ព័ត៌មានជាតិ
ខួប១៨ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក អ្នកវិភាគជំរុញ UNESCO គួរមានវិធានការជាក់ស្ដែងជាងបច្ចុប្បន្នតបទៅថៃ
អ្នកវិភាគបញ្ហានយោបាយ និងសង្គមបានជំរុញឱ្យសហគមន៍អន្តរជាតិ ជាពិសេសអង្គការ UNESCO គួរមានវិធានការបន្ថែមជាក់ស្ដែងជាងពេលបច្ចុប្បន្នតបទៅនឹងសកម្មភាពរបស់ថៃដែលបានបំផ្លាញប្រាសាទព្រះវិហារក្នុងសង្គ្រាមឈ្លានពានទឹកដីកាលពីឆ្នាំ២០២៥កន្លងទៅ។ កាលលើកឡើងនេះក្នុងពេលរម្លឹកខួប១៨ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។

អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត យង់ ពៅ បានបង្ហាញអារម្មណ៍សោកសង្រេងចំថ្ងៃខួបនេះដោយសារប្រាសាទព្រះវិហារពេលនេះត្រូវរងការខូចខាតជាដំណំពីស្លាកស្នាមនៃសង្គ្រាមឈ្លានពានរបស់ថៃកាលពីឆ្នាំ២០២៥កន្លងទៅ។
លោកថា៖ «គ្មានចំណុចណាមួយនៃប្រាសាទព្រះវិហារដែលមិនរងគ្រាប់កាំភ្លើង អាវុធពីប្រទេសថៃទេ។ ខ្ញុំមានក្ដីសោកសង្រេងសោកស្ដាយជាពន់ពេកចំពោះការបំផ្លាញនេះ»។
លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការ UNESCO គួរមានវិធានការជាក់ស្ដែងជាបន្ទាន់លើសពីពេលបច្ចុប្បន្ន។
លោកថា៖ «វិធានការជាក់ស្ដែងមានន័យថាការជួសជុលជាបន្ទាន់ គួរតែមានការស្ដីបន្ទោសភាគីដែលបំផ្លាញបេតិកភណ្ឌដោយមិនបានខ្លាចរអាដែលមិនកោតក្រែងដោយមិនយល់ពីគុណតម្លៃនៃបេតិកភណ្ឌពិភពលោកគួរតែមានចេញលិខិតថ្កោលទោសទៅលើប្រទេសថៃនិយាយឱ្យចំទៅលើការបំផ្លាញនេះមិនគួរអង្គការ UNESCO នៅស្ងៀមមិនប្រតិកម្មទាល់តែសោះ»។

លោកបណ្ឌិត យង់ ពៅ ថានេះជារឿងដែលគួរឱ្យសោកស្ដាយមួយដែលអង្គការពិភពលោកដែលធ្វើការជំនាញលើបេតិកភណ្ឌពិភពលោកព្រងើយកន្តើយចំពោះសកម្មភាពរបស់ប្រទេសមួយដែលបំផ្លាញលើបេតិកភណ្ឌពិភពលោកបែបនេះ។
សម្រាប់អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង យល់ថាខួប១៨ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកគឺជាជ័យជម្នះផ្នែកការទូត និងផ្លូវច្បាប់ដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប បង្ហាញពីការទទួលស្គាល់តម្លៃសាកល អំពីសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ និងបញ្ជាក់យ៉ាងច្បាស់នូវអធិបតេយ្យភាពរបស់កម្ពុជាលើតំបន់នោះផងដែរ។ ទោះជាយ៉ាងស្លាកស្នាមនៃសង្គ្រាមឈ្លានពានដែលបានបំផ្លិចបំផ្លាញមរតកវប្បធម៏មួយនេះគឺជាទង្វើដែលផ្ទុយទាំងស្រុងនឹងធម្មនុញ្ញរបស់ UNESCO និងច្បាប់អន្តរជាតិ។ លោកថា៖ «រាល់ការបំផ្លិចបំផ្លាញលើប្រាសាទព្រះវិហារមិនមែនគ្រាន់តែជាការខូចខាតដុំថ្ម ឬក្បាច់ចម្លាក់នោះទេ ប៉ុន្ដែវាគឺជា ការរំលោភលើដួងព្រលឹងវប្បធម៌។ ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងបំផុត»។
លោកថាប្រទេសថៃដែលជាអ្នកបំផ្លាញសម្បត្តិពិភពលោកមួយនេះត្រូវតែទទួលខុសត្រូវខាងសីលធម៌ និងផ្នែកហិរញ្ញវត្ថុសម្រាប់ការជួសជុល និងស្ដារឡើងវិញ និងត្រូវបញ្ជាក់ថានឹងមិនមានការឈ្លានពានលើបេតិកភណ្ឌនេះជាលើកទី២ទេ។

ដោយឡែក UNESCO និងសហគមន៍អន្តរជាតិត្រូវដើរតួនាទីជាអាជ្ញាកណ្ដាលដ៏តឹងរ៉ឹងដោយប្រើប្រាស់យន្តការតាមដានស្ថានភាពបេតិកភណ្ឌឱ្យបានទៀងទាត់ ត្រូវផ្ដល់ជំនួយបច្ចេកទេស និងថវិការសម្រាប់ការជួសជុលប្រាសាទដែលរងការខូចខាត និងត្រូវមានយន្តការដាក់ទណ្ឌកម្ម ឬថ្កោលទោសជាផ្លូវការចំពោះសកម្មភាពបំផ្លាញផងដែរ។
លោកសរសេរឆ្លើយនឹងសំណួរកម្ពុជាថ្មីយ៉ាងដូច្នេះថា៖ «ប្រាសាទព្រះវិហារមិនមែនគ្រាន់តែជាមរតករបស់ខ្មែរប៉ុណ្ណោះទេ តែជាមរតករបស់ពិភពលោក។ ការថែរក្សាប្រាសាទនេះឱ្យគង់វង្ស គឺជាកាតព្វកិច្ចរួមរបស់សាកលលោក។ ក្នុងនាមជាកូនខ្មែរ ការចូលរួមការពារអធិបតេយ្យភាព និងមរតកវប្បធម៌តាមរយៈការកសាងសមត្ថភាពជាតិ និងការប្រើប្រាស់ច្បាប់អន្តរជាតិ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ភាពរុងរឿងនាពេលអនាគត»។

ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកជំាក្សាន្ត ខេត្តព្រះវិហារ កម្ពុជា ត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ក្រោយពីបានដាក់បញ្ចូលប្រាសាទនេះរងការបំផ្លាញ៣ដងពីថៃ នៅឆ្នាំ២០២៥ជាពេលដែលថៃបានបំផ្លាញខ្លាំងបំផុតដែលមានទាំងទម្លាក់គ្រាប់បែកពីលើយន្តហោះ និងផ្លោងគ្រាប់ទំងន់ធ្ងន់ដាក់លើប្រាសាទនេះផងដែរ។ យោងតាមរបាយការណ៍អាជ្ញាធរព្រះវិហារក្នុងសង្គ្រាម២លើឆ្នាំ២០២៥ ប្រាង្គប្រាសាទសរុបចំនួន ៥៦២កន្លែងត្រូវបានរងការវាយប្រហារ។ ស្លាកស្នាមលើប្រាសាទបង្កឡើងដោយការឈ្លានពាននេះត្រូវចំណាយពេលពី២០ទៅ៣០ឆ្នាំក្នុងការជួសជុលឱ្យរឹងមាំឡើងវិញ និងត្រូវចំណាយលុយរាប់សិបលានដុល្លារអាមេរិក៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


