ព័ត៌មានជាតិ
១៨ឆ្នាំប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រះមហាក្សត្រសរសើរស្មារតីជាតិខ្មែរការពារសម្បត្តិវប្បធម៌នេះ ក្រោយពីជម្លោះព្រំដែន
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជសារចូលរួមអបអរសាទរខួប១៨ឆ្នាំនៃការចុះប្រាសាទព្រះវិហាររបស់កម្ពុជាក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ហើយបានកោតសរសើរចំពោះស្មារតីរួមគ្នារបស់រដ្ឋនិងរាស្ត្រ ក្នុងកិច្ចការពារ និងថែរក្សាប្រាសាទបុរាណនេះ ដែលជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភពលោកផង អំឡុងជម្លោះព្រំដែនកាលពីឆ្នាំ២០២៥។

ប្រាសាទព្រះវិហារកម្ពុជា ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដោយអង្គការយូណេស្កូ (UNESCO) ហើយគិតមកដល់ពេលនេះមានរយៈពេល១៨ឆ្នាំ។
ព្រះករុណាព្រះមហាក្សត្រតាមរយៈព្រះរាជសារនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានសម្តែងនូវហឫទ័យសោមនស្សរីករាយ និងអបអរសាទរនៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ១៨ឆ្នាំនៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលការចុះបញ្ជីនេះ ព្រះរាជា មានព្រះរាជបន្ទូលថា «ជួយថែរក្សា និងអភិរក្សប្រាសាទព្រះវិហារឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។

ព្រះករុណាព្រះមហាក្សត្រ ក៏បានរំលឹកចំពោះព្រះរាជតម្រិះរបស់ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។
គួរឱ្យដឹងថា ការសម្រេចរបស់អង្គការយូណេស្កូ គឺជាជោគជ័យដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បន្ទាប់ពីការទាមទារសិទ្ធិក្នុងការគ្រប់គ្រងប្រាសាទព្រះវិហារឡើងវិញពីប្រទេសថៃកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហន។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេច និងប្រកាសជាផ្លូវការថាប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងទឹកដី និងស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា មិនមែនជារបស់ថៃឡើយ ពោលគឺប្រកាសប្រគល់ភាពជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។
ជម្លោះព្រំដែនក្បែរតំបន់ប្រាសាទព្រះវិហារនេះ ក៏បានកើតឡើង នៅខែកក្កដា ឆ្នាំ២០០៨ ក្រោយពេលទាហានថៃបានចូលឈ្លានពានទឹកដីខ្មែរ ដែលជម្លោះជាថ្មីពេលនោះបន្ទាប់ពីអង្គការយូណេស្កូបានដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ បានផ្ទុះឡើងជាច្រើនលើក បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសទាំងសងខាង។

ក្នុងឆ្នាំ២០២៥ ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា ក៏បានផ្ទុះឡើងជាថ្មីម្ដងទៀត ហើយប្រាសាទព្រះវិហារ ក៏បានក្លាយជាគោលដៅនៃការវាយប្រហារដោយយោធាថៃ។ សង្គ្រាមថៃ-កម្ពុជាចំនួន២លើកកន្លងទៅថ្មីៗនេះ ប្រាសាទព្រះវិហារដែលស្ថិតនៅជួរភ្នំដងរែក ក្នុងខេត្តព្រះវិហារ នៃដែនអធិបតេយ្យរបស់កម្ពុជា ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលដោយអាវុធធន់ធ្ងន់គ្រប់ប្រភេទរបស់យោធាថៃ។

ព្រះករុណាព្រះមហាក្សត្រ ក៏បានគូសរំលេចពីបញ្ហាជម្លោះនេះនៅក្នុងព្រះរាជសារផងដែរ។ ព្រះករុណាមានព្រះរាជបន្ទូលថា ក្រោយពីទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់បរទេស ព្រះអង្គសូមកោតសរសើរនិងអរគុណចំពោះប្រជាជាតិកម្ពុជាទាំងអស់ក្រោមកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ។
ព្រះរាជសាររបស់ព្រះរាជា ក៏បានលើកពីយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងមនសិការស្នេហាជាតិ និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះ ស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាជានិរន្តរ៍ ក្រោយពីជម្លោះតាមព្រំដែន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


