Connect with us

ព័ត៌មានជាតិ

អង្គការ AHF និងអង្គការក្នុងស្រុក ១៤ ផ្សេងទៀត ដាក់សំណើ ៦ ចំណុច ឲ្យសហភាពអឺរ៉ុបបញ្ឈប់ការរារាំងការទទួលបានសេវាសុខភាពដោយសមធម៌

បានផុស

នៅ

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា និងអង្គការក្នុងស្រុកចំនួន ១៤ ផ្សេងទៀត បានដាក់សំណើចំនួន ៦ ចំណុច អំពាវនាវឲ្យបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបបញ្ឈប់ការរារាំងការទទួលបានសេវាសុខភាពប្រកបដោយសមធម៌ ខណៈកិច្ចប្រជុំលើកទី ៦ នៃសម័យប្រជុំក្រុមការងារអន្តររដ្ឋាភិបាល (ផ្នែកខ) នឹងប្រព្រឹត្តចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់សំណើ ៦ ចំណុច និងជាឱកាសចុងក្រោយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ ក្នុងកិច្ចប្រជុំជាមួយដៃគូ និងបណ្តាញសារព័ត៌មាន ដើម្បីជំរុញឲ្យរដ្ឋជាសមាជិក អង្គការសុខភាពពិភពលោក (WHO) ធ្វើការពិនិត្យបញ្ចប់នូវឧបសម្ព័ន្ធការចូលប្រើប្រាស់ និងការអាចទទួលបានការចែករំលែក អត្ថប្រយោជន៍ សំណាកមេរោគ (PABS) ដែលឧបសម្ព័ន្ធនេះនឹងភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO មុនកិច្ចប្រជុំលើកទី ៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) បានមានប្រសាសន៍ថា ការដាក់សំណើទៅកាន់សហភាពអឺរ៉ុបនេះក្នុងគោលបំណងសំខាន់គឺដើម្បីឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឈន៍ទទួលបាលសេវាសុខភាពសាធារណៈប្រកបដោយសមធម៏ និងដោយតម្លាភាពដូចជា វ៉ាក់សាំង និងឱសថព្យាបាលជំងឺផ្សេងៗ ពេលមានការរាតត្បាតជំងឺឆ្លងកើតឡើងជាសកល ខណៈកន្លងមក បណ្តាប្រទេសជឿនលឿនមួយចំនួនគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានយកចិត្តទុកដាក់ដល់ប្រទេសក្រីក្រឡើយ។

លោកវេជ្ជបណ្ឌិត បានបន្តថា «បើគ្មានកិច្ចព្រមព្រៀងដ៏រឹងមាំ និងអាចអនុវត្តបាននោះទេ ពិភពលោក នឹងប្រឈមនឹងការបរាជ័យម្តងទៀតដូចដែលយើងធ្លាប់បានបរាជ័យក្នុងយុគសម័យ នៃជំងឺកូវីដ-១៩ ខណៈពេលដែលយើងមិនអាចទទួលបានដោយសមភាពនូវការប្រើប្រាស់មធ្យោបាយសង្គ្រោះជីវិត ដែលបានបន្សល់ទុកឲ្យប្រទេសជាច្រើនប្រឈមមុខនឹងការរីករាលដាល នៃជំងីឆ្លងជាសកលនេះ»។

សូមរំលឹកថា កិច្ចព្រមព្រៀងស្តីពីជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ ២០២៥ មិនអាចឈានទៅមុខបានទេ បើគ្មានឧបសម្ព័ន្ធ ការចូលប្រើប្រាស់ និងការទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ(PABS) ដែលនៅក្នុងឧបសម្ព័ន្ធមានចែងពីការគ្រប់គ្រងក្នុងការផ្តល់សំណាកភ្នាក់ងារមេរោគបង្ករជំងឺ និងទិន្នន័យហ្សែនត្រូវបានចែកអត្ថប្រយោជន៍ដែលទទួលបាន រួមទាំងវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ត្រូវបានប្រគល់ជូនវិញដោយស្មើភាព។

កិច្ចប្រជុំចរចា នាពេលខាងមុខ ជាឱកាសចុងក្រោយដែលបានកំណត់ពេលដើម្បីបញ្ចប់នូវកិច្ចព្រមព្រៀងអ្វីដែលគួរតែមាននូវក្នុងឧបសម្ព័ន្ធនេះ ដើម្បីឲ្យការចូលប្រើប្រាស់ និងកាអាចទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ (PABS) ទទួលបានដោយសមធម៌ មុនពេលមានកិច្ចប្រជុំមហាសន្និបាត សុខភាពពិភពលោកក្នុងខែឧសភា មកដល់ ដែលជាពេលវេលាមួយដ៏សំខាន់ ខណៈពេលដែលបទប្បញ្ញត្តិ សមធម៌សំខាន់ៗ ផ្សេងៗ ដែលមាននូវក្នុងឧបសម្ព័ន្ធមិនទាន់បានដោះស្រាយ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា លទ្ធផល នៃការចរចាទាំងនេះ នឹងកំណត់ថា តើការឆ្លើយតប នៃជំងឺរាតត្បាតនាពេលអនាគត បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្ភ ជាសកល និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយពីមួយទៅមួយទៀត ត្រូវបានជំរុញដោះស្រាយដោយសមធម៌ទទួលសេវាសុខភាព និងកិច្ចសហប្រតិបត្តិការ ឬត្រូវបាន ពន្យារពេល ការមើលរំលង មិនដោះស្រាយ និងវិសមភាព។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឲ្យដឹងដែរថា សំណើសំខាន់ៗ ទៅកាន់រដ្ឋសមាជិក អង្គការសុខភាពពិភពលោក ក៏ដូចជាសហភាពអឺរ៉ុប រួមមាន ទី១.គ្មានសមធម៌ គ្មានកិច្ចព្រមព្រៀង ៖ កិច្ចព្រមព្រៀងជំងឺរាតត្បាតមិនអាចឈានទៅមុខបានទេបើគ្មានឧបសម្ព័ន្ធ PABS ដែលមានកាតព្វកិច្ចដែលធានាការចែករំលែកអត្ថប្រយោជន៍ដែលអាចអនុវត្តបាននៅគ្រប់ដំណាក់កាលទាំងអស់រួមមានដូចជា ជំងឺរាតត្បាតនាពេលអនាគត បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជាសកល (PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយ ពីមួយទៅមួយទៀត។ ទី២.ការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ចក្នុងអំឡុងពេលមាន បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្ភជាសកល (PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយពីមួយទៅមួយទៀត ៖ ភាពច្បាស់លាស់ និងមានការយល់ព្រមទុកជាមុន (ឧទាហរណ៍ មិនត្រូវបានពន្យារពេលដល់ការចរចាទ្វេភាគីរវាង WHO និងក្រុមហ៊ុនផលិត) គួរតែត្រូវបានរួមបញ្ចូលនូវចំនួនភាគរយ នៃវ៉ាក់សាំងដែលបានកំណត់ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល អាជ្ញាប័ណ្ណដែលបានចរចាជាមុន និងការផ្ទេរចំណេះដឹង/បច្ចេកវិទ្យាការចូលរួមវិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំ និងការចូលប្រើប្រាស់ជាសាធារណៈចំពោះលទ្ធផលមិនមែនសម្រាប់ការធ្វើជំនួញ។ ទី៣.កិច្ចសន្យាស្តង់ដារ ៖ ដើម្បីធានាបាននូវការចុះបញ្ជីអ្នកប្រើប្រាស់ ការតាមដានប្រភពការទទួលខុសត្រូវ និងការអនុវត្តបាន នីតិវិធីសំខាន់ៗ ក្នុងកិច្ចសន្យាមានស្តង់ដារ ត្រូវតែចរចាជាមុនដោយប្រទេសនីមួយៗ ដោយមិនគួរទុកឲ្យមានការចរចាទ្វេភាគីរវាងអង្គការ WHO និងអ្នកទទួលផលទេ។ ទី៤.គ្មានការចុះឈ្មោះ គ្មានការចូលប្រើប្រាស់ ៖ ប្រទេសនានា ត្រូវតែគាំទ្រការចុះឈ្មោះអ្នកប្រើប្រាស់ជាកាតព្វកិច្ច ការតាមដានប្រភពប្រើប្រាស់ និងកិច្ចព្រមព្រៀងចូលប្រើទិន្នន័យ ដើម្បីការពារប្រព័ន្ធ និង ធានាថាវាមិនអាចត្រូវបានប្រើប្រាស់ដោយអនាមិកបាន។ ទី៥.បដិសេធប្រព័ន្ធផ្លូវពីរ ៖ ការប្រើប្រាស់វិធីសាស្ត្រ “hybrid” ឬវិធីសាស្ត្រទ្វេដង (dual track) ដែលបំបែកការទទួលបានព័ត៌មាន ឬធនធានចេញពីការចែករំលែកអត្ថប្រយោជន៍ នឹងបង្កឲ្យមានចន្លោះប្រហោង បន្ថយភាពរឹងមាំ នៃប្រព័ន្ធ និងអនុញ្ញាតឲ្យមានការគេចវេសពីកាតព្វកិច្ច និង ទី៦.គាំទ្រវិធីសាស្រ្តសុខភាពសាធារណៈចំពោះកម្មសិទ្ធិបញ្ញា ៖ កម្មសិទ្ធិបញ្ញា (IP) ត្រូវតែដឹកនាំដោយតម្រូវការសុខភាពសាធារណៈ ៖ ការប្រើប្រាស់ទាំងឡាយណាដែលមិនមែនជាពាណិជ្ជកម្ម មិនគួរបង្កើតកម្មសិទ្ធិបញ្ញាលើធនធាន ឬលទ្ធផលដែលត្រូវបានចែករំលែកជាសាធារណៈឡើយ នៅពេលដែលកម្មសិទ្ធិបញ្ញាកើតឡើងពីការប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម ការអនុញ្ញាតប្រើប្រាស់គួរតែត្រូវតែផ្តល់សិទ្ធិជូនអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការចេញអាជ្ញាប័ណ្ណបន្ត ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ហើយគ្មានកម្មសិទ្ធិបញ្ញាណាមួយគួររារាំងអ្នកដទៃពីការប្រើប្រាស់សម្ភារៈដែលបានចែករំលែកឡើយ។

គួរបញ្ជាក់ថា កិច្ចប្រជុំស្តីពីយុទ្ធនាការស្វែងរកការគាំទ្រកិច្ចព្រមព្រៀងក្នុងការទទួលបានសេវាសុខភាពប្រកបដោយសមធម៏នេះ ត្រូវបានរៀបចំឡើងស្របពេលជាមួយគ្នានៅតាមបណ្តាប្រទេសជាសមាជិករបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ចំនួន ៥០ រួមទាំងសហរដ្ឋអាមេរិក និងអាហ្វ្រិក អាមេរិកឡាទីន/ការ៉ាប៊ីន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត ដើម្បីអំពាវនាវដល់ប្រទេសសមាជិកអង្គការសុខភាពពិភពលោក ក៏ដូចជាសហគមន៍អឺរ៉ុបទទួលយកសំណើពីអង្គការ AHF និងអង្គការនានា ដើម្បីឲ្យប្រទេសក្រីក្រទទួលបានសេវាសុខភាពដោយសមធម៌៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម