Connect with us

ព័ត៌មានជាតិ

រដ្ឋបាលឃុំបុសលាវ ដាក់ដេញថ្លៃគម្រោងស្តារប្រឡាយ ១ ខ្សែ ប្រវែង ១,៤០០ ម៉ែត្រ បម្រើវិស័យកសិកម្ម

បានផុស

នៅ

​នៅព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦ រដ្ឋបាលឃុំបុសលាវ បានរៀបចំដាក់ដេញថ្លៃគម្រោងស្តារប្រឡាយធម្មជាតិមួយខ្សែប្រវែង ១,៤០០ ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះដែលជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បម្រើដល់វិស័យកសិកម្មទាំងរដូវប្រាំង និងរដូវវស្សា ក្រោមអធិបតីភាព លោក ឥម ធីរិន អភិបាលរងស្រុកចិត្របុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងស្ដារប្រឡាយមួយខ្សែនេះ មានប្រវែង ១,៤០០ ម៉ែត្រ មានលូទ្វារទឹកនិយ័តករ ១កន្លែង លូជ្រុង ១កន្លែង តម្លៃប៉ាន់ស្មាន ១៣០,៨៧៤,៥៨២ រៀល ដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណជាង ២៥០ គ្រួសារ លើផ្ទៃដីដាំដុះ សរុបប្រមាណ ១,៩៩៥ ហិកតា។

តាមរយៈការដាក់ដេញថ្លៃជាសាធារណៈនិងមានការចូលរួមពីក្រុមហ៊ុនដេញថ្លៃគម្រោង ជាក់ស្ដែង ក្រុមហ៊ុន ផាត សុខហ៊ាង ជាអ្នកឈ្នះនៃការដេញថ្លៃក្នុងតម្លៃប្រមាណជា ៧១ លានរៀល ទាបជាងគេនិងទទួលបានសិទ្ធក្នុងការស្ដារប្រឡាយខាងលើ។ ​

តាមការបញ្ជាក់ពីលោក ណៃ ឃី មេឃុំបុសលាវ បានឱ្យដឹងថា គោលបំណងសំខាន់នៃគម្រោងនេះ គឺមានពីរ៖ ទីមួយ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងនៅរដូវវស្សា និងទីពីរ ដើម្បីស្តុកទឹកទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំង។ លោកមេឃុំបន្ថែមថា ប្រជាពលរដ្ឋក្នុងភូមិពោធិ៍ភាគច្រើនប្រកបរបរធ្វើស្រែប្រាំង ដែលចាំបាច់ត្រូវពឹងផ្អែកទាំងស្រុងលើប្រព័ន្ធធារាសាស្ត្រមួយនេះ។ ​

ក្នុងឱកាសនោះដែរ លោក ឥម ធីរិន អភិបាលរងស្រុកចិត្របុរី បានជំរុញ និងណែនាំដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិម៉ៅការ ត្រូវពន្លឿនការដ្ឋានឱ្យបានរួចរាល់មុនរដូវវស្សាមកដល់។ លោកបានបញ្ជាក់ថា តំបន់នេះជាភូមិសាស្ត្រដែលងាយរងគ្រោះដោយទឹកជំនន់ជាងគេក្នុងស្រុកចិត្របុរី ដូចនេះការស្តារប្រឡាយត្រូវពន្លឿនឲ្យបានលឿននឹងឆាប់រហ័ស និងត្រឹមត្រូវតាមបច្ចេកទេស គឺជាអាទិភាពខ្ពស់បំផុតដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម