Connect with us

ព័ត៌មានជាតិ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ប្រជុំធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយច្បាប់សំខាន់ៗ ដល់កងកម្លាំងយោធា

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបច្ចុប្បន្នភាពដល់នាយ នាយទាហានរង និងពលទាហាន ដែលកំពុងបម្រើការនៅក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ ដោយមានការចូលរួមពីកងកម្លាំងពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ ការយល់ដឹងផ្នែកច្បាប់ និងការអនុវត្តវិន័យរបស់កងកម្លាំងយោធា ឲ្យកាន់តែមានប្រសិទ្ធភាព សមស្របតាមតម្រូវការការងារនាពេលបច្ចុប្បន្ន និងអនាគត។ ជាពិសេស វាជាវេទិកាសម្រាប់ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងប្តេជ្ញាចិត្តក្នុងការអនុវត្តភារកិច្ចការពារសន្តិសុខ និងសន្តិភាពជាតិ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានធ្វើការសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់នាយ នាយទាហានរង និងពលទាហានទាំងអស់ ដោយបានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការបំពេញភារកិច្ចរបស់កងកម្លាំងក្នុងរយៈពេលកន្លងមក។ លោកក៏បានណែនាំឲ្យបន្តរក្សាឯកភាពភាពរឹងមាំ ស្មារតីវិន័យ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ចជូនជាតិ និងប្រជាជន។

ជាមួយគ្នានេះ លោកមេបញ្ជាការ បានអប់រំផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់សំខាន់ៗ មួយចំនួន ដែលជាគោលការណ៍ដឹកនាំសម្រាប់កងយោធពលខេមរភូមិន្ទ រួមមាន ច្បាប់កាតព្វកិច្ចយោធា ដែលកំណត់អំពីតួនាទី និងភារកិច្ចរបស់ប្រជាពលរដ្ឋក្នុងការពារជាតិ ច្បាប់សោធននិវត្តន៍ ដែលពាក់ព័ន្ធនឹងសិទ្ធិ និងអត្ថប្រយោជន៍បន្ទាប់ពីបញ្ចប់អាជីពសេវាកម្មយោធា និងច្បាប់បញ្ញត្តិទូទៅរបស់កងយោធពលខេមរភូមិន្ទ ដែលកំណត់អំពីវិន័យ របៀបរៀបចំ និងការគ្រប់គ្រងកងកម្លាំងយោធា។

លោកសង្កត់ធ្ងន់ថា ច្បាប់ទាំងនេះ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរពវិន័យ និងការអនុវត្តតួនាទីរបស់កងកម្លាំងឲ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ និងបទបញ្ជាដែលបានកំណត់។ វាក៏ជាមូលដ្ឋានសម្រាប់ការកសាងកងកម្លាំងយោធាឲ្យមានវិជ្ជាជីវៈ មានសីលធម៌ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញបេសកកម្ម៕
អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម