលបានការងារធ្វើក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានធំៗ ព្រមទាំងទទួលបានរបបសន្ដិសុខសង្គម ខណៈដែលជាង ៣២ម៉ឺននាក់ផ្សេងទៀត បានធ្វើការនៅតាមការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិដ្ឋាន និងកន្លែងលក់ដូររាយនៅតាមមូលដ្ឋានរបស់ពួកគាត់។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។

លោកបញ្ជាក់ថា៖«ខ្ញុំបានឃើញរបាយការណ៍របស់វិទ្យាស្ថានទាំងពីរនេះ គឺមានលក្ខណៈប្រហាក់ប្រហែលគ្នាជាមួយតួលេខរបស់ក្រសួង ប៉ុន្ដែយើងអាចទទួលយកបាន ដែលសមស្របទៅតាមអ្វីដែលរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើកន្លងមក»។
បើតាមលោក ស៊ុន មេសា របាយការណ៍របស់ CDRI និង ERIA មានលក្ខណៈអាចទទួលយកបាន និងតំណាងឱ្យបទពិសោធន៍ ដែលអាចវាយតម្លៃជារួមចំពោះអតីតពលករដែលវិលត្រឡប់មកពីថៃ ខណៈដែលលោកមើលឃើញថា របាយការណ៍របស់សង់ត្រាល់ មិនមានសុក្រឹតភាពត្រឹមត្រូវ ដោយសារបញ្ហាបច្ចេកទេសនៃការស្ទង់មតិ ដែលនាំឱ្យរបាយការណ៍នេះមិនអាចឆ្លុះបញ្ចាំង ឬសន្និដ្ឋានជារួមទៅលើអតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃបានទេ៕

-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


