ព័ត៌មានជាតិ
សមាគមសិល្បករខ្មែរ ពង្រឹងកិច្ចសហការលើសុខុមាលភាពសិល្បករ និងផ្សព្វផ្សារការយល់ដឹងពីសុខភាពដល់ពលរដ្ឋ
កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សមាគមសិល្បករខ្មែរ និងមន្ទីរពេទ្យអឃីត កោះពេជ្រ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ដើម្បីរួមគ្នាលើកកម្ពស់សុខុមាលភាពសិល្បករ សិល្បការិនី និងជំរុញការផ្សព្វផ្សាយការយល់ដឹងអំពីសុខភាពដល់ប្រជាពលរដ្ឋ។

ពិធីចុះហត្ថលេខានេះ មានការចូលរួមពីថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, ឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធាន និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមសិល្បករខ្មែរ និងលោក ម៉ា អ៊ែមមឺសិន ម៉ានី នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីត និងជានាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុងឱកាសនោះ ឧកញ៉ា គិត លីច័ន្ទផាន់ណា តំណាងថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានលើកឡើងថា កិច្ចសហការនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខភាព និងគុណភាពជីវិតរបស់សិល្បករ សិល្បការិនី ជាពិសេសសិល្បកររៀមច្បង ដែលបានចូលរួមចំណែកអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិអស់រយៈពេលជាច្រើនឆ្នាំ។ ឧកញ៉ា គិត លីច័ន្ទផាន់ណា បញ្ជាក់ថា ៖«សិល្បករ សិល្បការិនី គឺជាធនធានដ៏មានតម្លៃរបស់សង្គម និងជាអ្នកថែរក្សាអត្តសញ្ញាណជាតិខ្មែរ។ ការយកចិត្តទុកដាក់លើសុខភាព សេចក្ដីថ្លៃថ្នូរ និងសុខុមាលភាពរបស់ពួកគាត់ គឺជាកាតព្វកិច្ចដែលយើងទាំងអស់គ្នាត្រូវរួមគ្នាគាំពារ និងថែរក្សា»។

តាមរយៈអនុស្សរណៈយោគយល់នេះ សមាជិកសមាគមសិល្បករខ្មែរ នឹងទទួលបានអត្ថប្រយោជន៍លើសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ព្រមទាំងលក្ខខណ្ឌអនុគ្រោះមួយចំនួនផ្សេងទៀត។
លោក ម៉ា អ៊ែមមឺសិន ម៉ានី នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីត បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកសុខភាពទៅកាន់សាធារណជន តាមរយៈការចូលរួមផ្សព្វផ្សាយសារសុខភាពដោយសមាគមសិល្បករខ្មែរ ដែលមានឥទ្ធិពលវិជ្ជមានដល់មហាជន។ លោកបានថ្លែងថា៖«ក្នុងនាមជាមន្ទីរពេទ្យខ្មែរ យើងមានមោទនភាពក្នុងការប្រើប្រាស់ចំណេះជំនាញ និងវិជ្ជាជីវៈ មកបម្រើជាតិមាតុភូមិ ដោយភាពស្មោះត្រង់ និងទំនុកចិត្ត។ រាល់ការខិតខំប្រឹងប្រែងរបស់យើង គឺដើម្បីធានាបាននូវសុខសុវត្ថិភាព សុខភាព និងស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ»។

សមាគមសិល្បករខ្មែរ ក៏បានបញ្ជាក់ដែរថា នឹងបន្តស្វែងរកកិច្ចសហការនានា ដើម្បីគាំទ្រសិល្បករ សិល្បការិនី លើផ្នែកសុខុមាលភាព សង្គមកិច្ច និងការអភិវឌ្ឍជីវភាព ខណៈខាងមន្ទីរពេទ្យ ក៏នឹងបន្តបេសកកម្មផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងការយកចិត្តទុកដាក់ខ្ពស់ជូនដល់ប្រជាជនកម្ពុជា៕




-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១១ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


