ព័ត៌មានជាតិ
អាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីអបអរសាទរខួប១៨ឆ្នាំ ការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមប្រធានបទ ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ
កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរខួប១៨ ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦) ក្រោមប្រធានបទ «ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ»។

ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Flavio BONETTI ប្រធានការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា និងតំណាងទូតនៃបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ ICC-Preah Vihear ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ មេបញ្ជាការ មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានប្រមាណ៥០០នាក់។

ពិធីអបអរសាទរខួប១៨ឆ្នាំនេះ បានរំលឹកឡើងវិញនូវតម្លៃលេចធ្លោជាសកលនៃប្រាសាទព្រះវិហារ ព្រមទាំងសមិទ្ធផលនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិទាំងអស់បានខិតខំប្រឹងប្រែងសម្រេចបានក្នុងរយៈពេល១៨ឆ្នាំកន្លងមក។ ការខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាបេតិកភណ្ឌដ៏មានតម្លៃនេះ។ ទន្ទឹមនឹងនេះ អង្គពិធីក៏បានរំលឹកអំពីវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបានបង្កឡើងកាលពីឆ្នាំ២០២៥កន្លងទៅ ចំពោះបេតិកភណ្ឌពិភពលោក ដោយបានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង។ លើសពីនេះ វិនាសកម្មនេះបានបង្ខំប្រជាជនប្រមាណ ១៦ ០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានក្នុងតំបន់បេតិកភណ្ឌពិភពលោក ខូចខាតផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀត ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍តំបន់ទាំងមូល។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ ពិសេសនឹងបន្តកិច្ចការអភិរក្ស ជួសជុលប្រាសាទព្រះវិហារ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ជាមួយគ្នានេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានណែនាំអាជ្ញាធរជាតិព្រះវិហារ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធកម្រិតជាតិ និងដៃគូអន្តរជាតិ ដើម្បីបន្តបេសកកម្មថែរក្សា អភិរក្ស និងជួសជុលប្រាសាទ ការស្តារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍។

លោកស្រីរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរពាក់ព័ន្ធចំពោះការធានាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអង្គការយូណេស្កូ និងដៃគូអន្តរជាតិនានា ដែលបានចូលរួមជួយសង្គ្រោះបន្ទាន់ និងជួសជុលប្រាសាទព្រះវិហារឡើងវិញ។ លោកស្រីក៏បានអំពាវនាវដល់ដៃគូជាតិ និងអន្តរជាតិទាំងអស់ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តបេសកកម្មនេះឱ្យបានជោគជ័យ។
លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងអំពីការអនុវត្តផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ស្របតាមអនុសាសន៍របស់អ្នកជំនាញការអង្គការយូណេស្កូ និង ICC-Preah Vihear។ ផែនការនេះរួមមាន៖ ការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម ដែលជាជំហានដំបូងដើម្បីធានាសុវត្ថិភាព។ បន្ទាប់មក គឺការទល់ទ្រសង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្តទៀត ការប្រមូលបំណែកថ្ម និងចម្លាក់រក្សាទុកសម្រាប់អភិរក្ស និងជួសជុល ការថតឯកសារ 3D ប្រាសាទទាំងមូល ដើម្បីទុកជាទិន្នន័យសំខាន់សម្រាប់ការងារស្តារឡើងវិញ និងការស្តារប្រព័ន្ធផ្លូវទឹកបុរាណ ដែលជាផ្នែកមួយដ៏សំខាន់នៃស្ថាបត្យកម្មប្រាសាទ។ កិច្ចការទាំងអស់នេះបានទទួលការចូលរួមឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលកម្ពុជា អង្គការយូណេស្កូ អង្គការ ALIPH និងស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំអង្គការយូណេស្កូ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិដ៏រឹងមាំ។

ទន្ទឹមនឹងនេះ លោកអគ្គនាយកក៏បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ក្នុងការបន្តជួសជុលប្រាសាទ ការស្តារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ឡើងវិញ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ លោកក៏បានដាស់តឿនបំផុសស្មារតីសាមគ្គីភាពជាតិដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តរួមគ្នាថែរក្សាការពារមរតកដូនតាឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
អត្ថបទ៖ ជុន កុសល





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


