ព័ត៌មានជាតិ
ក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ ជំរុញអ្នកពាក់ព័ន្ធ ត្រូវតាមដានលើបញ្ហា Online Scams និងបន្តយកចិត្តទុកដាក់លើសុខភាពគ្រួសារកងទ័ពជួរមុខ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បានជំរុញណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដាន និងបោសសម្អាតកុំឱ្យមានក្នុងមូលដ្ឋាន ចំពោះករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់គ្រួសារវីរកងទ័ពជួរមុខដែលរស់នៅក្នុងមូលដ្ឋាន ដោយជំរុញធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅដល់វីរកងទ័ពកំពុងឈរជើងការពារទឹកដីឆ្ងាយពីក្រុមគ្រួសារ។

ក្នុងកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពចំពោះជនបរទេសស្នាក់នៅក្នុងភូមិសាស្ត្រស្រុកអង្គរធំ និងការផ្ដល់សេវាសុខភាពជូនគ្រួសារវីរកងទ័ព កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦ នៅស្រុកអង្គរធំ ខេត្តសៀមរាប លោក ម៉ក់ សីហា និង លោក គង្គ ប៊ុនធឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បានណែនាំដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ព និងគ្រួសារវីរកងទ័ព ដើម្បីជាការតបស្នងសងគុណដល់ពួកគាត់ ក្នុងកិច្ចការពារបូរណភាពទឹកដី។ ត្រូវផ្សារភ្ជាប់ទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រុមគ្រួសារវីរកងទ័ព និងជនភៀសសឹក ស្វែងយល់ពីសុខទុក្ខ ជីវភាពប្រចាំថ្ងៃ និងការងារមុខរបររបស់ពួកគាត់ គ្រប់មណ្ឌលសុខភាព នៃឃុំទាំងបួន និងត្រូវផ្ដល់អាទិភាពពិសេសដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខក្នុងការពិនិត្យព្យាបាលជំងឺផ្សេងៗ។


លោកទាំងពីរ ក៏បានណែនាំដល់ រដ្ឋបាលឃុំ មេភូមិ និងម្ចាស់ទីតាំងដែលជួលឱ្យជនបរទេសនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវពិនិត្យ និងអនុវត្តឱ្យស្របទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យធ្វើយ៉ាងណាត្រូវក្ដាប់ឱ្យបានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងអ្នកវិនិយោគ ដោយខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងអ្នកវិនិយោគចូលមកបណ្ដាក់ទុនទៅលើគ្រប់វិស័យ។ ផ្ដើមចេញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានា បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងធ្វើឱ្យបទល្មើសនេះត្រូវបានកាត់បន្ថយ និងលុបបំបាត់ចេញពីក្នុងភូមិសាស្ត្រសំខាន់ៗ ជាច្រើន ដែលធ្វើឱ្យសន្តិសុខក្នុងសង្គមកម្ពុជាទាំងមូលមានភាពល្អប្រសើរ។

លោកទាំងពីរ សង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវបន្តធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែស៊ីជម្រៅទៅដល់ប្រជាពលរដ្ឋអំពីកលល្បិចការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបន្តអនុវត្តឱ្យបានផុលផុសថែមទៀត ទៅតាមច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ ឱ្យមានប្រសិទ្ធភាពខ្ពស់ សំខាន់លើការអប់រំប្រជាពលរដ្ឋ និងស្រទាប់យុវជន និងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលនៅសេសសល់ និងអ្នកមានការពាក់ព័ន្ធ ដើម្បីយកមកធ្វើការផ្ដន្ទាទោសតាមច្បាប់។

លោកទាំងពីរ ក៏បានវាយតម្លៃខ្ពស់ពីសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចដែលធ្វើការបង្ក្រាបបានទាន់ពេលវេលាចំពោះក្រុមជនជាតិចិនដែលរត់គេចខ្លួនពីសមត្ថកិច្ច ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចូលមកក្នុងភូមិសាស្ត្រស្រុកអង្គរធំ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តសៀមរាប៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


